កីឡាអន្តរជាតិ
អន្តរជាតិ
Man City មានភាគរយខ្ពស់មិនអាចលេង UCL បើ UEFA រកឃើញថាបំពានច្បាប់ហិរញ្ញវត្ថុ
× ក្រុម Manchester City ប្រឈមបំរាមមិនឲ្យចូលរួមប្រកួតពានរង្វាន់ UEFA Champions League រដូវកាលក្រោយ ប្រសិនបើក្រុមស៊ើបអង្កេតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រកឃើញថាម្ចាស់ជើងឯក Premier League នេះបំពានច្បាប់ហិរញ្ញវត្ថុ។ សព្វថ្ងៃ សំណុំរឿងនេះទៅដល់ដំណាក់កាលសម្រេចចិត្តចុងក្រោយ ប៉ុន្តែក្រុមស៊ើបអង្កេតរបស់ UEFA ចង់ឲ្យមានការដាក់ពិន័យ Man City បែបនេះ។
អតីតនាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Yves Leterme ដែលបច្ចុប្បន្នជាប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុឯករាជ្យរបស់ UEFA ជាអ្នកសម្រេចចិត្តចុងក្រោយនៅក្នុងសប្តាហ៍នេះថាតើត្រូវដាក់ទណ្ឌកម្មលើក្រុម Man City ឬក៏អត់នោះ។
ក្លិបរហស្សនាមមេឃខៀវ ត្រូវបានចោទប្រកាន់ជាច្រើនករណីចាប់តាំងពី UEFA បើកការស៊ើបអង្កេតឡើងវិញជុំវិញច្បាប់កំណត់ហិរញ្ញវត្ថុលើការចំណាយ Financial Fair Play (FFP) កាលពីខែមីនាមក។
លោក Yves Leterme ប្រធានក្រុមស៊ើបអង្កេតនៃគណៈកម្មការគ្រប់គ្រងហិរញ្ញវត្ថុឯករាជ្យរបស់ UEFA
ច្បាប់ FFP បង្កើតឡើងដើម្បីបង្ការ និងទប់ស្កាត់រាល់ក្លិបកីឡាបាល់ទាត់ក្នុងតំបន់អឺរ៉ុបលើការចំណាយហួសកំណត់លើសប្រាក់ចំណូល។ ច្បាប់នេះដែរក៏បានជួយដោះស្រាយបញ្ហារបស់ក្លិបដើម្បីគេចផុតពីការជំពាក់បំណុលទៀតផង។
យោងតាមឯកសារបែកធ្លាយដែលបានចេញផ្សាយតាមរយៈទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel បង្ហាញថាក្លិប Man City បានលាក់ប្រាក់យ៉ាងហោចណាស់ ៧០លានផោន (៩០លានដុល្លារអាមេរិក) ដោយអះអាងថាជាប្រាក់ដែលបានមកពីការឧបត្ថម្ភលើការផ្សាយពាណិជ្ជកម្ម។ តាមរយៈឯកសារខាងលើនេះ គេជឿជាក់ថា UEFA នឹងចោទប្រកាន់ម្ចាស់ជើងឯក Premier League នេះពីបទផ្តល់ការពន្យល់មិនសមហេតុផលទៅលើហិរញ្ញវត្ថុរបស់ពួកគេ។
ជុំវិញឯកសារខាងលើ ក្រុមដែលដឹកនាំដោយលោក Pep Guardiola បានបន្ដបដិសេធដោយអះអាងថា នេះជាការប៉ុនប៉ងមួយដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍ចោទសួរពីភាពត្រឹមត្រូវនៃការស៊ើបអង្កេតរបស់ UEFA បន្ទាប់ពីរបាយការណ៍របស់កាសែត New York Times បញ្ជាក់ថា Man City នឹងត្រូវផ្អាកមិនឲ្យលេងក្នុងក្របខណ្ឌកំពូលអឺរ៉ុបពេញមួយរដូវកាលក្រោយតែម្តង។
ប្រសិនបើលោក Leterme សម្រេចចិត្តថា ក្លិបដែលគ្រប់គ្រងដោយសេដ្ឋីប្រេងសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមលោក Sheikh Mansour ពិតជាបានបំពានច្បាប់ហិរញ្ញវត្ថុមែននោះ UEFA នឹងដកកៅអី Champions League របស់ពួកគេទៅឲ្យក្រុមចំណាត់ថ្នាក់ទី៥ នៃលីគកំពូលអង់គ្លេស ដែលសព្វថ្ងៃជារបស់ Arsenal ជំនួសវិញ។
ក្រៅពី Man City ក្រុមយក្សបារាំង Paris St-Germain ដែលគ្រប់គ្រងដោយមហាសេដ្ឋីកាតាក៏កំពុងទទួលការស៊ើបអង្កេតយ៉ាងខ្លាំងក្លាដែរជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុនេះ៕
Tag:
Manchester City
UEFA
UEFA Champions League
Financial Fair Play
© រក្សាសិទ្ធិដោយ thmeythmey.com