ជាតិ
សង្គមជាតិ
អន្សមអាំង​មុខ​ស្ថានទូត​ចិន​៖ របរ​តូច ដែល​ចិញ្ចឹម​គ្រួសារ​ធំ​ជិត​២០​ឆ្នាំ​
15, May 2019 , 3:03 pm        
រូបភាព
​ប្រមាណ​២០​ឆ្នាំ​ហើយ ដែល​អ្នក​ភ្នំពេញ ប្រកបរបរ​លក់​អន្សមអាំង​នៅមុខ​ស្ថានទូត​ចិន លើ​មហាវិថី​ម៉ៅ​សេទុង​។ មិន​ក្ស័យធន តែ​ក៏​មិន​រីក​ធំធាត់​ប៉ុន្មាន​ដែរ​។ គ្រាន់តែ​ថា អាជីវក​រទាំង​៣​កន្លែង​នេះ សុទ្ធតែ​បាន​ប្រើប្រាស់​របរ​តូចតាច​នេះ ដើម្បី​ចិញ្ចឹម​គ្រួសារ និង​កូនប្រុស​ស្រី​របស់​ពួកគេ​បាន​ធំធាត់ រីកចម្រើន​។​

 
​ចំពោះតែ​អ្នក​ដែល​នឹក​ចង់​បរិភោគ​នំអន្សម​អាំង​ដែល​គេ​លក់​នៅមុខ​ស្ថានទូត​ចិន​នោះ ពួកគេ​មិន​និយាយ​អំពី​អនាម័យ​ឡើយ​។ ពួកគេ​និយាយ​អំពី​រសជាតិ​។ អន្សមអាំង នំ​ធ្វើ​ពី​អង្ករដំណើប​រាង​ការ៉េ នំ​ខ្លះទៀត​ក៏មាន​ស្នូល​ត្រាវ​ផ្អែម​។ ទាំងបី​ប្រភេទ នំ​នីមួយៗ​ត្រូវបាន​លក់​ក្នុងតម្លៃ​១០០០​រៀល​។ មិន​ខុសពី​អាជីវករ​នៅក្នុង​ទីផ្សារ​ធម្មតា​ទេ អ្នកលក់​នំអន្សម​នៅទីនេះ តែងតែ​ចាប់ផ្តើម​រៀបចំ​បង្កាត់ភ្លើងដាក់ក្នុងប្រទាសតាំងពីព្រឹក​ម៉ោង​៦ ហើយ​អង្គុយ​លក់​ដល់​ម៉ោង​៦​ល្ងាច​។​


 
​សកម្មភាព​បែបនេះ​ត្រូវបានធ្វើ​បន្ត​គ្នា​ពី​ម្តា​យមក​កូន​ទៀតផង​។ នេះ​ជា​ឧទាហរណ៍​របស់​អ្នកស្រី សុផាន់​នី ដែល​កំពុងកាន់​តង្កៀប​ចាប់​នំ​ប្រែ​ចុះឡើង​។ ទោះបី​ជា​បាន​អង្គុយ​លក់​នំ​នៅក្រោម​ដើមឈើ​ធំ​ត្រឈឹងត្រឈៃ ដែល​ទប់​កំដៅ​ព្រះអាទិត្យ​ខែប្រាំង​បាន​ខ្លះ​យ៉ាងណាក៏ដោយ អ្នកស្រី​សុផាន់​នី ត្រូវ​គ្រង​សម្លៀកបំពាក់​រុំ​ជិត​ខ្លួន ដោយមាន​ពាក់មួក​ទៀត ដើម្បី​ទប់​កំដៅ​ដែល​ភាយ​ចេញពី​ឆ្នាំង​ដែក​ផង និង​កំដៅ​ដែល​ភាយ​ពី​ថ្នល់​កៅស៊ូ​ផង​។ តាមពិតទៅ អ្នកស្រី​បាន​បន្ត​របរ​នេះ​ពី​ម្តាយ​រយៈពេល​១៥​ឆ្នាំ​មកហើយ​។​
 
«​មួយថ្ងៃ​ខ្ញុំ​អាច​លក់ដាច់​អស់ពី ២០០ ទៅ​៣០០ នំ​។ ខ្ញុំ​ចំណេញ​បាន​៤​ទៅ​៥​ម៉ឺន​ដែរ​។ ខ្ញុំ​អាច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បាន​»​។ នេះ​ជាការ​អះអាង​របស់​អ្នកស្រី សុផាន់​នី ដែល​បញ្ជាក់ថា អ្នកស្រី​មាន​ស្វាមី មានកូន​អាយុ​៣​ឆ្នាំ និង​ម្តាយ​ចំណាស់​ម្នាក់​ដែល​ជួយ​រៀបចំ​ធ្វើ​នំ​ជាមួយ​អ្នកស្រី​នៅផ្ទះ​។​
 
