អន្តរជាតិ
កូរ៉េខាងជើង ទាមទារ​អាមេរិក​ឲ្យ​ប្រគល់​កប៉ាល់​ខ្លួន​មកវិញ​
15, May 2019 , 8:29 am        
រូបភាព
​នៅ​ថ្ងៃទី​១៤ ខែឧសភា កូរ៉េខាងជើង បានទាមទារ​ឲ្យ​អាមេរិក​ប្រគល់​កប៉ាល់​មក​ឲ្យ​ខ្លួន​វិញ​ជាបន្ទាន់ បន្ទាប់ពី​អាមេរិក​បានប្រកាស​រឹប​អូស​កាល​សប្ដាហ៍​មុន​។ កូរ៉េខាងជើង​ចាត់ទុក​សកម្មភាព​រប​ស់​អាមេរិក ជាការ​បំពាន​កិច្ចព្រមព្រៀង​របស់​មេដឹកនាំ​ទាំងពីរ​នាពេល​កន្លងមក ហើយ​ជាការ​ព្យាយាម​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​។

 
 
​កាលពី​ថ្ងៃទី​១០ ខែឧសភា ក្រសួងយុត្តិធម៌​អាមេរិក​បាន​ប្រកា​លពី​ការ​រឹបអូស​កប៉ាល់​កម្មសិទ្ធិ​កូរ៉េខាងជើង​ឈ្មោះ Wise Honest ហើយ​យកទៅ​ទុក​នៅ​កោះ Samoa ។ ដើមឡើយ កប៉ាល់​នេះ ត្រូវបាន​ឃាត់ទុក​អាជ្ញាធរ​ឥណ្ឌូណេស៊ី​កាលពី​ខែមេសា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ថា ដឹកជញ្ជូន​ធ្យូងថ្ម​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ បួន​ថ្ងៃក្រោយ កូរ៉េខាងជើង​ប្រាប់​ឲ្យ​អាមេរិក​ដោះលែង​កប៉ាល់​ខ្លួន​វិញ​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​ថា ទង្វើ​អាមេរិក​ជា​រឿង​ខុសច្បាប់ ព្រោះ​បាន​ប្លន់​ទ្រព្យសម្បត្តិ​របស់​កូរ៉េខាងជើង​។ ម្យ៉ាងទៀត​នោះ កូរ៉េខាងជើង ក៏​ទាត់ចោល​អំណះអំណាង​របស់​អាមេរិក​ដែល​យក​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ធ្វើជា​មូលដ្ឋាន​ក្នុង​រឹបអូស​កប៉ាល់​ដឹកទំនិញ​របស់ខ្លួន​។ មន្ត្រី​ក្រសួងការបរទេស​កូរ៉េខាងជើង​ថា ទីក្រុង​ព្យុងយ៉ាង​មិនដែល​ទទួលស្គាល់​ដំណោះស្រាយ​នោះឡើយ​។​
 
​អ្នកនាំពាក្យ​ដដែល​អះអាងថា ការ​រឹបអូស​កប៉ាល់​ពី​សំណាក់​អាមេរិក ជា​ផ្នែក​មួយ​ការដាក់​សម្ពាធ​ជា​អតិបរិមា​លើ​កូរ៉េខាងជើង តែ​វា​បាន​បំពាន​យ៉ាង​ងងើល​សេចក្ដី​ថែ្ល​ង​ការណ៍​មេដឹកនាំ​ខែមិថុនា ឆ្នាំ​២០១៨ ។ មន្ត្រី​ទីក្រុង​ព្យុងយ៉ាង​ដដែល​ក៏​ប្រាប់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ថា វា​ជា​គិតគូរ​មិន​ត្រឹមត្រូវ​ឡើយ បើ​អាមេរិក​គិតថា អាច​បង្ខំ​កូរ៉េខាងជើង​ដោយ​ប្រើ​កម្លាំងបាយ​នោះ ហើយ​អាមេរិក​ត្រូវ​ដឹង​ពី​ផលវិបាក​នៃ​អាកប្បកិរិយា​ជនពាល ព្រមទាំង​ដោះលែង​កប៉ាល់​ជាបន្ទាន់​។​
 
​តាមពិតទៅ សេចក្ដី​រួម​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន មិនបាន​ចែង​អ្វី​ច្រើន​ឡើយ​លើ​ទំនាក់ទំនង​ទ្វេភាគី​។ ក្រៅតែពី​ការប្ដេជ្ញាចិត្ត​រំសាយ​នុយក្លេអ៊ែរ ភាគី​ទាំង​ពីរបាន​ត្រឹម​ឯកភាពគ្នា​បង្កើត​ទំនាក់ទំនង​ថ្មី និង​បង្កើត​សន្តិភាព​អចិន្ត្រៃយ៍​នៅ​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​។​
 
​ដូច​ដឹង​ស្រាប់ កូរ៉េខាងជើង​ស្ថិតក្រោម​សម្ពាធ​ខ្លាំង​ពី​អាមេរិក​ផង និង​អន្តរជាតិ​ផង​។ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចេញ​ដំណោះស្រាយ​ជាច្រើន​ដោយបាន​ដាក់ទណ្ឌកម្ម​រាប់​សិប​ជាន់​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​។ ការដក​ទណ្ឌកម្ម ជា​លក្ខខណ្ឌ​មួយ​ដែល​កូរ៉េខាងជើង​ធ្លាប់​ទៅ​អាមេរិក​ក្នុងពេល​ចរចា​ដើម្បី​ឈានទៅ​លុបបំបាត់​នុយក្លេអ៊ែរ ប៉ុន្តែ​ការចរចា​ជាមួយ​អាមេរិក​កំពុង​ជាប់គាំង​ទៅហើយ​សព្វថ្ងៃ​៕  
 

Tag:
 កូរ៉េខាងជើង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com