កីឡាជាតិ
ជាតិ
​ប្រវត្តិសាស្ត្រ​! AFC ដាក់​អាជ្ញាកណ្តាល​ស្ត្រី​កាត់ក្តី​ក្នុងជំនួប​ណាហ្គា​វើ​ល​-Yangon United
15, May 2019 , 7:59 am        
រូបភាព
​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​អាស៊ី​ថ្មី​ដំបូង នឹង​កើតមាន​នា​ការប្រកួត​ពានរង្វាន់ AFC Cup រវាង​ណាហ្គា​វើ​ល និង Yangon United នៅ​ថ្ងៃទី​១៥ ខែឧសភា នៅពេលដែល​អាជ្ញាកណ្តាល​ស្ត្រី​ជនជាតិ​ជប៉ុន​ដំបូង​បំផុត​ដល់​ទៅ​បី​រូប​នឹង​ចូលខ្លួន​ទៅ​កាត់សេចក្តី​។​


 
​អាជ្ញាកណ្តាល​ស្ត្រី​ទាំងបី​រូប​មានដូចជា Yoshimi Yamashita រួមជាមួយ​ជំនួយការ​អាជ្ញាកណ្តាល​ពី​រ​រូប​ទៀត Makoto Bozono និង Naomi Teshirogi នឹង​កាត់សេចក្តី​រួមគ្នា​ក្នុងជំនួប​ចុងក្រោយ​ពូ​ល F រវាង​ក្រុម​ពី​កម្ពុជា និង​ក្រុម​របស់​មី​យ៉ាន់​ម៉ា នៃ​ព្រឹត្តិការណ៍ AFC Cup ឆ្នាំ​២០១៩ ក្នុង​កីឡដ្ឋាន Thuwunna ក្នុង​ក្រុង​យ៉ាំង​ហ្គោ​ន​។​
 
​នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​អាជ្ញាកណ្តាល​ស្រី ៣ នាក់​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ពាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ដែលជា​ចំណុច​សំខាន់​ថ្មី​មួយ​ក្នុង​ការដឹកនាំ​អាជ្ញាកណ្តាល​ស្រី​នៅ​អាស៊ី​ផ្សេងទៀត​។​
 
​មុន​ចូលខ្លួន​មក​កាត់សេចក្តី​សម្រាប់​ការប្រកួត​បុរស​នេះ អ្នក​ទាំងបី​សុទ្ធតែ​ឆ្លងកាត់​ការសាកល្បង​កាយសម្បទា​ដែល​ទាមទារ​ឲ្យ​មានការ​បំពេញ​តាម​តម្រូវការ​ពី​សំណាក់​មន្ត្រី​អាជ្ញាកណ្តាល​បុរស​ជាមុន​។ អ្នក​ទាំងបី​ក៏​ស្ថិត​ក្នុងចំណោម​អាជ្ញាកណ្តាល​អាស៊ី​១២​រូប​ដែល​បានជ្រើសរើស​ទៅ​កាត់សេចក្តី​ក្នុង​ការប្រកួត​ពានរង្វាន់​កីឡាបាល់ទាត់​ពិភពលោក​នារី (FIFA Women's World Cup) ឆ្នាំ​២០១៩ នៅ​ប្រទេស​បារាំង​នា​ខែមិថុនា​ខាងមុខនេះ​ផងដែរ​។​
 
 ណាហ្គា​វើ​ល​បាន​យកឈ្នះ Yangon United ក្នុង​ជើង​ទី​១​នៅ​ពហុ​កី​ដ្ឋា​ន​អូឡាំពិក​ដោយ​លទ្ធផល ២-១ រួចមកហើយ​។ ប៉ុន្តែ​សម្រាប់​ជំនួប​ជើង​ទី​២​នេះ​គ្រាន់តែ​ជាការ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ដ្បិត​ក្រុម​ទាំងពីរ​អស់​ឱកាស​ទៅ​វគ្គ​បន្ត​ដូចគ្នា​ក្នុង​ពូ​ល F នេះ​៕
 

Tag:
 បាល់ទាត់​
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com