អន្តរជាតិ
លោក មហា​ធៀ ឲ្យ​សមាជិក​រដ្ឋសភា​ទាំងអស់​ប្រកាស​ទ្រព្យសម្បត្តិ ដើម្បី​អាច​រិះគន់​រដ្ឋាភិបាល​
15, May 2019 , 7:39 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ AFP)
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ប្រភពរូប៖ AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ លើកឡើងថា ជា​ផ្នែក​មួយ​នៃ​វិធាន​ការដែល​បានដាក់​ចេញ​ក្នុង «​ផែនការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ជាតិ​» សមាជិកសភា​ម៉ាឡេស៊ី​ទាំងអស់ រួមទាំង​ក្រុម​បក្សប្រឆាំង​ផង​នោះ នឹង​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ មេដឹកនាំ​ចាស់វស្សា​រូបនេះ ចាត់ទុក​ការ​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ​បែបនេះ​ថា ជាការ​ដោះដូរ​នឹង​អំណាច​ដើម្បី​រិះគន់​រដ្ឋាភិបាល​។​

 
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ពិសេស​ទទួលបន្ទុក​ប្រឆាំងនឹង​អំពើពុករលួយ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ បញ្ជាក់​ឲ្យ​ដឹងថា សមាជិកសភា​មកពី​គណបក្សប្រឆាំង ត្រូវតែ​ហ៊ាន​ប្រកាស​ទ្រព្យសម្បត្តិ​ពួកគេ ជា​ថ្នូរ​នឹង «​អំណាច​» ដើម្បី​រិះគន់​រដ្ឋាភិបាល​។  
 
«​ដូច្នេះ សម្រាប់ «​អំណាច​» បែបនេះ ក្រុម​បក្សប្រឆាំង ត្រូវតែ​ហ៊ាន​ចេញមុខ​ប្រកាស​ទ្រព្យសម្បត្តិ​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​»​។ លោក មហា​ធៀ លើកឡើង​បែបនេះ​កាលពី​ថ្ងៃទី​១៤ ឧសភា ដោយ​បន្ថែមថា លោក​បាន​បញ្ជូន​សំណើ​នេះ​ទៅកាន់​ប្រធានរដ្ឋសភា ដើម្បី​ត្រួតពិនិត្យ និង​អនុម័ត​ជាមុនសិន ទើប​អាច​ចូល​ធរមាន​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bernama ។​
 
​តាមពិតទៅ សម្ព័ន្ធភាព Pakatan Harapan ដែល​កំពុង​កាន់អំណាច​ម៉ាឡេស៊ី ក៏​ធ្លាប់​បានស្នើ​ឲ្យ​រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី សមាជិកសភា និង​មន្ត្រី​របស់ខ្លួន​ទាំងអស់ ប្រកាស​ទ្រព្យសម្បត្តិ​របស់​ពួកគេ ទៅកាន់​គណៈកម្មការ​ប្រឆាំង​នឹង​អំពើ​រលួយ​ម៉ាឡេស៊ី (MACC) ផងដែរ​។ ការដាក់​ស្នើ​បែបនេះ ធ្វើឡើង​ដើម្បី​អនុវត្តតាម​ការសន្យារ​បស់​សម្ព័ន្ធភាព​នេះ​ទៅកាន់​ប្រជាជន​ម៉ាឡេស៊ី អំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​។ សម្រាប់​ពេលបច្ចុប្បន្ន សមាជិកសភា​បក្សប្រឆាំង មិនទាន់​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅឡើយ​ទេ​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល លោក មហា​ធៀ គូសបញ្ជាក់​ទៀតថា សំណើ​ដែល​បាន​បញ្ជូន​ទៅកាន់​ប្រធានសភា​រួចរាល់​ហើយ​នោះ ក៏បាន​រាប់បញ្ចូល​វិន័យ​ថ្មី​មួយ ដោយ​កំណត់​តម្លៃ​វត្ថុ​អនុស្សាវរីយ​ដែល​មន្ត្រី​អាច​ទទួលបាន​គឺ​ត្រឹម ១១៩​ដុល្លារ​ប៉ុណ្ណោះ​។  
 
«​ជាមួយ​វិន័យ​ថ្មី​នេះ មន្ត្រី​មិនអាច​ទទួលយក​រង្វាន់​ច្រើន​ឡើយ​»​។ នេះ​ការបកស្រាយ​របស់​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ ដោយ​លើក​ឧទាហរណ៍​ថា កាលពី​លោក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​កាលពី​លើកទីមួយ (​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ ២០០៣) លោក​ធ្លាប់​ទទួលបាន​រថយន្ត ២៦​គ្រឿង ប៉ុន្តែ​លោក​បាន​បញ្ជូន​រថយន្ត​ទាំងអស់​ទៅ​ដាក់​សារមន្ទីរ​អស់ហើយ​។ យ៉ាងណាមិញ លោក​មហា​ធៀ ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា រថយន្ត​ទាំងនោះ ប្រគល់​ឲ្យ​លោក​ក្នុង​បំណង​អ្វី ឬ​ម្ចាស់​ដើម​ជា​អ្នកណា​នោះឡើយ​។ 
 
​សូមបញ្ជាក់ថា ម៉ាឡេស៊ី ធ្វើបាន​ល្អ​ជាង​មុន​ក្នុង​ស​ន្ទ​ស្សន៍​បង្ហាញ​ពី​អំពើពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ឈរលើ​តំណែង​លេខ ៦១ ក្នុងចំណោម ១៨០​ប្រទេស​។ ហើយ​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ម៉ាឡេស៊ី ឈរ​នៅ​តំណែង​កំពូល​ទាំងបី តាម​ពីក្រោយ​សិង្ហ​បុរី និង​ព្រុយ​ណេ​។​
 
​បច្ចុប្បន្ននេះ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​បាន​ចាញ់ឆ្នោត​ប្រជែង​នឹង​លោក​មហា​ធៀ កំពុង​ប្រឈមមុខ​នឹង​សំណុំរឿង​អំពើពុករលួយ​ដ៏​ធំ​មួយ ពាក់ព័ន្ធ​នឹង​ការ​លួច​លុយ​ជំនួយ​រដ្ឋ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជាតិ 1MDB ៕
 

Tag:
 ​ម៉ាឡេស៊ី​
  មហា​ធៀ​
  ពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com