កីឡាជាតិ
ជាតិ
ទីលាន​បាល់ទាត់​មរតក​តេ​ជោ​ស្ថាបនា​បាន​៥០​ភាគរយ ខណៈ​កម្ពុជា​ស្នើ​ចិន​ជួយ​គ្រប់គ្រង​ដល់​ឆ្នាំ​២០២៣
14, May 2019 , 9:39 pm        
រូបភាព
លោក ថោង ខុន ថ្លែងក្នុងពិធីអបអរការបញ្ចប់ការដំឡើងបង្គំសំខាន់ៗនៃពហុកីឡដ្ឋានជាតិមរតកតេជោ​, រូបភាពពី NOCC
លោក ថោង ខុន ថ្លែងក្នុងពិធីអបអរការបញ្ចប់ការដំឡើងបង្គំសំខាន់ៗនៃពហុកីឡដ្ឋានជាតិមរតកតេជោ​, រូបភាពពី NOCC
ដោយ:
​ទីលាន​បាល់ទាត់​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​សមិទ្ធផល​ដំណាក់កាល​ទី​២ ស្ថាបនា​រួចរាល់​បាន​ប្រមាណ​៥០​ភាគរយ​ហើយ​គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា​នេះ​។ ពហុ​កីឡដ្ឋាន​នេះ គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០ ខណៈ ថ្នាក់ដឹកនាំ​កម្ពុជា គ្រោង​ស្នើ​រដ្ឋាភិបាល​ចិន ជួយ​គ្រប់គ្រង និង​មើលថែ​រហូតដល់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​។​

 
​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​វាយតម្លៃថា ទីលាន​បាល់ទាត់​ពហុ​កីឡដ្ឋាន​ជាតិ​មរ​ត​ត​តេ​ជោ ដែលជា​សមិទ្ធផល​ដំណាក់កាល​ទី​២ ស្ថាបនា​បាន​ប្រមាណ​៥០​ភាគរយ​ហើយ គិត​ត្រឹម​ពាក់កណ្តាល​ខែឧសភា​នេះ ក្រោយ​បើក​ការដ្ឋាន​សាង​កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៧​។ ការវាយតម្លៃ​នេះ​ពេល លោក ចូលរួម​ក្នុង​កម្មវិធី​អបអរ​នៃ​ការបញ្ចប់​ការដំឡើង​គ្រឿង​បង្គំ​សំខាន់ៗ នៃ​ពហុ​កីឡដ្ឋាន​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​។ 


 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ​បន្ថែមថា ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​មួយ​នេះ​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២០​។ ប៉ុន្តែ​លោក​គ្រោង​ស្នើ​ឲ្យ​ភាគ​ចិន​ជួយ​គ្រប់គ្រង និង​មើលថែ​រហូតដល់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​
 
«​ដំណើរការ​សាងសង់​កីឡដ្ឋាន​សម្រេចបាន​៥០​ភាគរយ ការដំឡើង​ថាស​បង្គំ​កៅអីអង្គុយ​សម្រេចបាន​៧០​ភាគរយ សម្ភារ​បរិក្ខា​សាងសង់​សម្រាប់​ប្រើប្រាស់​ដំណើរការ​សាងសង់ និង​គ្រឿង​បង្គំ គឺ​បាន​នាំចូល​មកដល់​ការដ្ឋាន​១០០​ភាគរយ​។ ការដ្ឋាន​សាងសង់​នេះ​ត្រូវ​ចំណាយពេល​ប្រមាណ​៤០​ខែ ដោយ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​។ ក្នុងឱកាស​នេះ ខ្ញុំ​សុំ​ស្នើ​ឲ្យ​ភាគី​ចិន​បន្ត​ជួយ​គ្រប់គ្រង​កីឡដ្ឋាន​នេះ ពិសេស​ជួយ​បង្ហាត់បង្រៀន​ដល់​អ្នកជំនាញ​កម្ពុជា​ក្នុងការ​គ្រប់គ្រង​កីឡដ្ឋាន​រហូត​ចប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក ថុង ខុន​។​


 
​ការដ្ឋាន​សាងសង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ដំណាក់កាល​ទី​២​នេះ ប្រើប្រាស់​កម្មករ និង​កម្មករ​ជំនាញ​ប្រមាណ​៨០០​នាក់ ដោយបាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​៣០០​នាក់ ខណៈ​ក្រៅពីនេះ​ជា​ជន​ជាតិចិន​។ 
 
​ទីលាន​បាល់ទាត់​លំដាប់​អន្តរជាតិ​នេះ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន ដោយ​គ្រោង​ចំណាយ​ជាង​១៥៧​លាន​ដុល្លារ​។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នកទស្សនា​ប្រមាណ​៦​ម៉ឹ​ន​នាក់ ពិសេស​អ្នកជំនាញ​បានរៀបចំ​ច្រកចេញ​ពិសេស ដែល​អាច​ជម្លៀស​អ្នកគាំទ្រ​ត្រឹមតែ​៧​នាទី ពេល​មាន​ហេតុ​ការមិន​ប្រក្រតី​កើតឡើង​៕      


 

Tag:
 ថោង ខុន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
© រក្សាសិទ្ធិដោយ thmeythmey.com