​មុខរបរ​តូចតាច​នេះ រឹតតែ​សំខាន់​ចំពោះ​អ្នកស្រី ជា រ៉ា ដែល​កំពុង​អាំង​នំអន្សម​លក់​ជាមួយ​កូនប្រុស​អាយុ​២០​ឆ្នាំ​ម្នាក់ ដែល​នៅ​មិន​ឆ្ងាយ​ពី​អ្នកស្រី សុផាន់​នី​ឡើយ​។ អ្នកស្រី ជា រ៉ា ប្រកប​របរ​នេះ​១៧​ឆ្នាំ​មកហើយ​តាំងពី​កូនប្រុស​របស់​អ្នកស្រី​នៅ​តូច​។ ១៧​ឆ្នាំក្រោយ អ្នកស្រី​ក៏​កំពុង​លក់​នំអន្សម​នេះ​ដដែល ដើម្បី​ឧបត្ថម្ភ​កូនប្រុស​ពីរ​នាក់​ដែល​កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ និង​កូនប្រុស​ម្នាក់ទៀត​ដែល​សិក្សា​នៅ​ថ្នាក់​វិទ្យាល័យ​។ មានកូន​ប្រុស​អង្គុយ​បក់ផ្លិត​ឲ្យ​ពីក្រោយ​ផង អ្នកស្រី ជា រ៉ា បាន​ឆ្លៀត​ងាក​មក​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ថ្មីៗ​ដែល​សួរថា ហេតុអ្វី​បានជា​អ្នកស្រី​ប្រក​បរបរ​នេះ​បានយូរ​ឆ្នាំ យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ធ្លាប់​គិតថា ឈប់​លក់​ដែរ ហើយរ​ករបរ​អ្វី​ផ្សេង ពីព្រោះ​អង្គុយ​លក់​ដូច្នេះ វា​ហត់ ហើយ​ក្តៅ​។ គ្រាន់តែ​ថា យើង​លក់ដាច់​ដែរ ហើយរ​ករបរ​ថ្មី​មិនបាន​»​។ នៅពេលដែល​បានសម្រេច​ចិត្ត​បន្ត​របរ​ដដែល​ហើយ​នោះ អ្នកស្រី ជា រ៉ា ដែលមាន​ស្វាមី និង​កូន​ជួយ​សម្រាល​ការងារ ដោយ​ការផ្លាស់ប្តូរ​វេន​គ្នា​លក់​នំអន្សម​នោះ ក៏​មិន​គិត​យក​បញ្ហា​កំដៅ​ព្រះអាទិត្យ និង​ធូលី​ដី​ហុយ​ពី​ការធ្វើ​ចរាចរណ៍​របស់​អ្នកដំណើរ​មក​ធ្វើជា​ឧបសគ្គ​ទៀតឡើយ​។​


 
​សាធារណជន​ទូទៅ អាច​មើលឃើញ​របរ​លក់​នំអន្សម​តាម​ចិញ្ចើមថ្នល់​នេះ ថា​ជា​របរ​តូចតាច​ដែល​អាច​ចិញ្ចឹម​គ្រួសារ​ជាមួយនឹង​ថវិកា​បន្តិចបន្តួច​។ ប៉ុន្តែ បើ​គេ​ស្តាប់ឮ​ប្រសាសន៍​ដ៏​ម៉ឺងម៉ាត់​របស់​អ្នកស្រី វ៉ាន់ ឌី ដែលជា​អ្នកលក់​អន្សមអាំង​ម្នាក់ទៀត​នៅក្បែរនោះ របរ​សុចរិត​មួយ​នេះ​គឺជា​អ្វីៗ​ទាំងអស់​សម្រាប់​គ្រួសារ​អ្នកស្រី​។ «​ខ្ញុំ​លក់​នំ​នៅទីនេះ​ជាង​១៥​ឆ្នាំ​ហើយ​។ ខ្ញុំ​គ្មាន​គម្រោង​ឈប់​ឡើយ ទោះ​វា​ក្តៅ និង​ហត់​យ៉ាងណាក៏ដោយ​។ ខ្ញុំ​រស់នៅ​ជាមួយ​កូនស្រី​ពៅ ដែល​ជួយ​ធ្វើ​នំ​ជាមួយ​ខ្ញុំ​។ កូន​ផ្សេងៗ មានគ្រួសារ​អស់ហើយ​»​។​
 
