ទីផ្សារការងារ​ច្រើន ប៉ុន្តែ​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​មាន​តិច ដែល​នេះ​ជា​ឧបសគ្គ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​
អន្តរជាតិ
ទីផ្សារការងារ​ច្រើន ប៉ុន្តែ​អ្នកមាន​សមត្ថភាព​គ្រប់គ្រាន់​មាន​តិច ដែល​នេះ​ជា​ឧបសគ្គ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​វៀតណាម​
16, May 2019 , 8:19 am        
រូបភាព
រូបភាព​ឯកសារ៖ កម្មករ​កំពុង​កាត់​ស្មៅ​នៅ​ក្នុង​ក្រុង​ហាណូយ។
រូបភាព​ឯកសារ៖ កម្មករ​កំពុង​កាត់​ស្មៅ​នៅ​ក្នុង​ក្រុង​ហាណូយ។
ដោយ: VOA
​ហូជីមិញ ៖ រយៈពេល​ជា​យូរ​មកហើយ​ក្រុមហ៊ុន​អាជីវកម្ម​នានា​នៅ​ប្រទេស​វៀតណាម​មានការ​លំបាក​ក្នុងការ​ជ្រើសរើស​បុគ្គលិក និង​ធ្វើយ៉ាងណា​អាច​រក្សា​បុគ្គលិក​ទាំងនោះ​ឲ្យ​នៅ​ធ្វើការ​បានយូរ​អង្វែង​។ ក៏ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ​ការជ្រើសរើស​បុគ្គលិក​កាន់តែ​លំបាក​ជាង​មុន ដោយសារតែ​ចំនួន​អាជីវកម្ម​នៅក្នុង​ប្រទេស​វៀតណាម​មា​ន​ការកើនឡើង បង្ខំ​ឲ្យ​ក្រុមហ៊ុន​នានា​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដើម្បី​អាច​ជ្រើសរើស​បុគ្គលិក​ធ្វើការ​ឲ្យ​បាន​គ្រប់គ្រាន់​។​

 
​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​របស់​បរទេស​កំពុង​វាយលុក​ចូល​ទីផ្សារ​វៀតណាម​។ រោងចក្រ និង​ជំនួញ​ផ្សេងៗ​ទៀត​កំពុង​ប្តូរ​ទីតាំង​ពី​ប្រទេស​ចិន មក​ប្រទេស​វៀតណាម ដោយ​ធ្វើ​ឲ្យ​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ដែលមាន​ជំនាញ​បច្ចេកទេស​ខ្ពស់​កាន់តែ​កើនឡើង​ជាង​មុន​។ ក្រុមហ៊ុន Navigos Group ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក និង​គ្រប់គ្រង​គេហទំព័រ​ស្វែងរក​ការងារ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​វៀតណាម ដែលមាន​ឈ្មោះថា VietnamWorks បាន​និយាយថា ការ​ផ្តាស់​ប្តូរ​ទាំងនេះ​ធ្វើ​ឲ្យ​មាន «​កំណើន​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ដែលមាន​ជំនាញ​ភ្លាមៗ​»​ដែលមាន​ចំនួន​តិចតួច​នៅក្នុង​ប្រទេស​។​
 
​ក្រុមហ៊ុន​ថ្មីៗ​កំពុង​ហូរ​ចូលក្នុង​ប្រទេស​វៀតណាម ហើយ​ពួកគេ​ត្រូវការ​បុគ្គលិក​
 
​របាយការណ៍​វាយតម្លៃ​លើ​ត្រីមាស​ទី​១ សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន Navigos Group​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ខែមេសា បាន​ឲ្យ​ដឹងថា​«​ក្រុមហ៊ុន​ដែល​ប្តូរ​ផលិតកម្ម​ពី​ប្រទេស​ចិន មក​វៀតណាម នឹង​បន្ត​កើនឡើង​យ៉ាងខ្លាំង ជាពិសេស​គឺ​បណ្តា​ក្រុមហ៊ុន​នៅក្នុង​ឧស្សាហកម្ម​ផ្តល់​សេវាកម្ម និង​ឧស្សា​កម្ម​គ្រឿង​សង្ហា​រឹម​ឈើ​។ មាន​គម្រោង​បង្កើត​រោងចក្រ​ថ្មីៗ​ជាច្រើន​នៅក្នុង​ប្រទេស​វៀតណាម​។ ការណ៍​នេះ​ធ្វើ​ឲ្យ​តម្រូវការ​បុគ្គលិក​នឹង​កើនឡើង​យ៉ាងខ្លាំង ដែល​អាច​នឹង​ត្រូវការ​ច្រើនជាង​មុន​ដល់​ទៅ​២ ឬ​៣​ដង ក្នុង​១​ឆ្នាំៗ ជាពិសេស​នៅក្នុង​ផលិតកម្ម​គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​ម៉ាក​ថ្លៃៗ​»​។​
 
