ជាតិ
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយព្រះមហាក្សត្រខ្មែរ រូបពីហ្វេសប៊ុករដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ លោកប្រធានាធិបតីចិន ស៊ី ជីនភីង និង ភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រខ្មែរ ក្នុងពិធីជប់លៀងភ្ញៀវជាន់ខ្ពស់អន្តរជាតិ ក្នុងវិមានសភាប្រជាជន នាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃ ១៤ ឧសភា ឆ្នាំ២០១៩
× ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានប្រារព្វពិធីចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប ៦៦ព្រះវស្សា ឈានចូល ៦៧ វស្សា នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានបង្ហោះរូបភាពអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រខ្មែរ ពីសំណាក់មន្ត្រីជាន់ខ្ពស់ចិន និងអន្តរជាតិជាច្រើនផ្សេងទៀត។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលកំពុងមានវត្តមាននៅប្រទេសចិនដែរនោះ បានសរសេរលើហ្វេសប៊ុកដូច្នេះថា ៖«ជាការគួរឲ្យភ្ញាក់ផ្អើល ដែលក្នុងពិធីជប់លៀងភ្ញៀវជាន់ខ្ពស់អន្តរជាតិក្នុងវិមានសភាប្រជាជន លោកប្រធានាធិបតីចិន ស៊ី ជីនភីង និង ភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាព្រះមហាក្សត្រខ្មែរយើងក្នុងពេលនោះដែរ»។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចាកចេញពីកម្ពុជា កាលព្រឹកថ្ងៃទី១៣ ខែឧសភា ដើម្បីយាងទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន។ ក្រៅពីយាងចូលរួមវេទិកានេះ ព្រះមហាក្សត្រ ក៏មានព្រះរាជជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរទៀតផង។
ក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី១៤ ឧសភា នោះ ប្រធានាធិបតីចិន លោក ស៊ី ជំរុញឲ្យប្រទេសទាំងពីរអនុវត្តផែនសកម្មភាព សម្រាប់ការកសាងសហគមន៍វាសនារួមគ្នា និងធ្វើការរួមគ្នា ក្នុងដំណើរការឆ្ពោះទៅកាន់ការអភិវឌ្ឍតាមកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ។ ប្រធានាធិបតីចិន អះអាងថា ចិនគាំទ្រកម្ពុជា ក្នុងការអនុវត្តផែនការអភិវឌ្ឍស្របតាមស្ថានភាពជាតិ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។
ជាមួយគ្នានេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលតបថា កម្ពុជាអរគុណចិន ដែលតែងតែគាំទ្រ និងជួយដល់កម្ពុជា អស់រយៈពេលជាយូរមកនេះ។ ហើយភាគីកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសកម្មភាពនៃគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់មួយ និងវិថីមួយ» ជាមួយចិន ព្រមទាំងឈរនៅជាមួយប្រជាជនចិនគ្រប់ស្ថានភាព៕
Tag:
ស៊ី ជិនភីង
ព្រះមហាក្សត្រ
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com