អន្តរជាតិ
យោធា​ស៊ូដង់​និង​ក្រុមបាតុករ យល់ព្រម​ដឹកនាំ​ប្រ​ទស​រួមគ្នា​បី​ឆ្នាំ មុន​រៀបចំ​ការបោះឆ្នោត​
15, May 2019 , 10:28 am        
រូបភាព
រូបភាព AFP
រូបភាព AFP
​យោធា​ស៊ូដង់ និង​ក្រុមបាតុករ បាន​ឯកភាពគ្នា​លើ​រយៈពេល​អន្តរកាល​ដើម្បី​ដឹកនាំ​ប្រទេស​រួមគ្នា​។ ក្រោយ​ការចរចា​យ៉ាង​តឹងតែង យោធា​ស៊ូដង់ និង​មេដឹកនាំ​បាតុករ បានកំណត់​រយៈពេល​អ​ន្ត​រកា​ល​ចំនួន​បី​ឆ្នាំ មុននឹង​រៀបចំ​ការបោះឆ្នោត​ដើម្បី​ផ្ទេរអំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​។ បច្ចុប្បន្ន ស៊ូដង់ កំពុង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​យោធា​ក្រោយ​ផ្ដួលរំលំ​មេដឹកនាំ​ផ្ដាច់ការ អូ​ម៉ា អាល់​-​បា​សៀ ដែល​កាន់អំណាច​៣០​ឆ្នាំ​មកហើយ​នោះ​។​

 
​ក្រុម​យោធា​ស៊ូដង់​កំពុង​ក្ដាប់​អំណាច និង​មេដឹកនាំ​ក្រុមបាតុករ នៅ​ថ្ងៃទី​១៥ ខែឧសភា បាន​យល់ព្រម​ដឹកនាំ​ប្រទេស​រួមគ្នា​រយៈពេល​បី​ឆ្នាំ មុននឹង​រៀបការ​បោះឆ្នោត​មួយ​ថ្មី​។ ការយល់ព្រម​គ្នា ធ្វើឡើង​ក្រោយ​ការចរចា​ជាច្រើន​សប្ដាហ៍​ចាប់តាំងពី​ប្រធានាធិបតី អូ​ម៉ា អាល់​-​បា​សៀ ត្រូវបាន​យោធា​ទម្លាក់​ពី​តំណែង​កាលពី​ខែមេសា​កន្លងទៅ​។ យ៉ាងណាមិញ ភាគី​ទាំងពីរ​កំពុង​ចរចា​លើ​ស្ថាប័ន​គ្រប់គ្រង​ថ្មី​ដែល​ត្រូវ​ដឹកនាំ​ប្រទេស​ទៅមុខ​។​
 
​តាមពិតទៅ ក្រោយ​ការផ្ដួលរំលំ​លោក អាល់​-​បា​សៀ ពី​សំណាក់​យោធា ក្រុមបាតុករ​បានទាមទា​រ​ឲ្យ​កងទ័ព​ផ្ទេរអំណាច​ទៅ​ឲ្យ​ក្រុមប្រឹក្សា​ស៊ីវិល​ជាបន្ទាន់ ប៉ុន្តែ​យោធា​បែរជា​បង្កើត​ក្រុមប្រឹក្សា​មួយ​ដឹកនាំ​ប្រទេស​តែឯង​។ ក្រុមប្រឹក្សា​យោធា​ដែលមាន​សមាជិក​ជា​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​នោះ ប្រកាស​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​អន្តរកាល​ពីរ​ឆ្នាំ មុន​ប្រគល់​អំណាច​ឲ្យ​ស៊ីវិល​វិញ​។ ក្រុមបាតុករ​ដែលជា​ក​ម្លាំ​ង​នាំទៅរក​ការដួលរលំ​របប​លោក អាល់​-​បា​សៀ នោះ ក៏​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​យោធា​ទៀត​។​
 
​ការជួប​ចរចា​រវាង​យោធា​កាន់អំណាច និង​មេដឹកនាំ​បាតុករ​ដើម្បី​ដោះស្រាយ​បញ្ហា បានធ្វើ​ឡើងជា​ច្រើន តែ​មិនទាន់មាន​លទ្ធផល ខណៈ​ការប៉ះទង្គិច​រវាង​បាតុករ​និង​យោធា​ក្នុង​សប្ដាហ៍​នេះ បាន​ស្លាប់​មនុស្ស​ចំនួន​៦​នាក់​ទៀត​នៅខាងមុខ​ទីស្នាក់ការ​កងទ័ព​ក្នុង​រដ្ឋធានី​ខា​ទុំ​។ ទោះជា​បាន​ព្រមព្រៀង​លើ​រយៈពេល​អន្តរកាល​ក្ដី ភាគី​ទាំងពីរ​នៅ​មិនទាន់​ឯកភាពគ្នា​លើ​សមាសភាព​ក្រុមប្រឹក្សា​ដឹកនាំ​ប្រទេស​ថ្មី​នៅឡើយ​ទេ​។ 
 
​យ៉ាងណាក្ដី ឧ​ត្ត​ម​សេនីយ៍ Yasser al-Atta និយាយថា កិច្ចព្រមព្រៀង​ស្ដីពី​សមាសភាព​ក្រុមប្រឹក្សា នឹងត្រូវ​ចុះហត្ថលេខា​ឆាប់ៗ​នេះ​ជាមួយ​សម្ព័ន្ធភាព​ដើម្បី​សេរីភាព និង​ការផ្លាស់ប្ដូរ​ដែល​តំណាង​ឲ្យ​ក្រុមបាតុករ​។ សមាភាព​ក្រុមប្រឹក្សា​ដែល​នឹង​ចាត់ចែង​កិច្ចការ​ប្រទេស​ក្នុង​រយៈពេល​អន្តរកាល​នេះ ក្លាយជា​ប្រធាន​ជជែក​យ៉ាង​តឹងសរសៃក​រវាង​យោធា និង​ក្រុមបាតុករ ព្រោះ​ភាគី​ទាំងសងខាង​សុទ្ធតែ​ចង់​មាន​សំឡេង​ភាគច្រើន​ដូចគ្នា​។ 
 
​បើតាម​លោក al-Atta ក្នុង​រយៈពេល​អន្តរកាល​នេះ រដ្ឋសភា​នឹងត្រូវ​បង្កើតឡើង​ដោយមាន​សមាជិក​៣០០​នាក់ ដោយ​ក្នុងនោះ​៦៧​ភាគរយ​ជា​សមាជិក​របស់​សម្ព័ន្ធ​ភាព​ដើម្បី​សេរីភាព និង​ការផ្លាស់ប្ដូរ ហើយ​សេសសល់​ទៀត ទុក​ឲ្យ​ក្រុមប្រឆាំង​ផ្សេងទៀត​។ ការងារ​ផ្សេងទៀត​របស់​ក្រុមប្រឹក្សា​ចម្រុះ​ស៊ីវិល​-​យោធា គឺ​រៀបចំ​ការបោះឆ្នោត​ថ្មី​ដើម្បី​បង្កើត​រដ្ឋាភិបាល​សុទ្ធសាធ​ដឹកនាំ​ប្រទេស​នៅ​សករាជ​ក្រោយ​លោក អាល់​-​បា​សៀ ៕ 
 

Tag:
 ស៊ូដង់​
  អូ​ម៉ា អាល់​-​បា​សៀ​
© រក្សាសិទ្ធិដោយ thmeythmey.com