​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅក្នុង​ការវិភាគ​ក្នុងចំណោម​៦​ប្រទេស​នៅ​ទ្វីបអាស៊ី ដែល​រោងចក្រ​ផលិតកម្ម​អាច​នឹង​ហូរ​ចូល នៅពេល​រោងចក្រ​ទាំងនោះ​ចាក​ចេញពី​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ខែធ្នូ​ឆ្នាំមុន​របស់​ធនាគា​រវិ​និ​យោគ​មួយ​ឈ្មោះថា Natixis​។ ការវិភាគ​នេះ​គឺ​ផ្អែកលើ​លក្ខខណ្ឌ​ចំនួន​៤ រួមមាន ទំនោរ​ភូមិសាស្ត្រ ការចំណាយ​លើ​ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និង​ភាគហ៊ុន​នៃ​ផលិតកម្ម​បរទេស​។​
 
​កង្វះ​ធនធានមនុស្ស​មិនមែនជា​រឿង​ថ្មី​នៅក្នុង​ប្រទេស​វៀតណាម​នោះ​ទ​
 
​នៅពេល​អ្នកវិនិយោគ​ជា​ច្រើន​កំពុង​ហូរ​ចូលទៅក្នុង​ប្រទេស​វៀតណាម ការផ្គត់ផ្គង់ និង​តម្រូវការ​ធនធានមនុស្ស កំពុងតែ​មានការ​ផ្លាស់​ប្តូរ​។ តម្រូវការ​ពលកម្ម​មា​ន​កាន់តែច្រើន​។ ប៉ុន្តែ​ការផ្គត់ផ្គង់​តម្រូវការ​នេះ​ជា​បញ្ហា​ប្រឈម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយសារតែ​មូលហេតុ​ជាច្រើន​។ ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​ពលរដ្ឋ​ជិត​១០០​លាន​នាក់​មួយ​នេះ មាន​អត្រា​អត់​ការងារ​ធ្វើ​ទាប ដែលជា​ធម្មតា គឺមាន​ប្រមាណ​ជា​២%​តែប៉ុណ្ណោះ​។ ដូច្នេះ អ្នក​ដែល​ចង់បាន​ការងារ​ធ្វើ​នឹង​អាច​រក​ការងារ​ធ្វើបាន​។ រដ្ឋាភិបាល​កុម្មុយនីស្ត​របស់​វៀតណាម​បាន​ធានា​ជាច្រើន​ដល់ក​ម្មករ រាប់​ចាប់ពី​ការ​ឲ្យ​ឈប់សម្រាក​នៅ​ថ្ងៃបុណ្យ​ដោយ​ទទួលបាន​ប្រាក់​ឈ្មួ​ល និង​ដាក់​លក្ខខណ្ឌ​តឹងរឹង​ចំពោះ​ការបណ្តេញ​បុគ្គលិក​ចេញពី​ការងារ​។​។​
 
​បុគ្គលិក​វៀតណាម​ជាច្រើន​ចូលចិត្ត​ប្តូរ​កន្លែងធ្វើការ​
 
​មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​នានា ជាពិសេស​បុគ្គលិក​វ័យ​ក្មេង​ប្តូរ​កន្លែងធ្វើការ​បន្ទាប់​ពី​ធ្វើការ​នៅ​កន្លែង​ណាមួយ​បាន​ប្រហែលជា​៣​ឆ្នាំ​។ ការណ៍​នេះ​អាចមាន​ន័យ​២​យ៉ាង​។ ទី​១ វា​អាចជា​សញ្ញា​ល្អ​មួយ ដែល​បុគ្គលិក​ទាំងនោះ​មិន​ជាប់ឃុំ​ខ្លួនឯង​ជាមួយនឹង​ការងារ​នៅតែ​មួយកន្លែង​ដើម្បី​ទទួលបាន​ធានារ៉ាប់រង ឬ​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ហើយ​ពួកគេ​អាចមាន​សេរីភាព​ក្នុងការ​ប្តូរ​ការងារ​។ ទី​២ ក្រុមហ៊ុន​មិន​ចង់​ចំណាយ​ប្រាក់​ក្នុងការ​បណ្តុះបណ្តាល​បុគ្គលិក​ថ្មី​រៀងរាល់​២ ឬ​៣​ឆ្នាំ​ម្តង​នោះទេ​។ ម្យ៉ាងទៀត មាន​ក្រុមហ៊ុន​កាន់តែច្រើន​កំពុងតែ​ហូរ​ចូលមកក្នុង​ប្រទេស​វៀត​ណា​ម​។​
 
​លោក Gaku Echizenya ដែលជា​អគ្គនាយក​ក្រុមហ៊ុន Navigos Group យល់ថា «​ទីផ្សារ​ផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក​នៅក្នុង​ប្រទេស​វៀតណាម កំពុងតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​មុន ដោយសារតែ​ការកើនឡើង​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ​បរទេស​នានា​»​។​
 
