ប្រមាណ២០ឆ្នាំហើយ ដែលអ្នកភ្នំពេញ ប្រកបរបរលក់អន្សមអាំងនៅមុខស្ថានទូតចិន លើមហាវិថីម៉ៅសេទុង។ មិនក្ស័យធន តែក៏មិនរីកធំធាត់ប៉ុន្មានដែរ។ គ្រាន់តែថា អាជីវករទាំង៣កន្លែងនេះ សុទ្ធតែបានប្រើប្រាស់របរតូចតាចនេះ ដើម្បីចិញ្ចឹមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេបានធំធាត់ រីកចម្រើន។
ចំពោះតែអ្នកដែលនឹកចង់បរិភោគនំអន្សមអាំងដែលគេលក់នៅមុខស្ថានទូតចិននោះ ពួកគេមិននិយាយអំពីអនាម័យឡើយ។ ពួកគេនិយាយអំពីរសជាតិ។ អន្សមអាំង នំធ្វើពីអង្ករដំណើបរាងការ៉េ នំខ្លះទៀតក៏មានស្នូលត្រាវផ្អែម។ ទាំងបីប្រភេទ នំនីមួយៗត្រូវបានលក់ក្នុងតម្លៃ១០០០រៀល។ មិនខុសពីអាជីវករនៅក្នុងទីផ្សារធម្មតាទេ អ្នកលក់នំអន្សមនៅទីនេះ តែងតែចាប់ផ្តើមរៀបចំបង្កាត់ភ្លើងដាក់ក្នុងប្រទាសតាំងពីព្រឹកម៉ោង៦ ហើយអង្គុយលក់ដល់ម៉ោង៦ល្ងាច។
សកម្មភាពបែបនេះត្រូវបានធ្វើបន្តគ្នាពីម្តាយមកកូនទៀតផង។ នេះជាឧទាហរណ៍របស់អ្នកស្រី សុផាន់នី ដែលកំពុងកាន់តង្កៀបចាប់នំប្រែចុះឡើង។ ទោះបីជាបានអង្គុយលក់នំនៅក្រោមដើមឈើធំត្រឈឹងត្រឈៃ ដែលទប់កំដៅព្រះអាទិត្យខែប្រាំងបានខ្លះយ៉ាងណាក៏ដោយ អ្នកស្រីសុផាន់នី ត្រូវគ្រងសម្លៀកបំពាក់រុំជិតខ្លួន ដោយមានពាក់មួកទៀត ដើម្បីទប់កំដៅដែលភាយចេញពីឆ្នាំងដែកផង និងកំដៅដែលភាយពីថ្នល់កៅស៊ូផង។ តាមពិតទៅ អ្នកស្រីបានបន្តរបរនេះពីម្តាយរយៈពេល១៥ឆ្នាំមកហើយ។
«មួយថ្ងៃខ្ញុំអាចលក់ដាច់អស់ពី ២០០ ទៅ៣០០ នំ។ ខ្ញុំចំណេញបាន៤ទៅ៥ម៉ឺនដែរ។ ខ្ញុំអាចដោះស្រាយជីវភាពប្រចាំថ្ងៃបាន»។ នេះជាការអះអាងរបស់អ្នកស្រី សុផាន់នី ដែលបញ្ជាក់ថា អ្នកស្រីមានស្វាមី មានកូនអាយុ៣ឆ្នាំ និងម្តាយចំណាស់ម្នាក់ដែលជួយរៀបចំធ្វើនំជាមួយអ្នកស្រីនៅផ្ទះ។
មុខរបរតូចតាចនេះ រឹតតែសំខាន់ចំពោះអ្នកស្រី ជា រ៉ា ដែលកំពុងអាំងនំអន្សមលក់ជាមួយកូនប្រុសអាយុ២០ឆ្នាំម្នាក់ ដែលនៅមិនឆ្ងាយពីអ្នកស្រី សុផាន់នីឡើយ។ អ្នកស្រី ជា រ៉ា ប្រកបរបរនេះ១៧ឆ្នាំមកហើយតាំងពីកូនប្រុសរបស់អ្នកស្រីនៅតូច។ ១៧ឆ្នាំក្រោយ អ្នកស្រីក៏កំពុងលក់នំអន្សមនេះដដែល ដើម្បីឧបត្ថម្ភកូនប្រុសពីរនាក់ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ និងកូនប្រុសម្នាក់ទៀតដែលសិក្សានៅថ្នាក់វិទ្យាល័យ។ មានកូនប្រុសអង្គុយបក់ផ្លិតឲ្យពីក្រោយផង អ្នកស្រី ជា រ៉ា បានឆ្លៀតងាកមកឆ្លើយនឹងសំណួររបស់អ្នកកាសែតថ្មីៗដែលសួរថា ហេតុអ្វីបានជាអ្នកស្រីប្រកបរបរនេះបានយូរឆ្នាំ យ៉ាងដូច្នេះ៖«ខ្ញុំធ្លាប់គិតថា ឈប់លក់ដែរ ហើយរករបរអ្វីផ្សេង ពីព្រោះអង្គុយលក់ដូច្នេះ វាហត់ ហើយក្តៅ។ គ្រាន់តែថា យើងលក់ដាច់ដែរ ហើយរករបរថ្មីមិនបាន»។ នៅពេលដែលបានសម្រេចចិត្តបន្តរបរដដែលហើយនោះ អ្នកស្រី ជា រ៉ា ដែលមានស្វាមី និងកូនជួយសម្រាលការងារ ដោយការផ្លាស់ប្តូរវេនគ្នាលក់នំអន្សមនោះ ក៏មិនគិតយកបញ្ហាកំដៅព្រះអាទិត្យ និងធូលីដីហុយពីការធ្វើចរាចរណ៍របស់អ្នកដំណើរមកធ្វើជាឧបសគ្គទៀតឡើយ។