​បើសិនជា​គេ នឹក​ដល់​អ្នកស្រី​សុផាន់​នី និង​អ្នកស្រី ជា រ៉ា ដែលមាន​សមាជិកគ្រួសា​រ​ច្រើន ហើយ​អាច​រស់នៅ​ចិញ្ចឹម​គ្រួសារ​ជាមួយនឹង​របរ​លក់​នំអន្សម​អាំង​នេះ​បាន គេ​ក៏​អាច​យល់បាន​ថា ហេតុអ្វី​អ្នកស្រី វ៉ាន់ ឌី ដែល​រស់​នៅតែ​ពីរ​នាក់​ជាមួយ​កូនស្រី មិន​ចង់​ឈប់​របរ​នេះ​?
 
​ផ្ទុយទៅវិញ​បើ​និយាយ​អំពី​អនាគត​នោះ គឺ​អ្នកស្រី​សុផាន់​នី និង​អ្នកស្រី ជា រ៉ា ទៅវិញ​ទេ ដែល​ត្រូវ​ព្រួយបារម្ភ​វិញ​នោះ​។ ទីតាំង​លក់ដូរ​របស់​អ្នក​ម្តាយ​ទាំងពីរ ត្រូវ​ប្រឈម​នឹង​ការបណ្តេញចេញ ដោយសារតែ​វា​ស្ថិត​នៅមុខ​គម្រោង​សាងសង់​មួយ ដែល​ត្រូវមាន​ច្រកចេញចូល ចំ​លើ​ទីតាំង​ដែល​របស់​អ្នក​ទាំងពីរ​តែម្តង​។​


 
​ផ្ទុយទៅវិញ ទីតាំង​លក់ដូរ​របស់​អ្នកស្រី វ៉ាន់ ឌី ដែល​នៅជាប់​នឹង​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​ទូត​ចិន​) នោះ ទំនងជា​មិន​រង​ប៉ះពាល់​ដោយ​គម្រោង​សាងសង់​នោះឡើយ​។ វៀរលែងតែ អាជ្ញាធរ​ប្រើប្រាស់​ហេតុផល​សណ្តាប់ធ្នាប់​លើ​ចិញ្ចើមថ្នល់​តែប៉ុណ្ណោះ​។​
 
​ដូច្នេះ​តើ​២០​ឆ្នាំក្រោយ របរ​លក់​អន្សមអាំង​មុខ​ស្ថានទូត​ចិន ដែល​បាន​ក្លាយជា​អត្តសញ្ញាណ​នៃ​ទីតាំង​នេះ​ទៅហើយនោះ នឹង​អាច​បាត់បង់​នៅពេល​ខាងមុខ​ឬ​យ៉ាងណា​? តើ​អតិថិជន​ជាច្រើន​រយ​នាក់​ក្នុង​មួយថ្ងៃ​ដែល​តែង​ទិញ​នំអន្សម​អាំង​មុខ​ស្ថានទូត​ចិន ត្រូវ​ស្វែងរក​អ្នកលក់​ថ្មី​វិញ​?


អ្នកស្រី ជា រ៉ា អង្គុយអាំងអន្សមទាំងបែកញើស ជាមួយកូនប្រុសវ័យ២០ឆ្នាំកំពុងអង្គុយពីក្រោយកាន់កូនកង្ហារឲ្យម្ដាយកំពុងអាំងអន្សម

អ្នកស្រី វ៉ាន់ ឌី កំពុង​អាំងអន្សម​នៅក្រោម​ម្លប់ឈើ ជិត​បង្គោល​ភ្លើងស្តុប​មុខ​ទូត​ចិន


អ្នកស្រី សុ ផាន​នី កំ ពុងអាំង​នំអន្សម​​ក្រោម​ដើមឈើ​ធំ​មួយ​ដើមលើ​ផ្លូវ​ម៉ៅ​សេទុង ទល់មុខ​ស្ថានទូត​ចិន





Tag:
 អន្សមអាំង
  ស្ថានទូត​ចិន
  ម៉ៅ​សេទុង
© រក្សាសិទ្ធិដោយ thmeythmey.com