ជាតិ
សង្គមជាតិ
ប៉ូលិស៖ ក្រុមចិន ដែលចង់បង្កភាពវឹកវរនៅព្រះសីហនុ មិនរស់នៅកម្ពុជាទេ
15, May 2019 , 1:52 pm        
រូបភាព
ក្រុមជនជាតិចិនប្រមាណ២០នាក់ ដែលព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ មិនមែនរស់នៅក្នុងទឹកដីកម្ពុជាឡើយ។ ពួកគេ កំពុងរស់នៅប្រទេសចិន។ តែយ៉ាងណា អាជ្ញាធរកម្ពុជា បានស្នើទៅកាន់ស្ថានទូតចិន ឲ្យតាមដាននិងវែកមុខរកក្រុមសង្គមងងឹតទាំងនោះ ។



លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ បាននិយាយថា សមត្ថកិច្ចបានខិតខំរកមុខក្រុមជនជាតិចិនទាំងនោះ ដែលព្រមានបង្កភាពវឹកវរ នៅខេត្តព្រះសីហនុហើយ ប៉ុន្តែរកពុំឃើញ ដូច្នេះមានន័យថា ពួកគេពុំមានវត្តមាននៅកម្ពុជាទេ។ ត្រង់ចំណុចនេះ លោក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា សមត្ថកិច្ច បានសហការជាមួយស្ថានទូតចិន ដើម្បីតាមដាន និងស្វែងរកជនទាំងនោះ នៅទីតាំងដែលពួកគេបង្ហោះវីដេអូនោះហើយ ។

អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែឧសភានេះយ៉ាងដូច្នេះថា៖«ឃ្លីបវីដេអូគឺជាវីដេអូចាស់មិនដឹងថាតាំងពីពេលណាមកនោះទេ ហើយជនជាតិចិនទាំងនោះ មិននៅខេត្តព្រះសីហនុទេ។ សមត្ថកិច្ចកំពុងសហការជាមួយទូតចិន ដើម្បីវែកមុខជនជាតិចិនទាំងនោះ នៅប្រទេសចិន»។

កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយ បង្ហោះចែកចាយតៗគ្នានៅលើបណ្ដាញសង្គម ដោយមានក្រុមជនជាតិចិនប្រមាណ២០នាក់ បាននិយាយថា ពួកគេមកពីខេត្តឆុងឆីង ហើយពួកគេចង់ធ្វើឲ្យវឹកវរ និងបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។

ដោយសារឃើញសារបែបនេះ ទើបស្ថានទូតចិន បានប្រកាសជំហរសហការជាមួយអាជ្ញាធរកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមជនជាតិចិនទាំងនោះ។ ស្ថានទូតចិន បានសរសេរសារលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«ស្ថានទូតចិនប្រចាំកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចចិន និងកម្ពុជា ដើម្បីបើកការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយនេះ។ យើងជឿជាក់ថា ការពិតនៃបញ្ហានេះ នឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗ»៕

Tag:
 ឆាយ គឹមខឿន
  ចិន
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com