​ទីផ្សារ​ទាំងនេះ​រួមមាន​វិស័យ​ព័ត៌មានវិទ្យា ដែល​បុគ្គលិក​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​តាម​ទាន់​បច្ចេកវិទ្យា​ថ្មីៗ ដូចជា​បញ្ញា​និម្មិត ប្រតិបត្តិ​ការគ្រប់គ្រង​ការទូត​ទាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឬ blockchain និង​បណ្តាញ​អ៊ីនធឺណិត​បំពាក់​លើ​ឧបករណ៍​បច្ចេកវិទ្យា ឬ​ហៅថា The Internet of Thing​។ លោក​បាន​និយាយទៀតថា​«​តម្រូវការ​ជ្រើស​រើ​សបុ​គ្គ​លិ​ក​ក្នុង​វិស័យ​បច្ចេកវិទ្យា​កំពុងតែ​កើនឡើង​ខ្លាំង​ទៅៗ នៅក្នុង​សម័យ​ឌីជីថល​នេះ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក្នុងការ​ទាក់ទាញ និង​រក្សា​ធនធានមនុស្ស​»​។​


រូបភាព​ឯកសារ៖ មនុស្សម្នា​ពិនិត្យ​មើល​ទូរទស្សន៍​ទំនើបៗ​នៅ​ក្នុង​ក្រុង​ហាណូយ។
 
​តម្រូវការ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​បាន​កើនឡើង​៤៧%​ក្នុង​១​ឆ្នាំ នៅក្នុង​ប្រទេស​វៀតណាម នេះ​បើ​យោងតាម​អង្គការ CUTS International ដែលជា​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដោយ​ធ្វើការ​លើ​ការតស៊ូ​មតិ​សម្រាប់​អ្នកប្រើប្រាស់​។​
 
​ដំណោះស្រាយ​
 
​ដំណោះស្រាយ​ដែល​អាច​ធ្វើបាន​ដើម្បី​បំពេញ​កង្វះខាត​ជំនាញ​ទាំងនេះ​គឺ​ត្រូវ​បណ្តុះបណ្តាល​បុគ្គលិក​នាពេល​បច្ចុប្បន្ន​ឡើងវិញ​។ ក្រុមហ៊ុន Microsoft នៅ​អាស៊ី​បានចេញ​ផ្សាយ​ទិន្នន័យ​របស់ខ្លួន​នៅក្នុង​ខែមេសា ដោយ​បង្ហាញថា​បុគ្គលិក​សុខចិត្ត​ទទួល​ការបណ្តុះបណ្តាល​ឡើងវិញ ជាង​ការគិត​របស់​ក្រុមហ៊ុន​របស់​ពួកគេ​ទៅទៀត​។ ការសិក្សា នៅ​ប្រទេស​ចំនួន​១៥​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​វៀតណាម​ផងដែរ​នោះ បាន​រកឃើញថា ពួក​ថ្នាក់ដឹកនាំ​ជំនួញ​ចំនួន​២២%​គិតថា បុគ្គលិក​របស់​ពួកគេ​មិន​ចង់​ទទួល​ការបណ្តុះបណ្តាល​ឡើងវិញ​ទេ ប៉ុន្តែ​មាន​បុគ្គលិក​តែ​៨%​តែប៉ុណ្ណោះ​ដែល​បាន​និយាយ​យ៉ាង​ដូច្នេះ​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ការយល់ច្រលំ​រវាង​ភាគី​ទាំង​២​។​
 
​លោក Alice Pham ដែលជា​នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ CUTS International បាន​និយាយថា ក្រុមហ៊ុន​ក៏​អាចមាន​ជ្រើសរើស​បុគ្គលិក​ជំនាញ ដែល​រៀន​តាម​ថ្នាក់​អន​ឡាញ​ផងដែរ​។​
 
​លោក Pham បាន​សរសេរ​នៅក្នុង​របាយការណ៍​មួយ​របស់​អង្គការ CUTS ក្នុង​ខែសីហា​ថា «​ប្រសិនបើ​ក្រុមហ៊ុន និង​អ្នកផ្តល់​សេវាកម្ម​ជ្រើសរើស​បុគ្គលិក មិន​ទទួលស្គាល់​សញ្ញាបត្រ​អន​ឡាញ ឬ​យល់ថា ចំណេះដឹង និង​ជំនាញ​ដែល​ទទួលបាន​តាម​ប្រព័ន្ធ​ឌីជីថល​បែបនេះ អន់​ជាង​ចំណេះដឹង​ដែល​ទទួលបាន​ពី​ស្ថាប័ន​អប់រំ នោះ​វា​នឹង​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់​ពួកគេ ហើយ​ការជំរុញ​ឲ្យ​សិក្សា​តាម​អន​ឡាញ​នឹង​បាត់បង់ ដោយ​ផ្នែក ឬ​អាច​ទាំងស្រុង​។​
 
​ជាធម្មតា​ការជ្រើសរើស​បុគ្គលិក​នៅ​ប្រទេស​វៀតណាម​ផ្តោតលើ​សញ្ញាប័ត្រ បូករួម​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផងដែរ​។ ប៉ុន្តែ​ដោយសារតែ​មានការ​ខ្វះខាត​ធនធានមនុស្ស​នាពេល​បច្ចុប្បន្ន ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ ហើយ​ការជ្រើសរើស​បុគ្គលិក​ដែល​អាស្រ័យ​លើ​កត្តា​នានា​ដូច​កាលពីមុន​នោះ ក៏​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com