សាធារណជនទូទៅ អាចមើលឃើញរបរលក់នំអន្សមតាមចិញ្ចើមថ្នល់នេះ ថាជារបរតូចតាចដែលអាចចិញ្ចឹមគ្រួសារជាមួយនឹងថវិកាបន្តិចបន្តួច។ ប៉ុន្តែ បើគេស្តាប់ឮប្រសាសន៍ដ៏ម៉ឺងម៉ាត់របស់អ្នកស្រី វ៉ាន់ ឌី ដែលជាអ្នកលក់អន្សមអាំងម្នាក់ទៀតនៅក្បែរនោះ របរសុចរិតមួយនេះគឺជាអ្វីៗទាំងអស់សម្រាប់គ្រួសារអ្នកស្រី។ «ខ្ញុំលក់នំនៅទីនេះជាង១៥ឆ្នាំហើយ។ ខ្ញុំគ្មានគម្រោងឈប់ឡើយ ទោះវាក្តៅ និងហត់យ៉ាងណាក៏ដោយ។ ខ្ញុំរស់នៅជាមួយកូនស្រីពៅ ដែលជួយធ្វើនំជាមួយខ្ញុំ។ កូនផ្សេងៗ មានគ្រួសារអស់ហើយ»។
បើសិនជាគេ នឹកដល់អ្នកស្រីសុផាន់នី និងអ្នកស្រី ជា រ៉ា ដែលមានសមាជិកគ្រួសារច្រើន ហើយអាចរស់នៅចិញ្ចឹមគ្រួសារជាមួយនឹងរបរលក់នំអន្សមអាំងនេះបាន គេក៏អាចយល់បានថា ហេតុអ្វីអ្នកស្រី វ៉ាន់ ឌី ដែលរស់នៅតែពីរនាក់ជាមួយកូនស្រី មិនចង់ឈប់របរនេះ?
ផ្ទុយទៅវិញបើនិយាយអំពីអនាគតនោះ គឺអ្នកស្រីសុផាន់នី និងអ្នកស្រី ជា រ៉ា ទៅវិញទេ ដែលត្រូវព្រួយបារម្ភវិញនោះ។ ទីតាំងលក់ដូររបស់អ្នកម្តាយទាំងពីរ ត្រូវប្រឈមនឹងការបណ្តេញចេញ ដោយសារតែវាស្ថិតនៅមុខគម្រោងសាងសង់មួយ ដែលត្រូវមានច្រកចេញចូល ចំលើទីតាំងដែលរបស់អ្នកទាំងពីរតែម្តង។
ផ្ទុយទៅវិញ ទីតាំងលក់ដូររបស់អ្នកស្រី វ៉ាន់ ឌី ដែលនៅជាប់នឹងបង្គោលភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបទូតចិន) នោះ ទំនងជាមិនរងប៉ះពាល់ដោយគម្រោងសាងសង់នោះឡើយ។ វៀរលែងតែ អាជ្ញាធរប្រើប្រាស់ហេតុផលសណ្តាប់ធ្នាប់លើចិញ្ចើមថ្នល់តែប៉ុណ្ណោះ។
ដូច្នេះតើ២០ឆ្នាំក្រោយ របរលក់អន្សមអាំងមុខស្ថានទូតចិន ដែលបានក្លាយជាអត្តសញ្ញាណនៃទីតាំងនេះទៅហើយនោះ នឹងអាចបាត់បង់នៅពេលខាងមុខឬយ៉ាងណា? តើអតិថិជនជាច្រើនរយនាក់ក្នុងមួយថ្ងៃដែលតែងទិញនំអន្សមអាំងមុខស្ថានទូតចិន ត្រូវស្វែងរកអ្នកលក់ថ្មីវិញ?
អ្នកស្រី ជា រ៉ា អង្គុយអាំងអន្សមទាំងបែកញើស ជាមួយកូនប្រុសវ័យ២០ឆ្នាំកំពុងអង្គុយពីក្រោយកាន់កូនកង្ហារឲ្យម្ដាយកំពុងអាំងអន្សម
អ្នកស្រី វ៉ាន់ ឌី កំពុងអាំងអន្សមនៅក្រោមម្លប់ឈើ ជិតបង្គោលភ្លើងស្តុបមុខទូតចិន
អ្នកស្រី សុ ផាននី កំ ពុងអាំងនំអន្សមក្រោមដើមឈើធំមួយដើមលើផ្លូវម៉ៅសេទុង ទល់មុខស្ថានទូតចិន