អន្តរជាតិ
របប​សឹក​ថៃ រង​ការរិះគន់​ព្រោះ​តែងតាំង​សាច់ញាតិ​និង​បក្សពួក​ជា​សមាជិក​ព្រឹទ្ធសភា​
15, May 2019 , 11:53 am        
រូបភាព
មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមេប៉ូលិសជាតិថៃ សុទ្ធតែមានឈ្មោះជាសមាជិកព្រឹទ្ធសភា។ រូបភាព The Nation
មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមេប៉ូលិសជាតិថៃ សុទ្ធតែមានឈ្មោះជាសមាជិកព្រឹទ្ធសភា។ រូបភាព The Nation
​របប​យោធា​ថៃ កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង​ជុំវិញ​ការតែងតាំង​សាច់ញាតិ និង​បក្សពួក​របស់​មេដឹកនាំ​យោធា​សំខាន់ៗ​ជា​សមាជិក​ព្រឹទ្ធសភា​។ បើតាម​បញ្ជី​ឈ្មោះ​ដែល​ចុះផ្សាយ​ក្នុង​សៀវភៅ​រាជកិច្ច​នៅ​ថ្ងៃទី​១៤ ខែឧសភា ពីរភាគបី​នៃ​សមាជិក​ព្រឹទ្ធសភា​ក្នុងចំណោម​២៥០​រូប មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​របប​សឹក​ថៃ និង​មាន​ប្រវត្តិ​ជា​យោធា និង​ប៉ូលិស​ទៅទៀត​។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​រិះគន់ថា ព្រឹទ្ធសភា​គ្រាន់តែ​ជា​អាយ៉ង​សម្រាប់​ការបន្ត​អំណាច​របស់លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ប៉ុណ្ណោះ​។​

 
​សមាជិកគ្រួសារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាលយោធា មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ និង​អ្នកនយោបាយ​ស្និ​ទ្ធិ​របប​យោធា​កាន់អំណាច​ជាច្រើន​ទៀត បាន​គ្របដណ្ដប់​បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំង​២៥០​រូប​។ រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន បើក​សិទ្ធិ​ឲ្យ​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាប់ធ្នាប់​មាន​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ជា​ប្រធាន តែងតាំង​សមាជិក​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​៥​ឆ្នាំ ហើយ​អាច​ចូលរួម​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បាន​ទៀតផង​។ 
 
​ដោយសារ​រឿងនេះ របប​យោធា​ថៃ មិនអាច​ប្រថុយ​រក​អ្នកផ្សេង​ឲ្យ​អង្គុយ​កៅអី​ព្រឹទ្ធសភា​បានឡើយ ព្រោះ​អាច​ប៉ះពាល់​ការបន្ត​អំណាច​របស់លោក ប្រា​យុទ្ធ ។ ក្នុង​បញ្ជី​ឈ្មោះ​សមាជិក​ព្រឹទ្ធសភា​២៥០​រូប​ដែល​ត្រូវបាន​មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឯកភាព​ហើយ​នោះ សមាជិក​១៦០​រូប មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​របប​សឹក​ថៃ ហើយ​ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ មាន​ជាង​មួយរយ​នាក់​ទៅហើយ​ជា​យោធា​ដែល​អ្នកខ្លះ​កំពុង​បម្រើ​ការងារ ឯ​ខ្លះទៀត​ចូលនិវត្តន៍​។​
​ក្នុងចំណោម​សមាជិក​ព្រឹទ្ធសភា​ទាំងនោះ គេ​ឃើញ​មាន ឧ​ត្ត​ម​សេនីយ៍ Preecha Chan-o-cha ប្អូនប្រុស​បង្កើត​លោក ប្រា​យុទ្ធ , ឧ​ត្ត​ម​សេនីយ៍ Sisthawatchara Wongsuwan ជា​ប្អូនប្រុស​លោក​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វង្ស​សុវណ្ណ​, ឧ​ត្ត​មនា​វី Chalermchai Krea-ngam ប្អូនប្រុស​ឧបនាយករដ្ឋមន្ត្រី Wissanu Krea-gnam និង​លោក Som Jatusripitak បងប្រុស​ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ។ នេះ​មិនទាន់​គិតដល់​អតីតរដ្ឋមន្ត្រី និង​អតីត​សមាជិកសភា​ជាច្រើន​ទៀត​។​
 
​លោក ប្រា​យុទ្ធ ដែលជា​អ្នកសម្រេច​ចុងក្រោយ​លើ​បញ្ជី​ឈ្មោះ​មុន​បញ្ជូន​ទៅកាន់​រាជវាំង និង​លោក Prawit ដែលជា​អ្នក​ចុច​ឈ្មោះ​មុន​ស្នើ​ទៅ​លោក ប្រា​យុទ្ធ នោះ រង​ការរិះគន់​ខ្លាំង និង​ត្រូវបាន​ចោទប្រកាន់​ពី​ការប្រកាន់​បក្សពួកនិយម​។ បើតាម​កាសែត​ថៃ The Nation មេដឹកនាំ​ចលនា​អាវ​ក្រហម​ម្នាក់​និយាយថា ប្រជាជន​ថៃ​មិនអាច​ដាក់​ក្ដី​រំពឹង​លើ​របប​យោធា​ដើម្បី​វិលត្រឡប់​ទៅរក​ប្រជា​ធិ​បត​តេ​យ្យ​វិញ​ឡើយ ព្រោះ​សមាជិក​ព្រឹទ្ធសភា​នឹង​គាំទ្រ​របប​សឹក​បន្តទៀត​។​
 
​ជាមួយនឹង​សំឡេងគាំទ្រ​ពី​សមាជិក​ព្រឹទ្ធសភា លោក ប្រា​យុទ្ធ ទំនង​សម្លឹង​ឃើញ​ជាស្រេច​កៅអី​នាយករដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​បួន​ឆ្នាំ​ទៅមុខ​។ បក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​គាំទ្រ​លោក ប្រា​យុទ្ធ នោះ កំពុង​ប្រមូល​សំឡេង​ពី​បក្ស​ផ្សេងទៀត​ដើម្បី​ឲ្យ​គ្រប់​សំឡេង​ចំនួន​៣៧៦ ដែល​ត្រូវការ​ដើម្បី​គាំទ្រ​បេក្ខភាព​ណាមួយ​ជា​នាយករដ្ឋមន្ត្រី​។ ៣៧៦ ជា​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​កិច្ចប្រជុំ​រួម​រវាង​ព្រឹទ្ធសភា និង​រដ្ឋសភា​ដែលមាន​សមាជិក​៥០០​នាក់​៕ 
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com