សម្តេច ហ៊ុន សែន ៖ កម្ពុជា ជា «​រោងចក្រ​នៃ​អាស៊ី​»
ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ៖ កម្ពុជា ជា «​រោងចក្រ​នៃ​អាស៊ី​»
15, May 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​ក្លាយខ្លួនជា «​រោងចក្រ​នៃ​អាស៊ី​» ព្រោះ​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែលមាន​ភាពងាយស្រួល​ក្នុងការ​ផ្គត់ផ្គង់​ទំនិញ​លើ​ទីផ្សារ​អនុតំបន់​មេគ្គង​, ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។ នេះ​ជា​សក្តានុពល​វិនិយោគ​សំខាន់​មួយ ក្នុងចំណោម​សក្តានុពល​សំខាន់​ផ្សេងៗ​ទៀត ដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់ កាលពី​ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ​២០១៩​។

 
​ថ្លែង​ចំពោះមុខ​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក ខេ ភី សា​ម៉ា អូ​លី និង​អ្នក​ធុរកិច្ច​នេ​ប៉ាល់​ជាច្រើនរូប​ទៀត​នោះ សម្តេច ហ៊ុន សែន បាន​រៀបរាប់​ពី​សក្តានុពល​របស់​កម្ពុ​ជា ទៅកាន់​អ្នកវិនិយោគ​ទាំងនោះ​ថា កម្ពុ​ជាមាន​សក្តានុពល​វិនិយោគ​សំខាន់ៗ​ចំនួន ៤​ចំណុច​គឺ​៖ ទី​១ ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច​។ ទី​២ ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។ ទី​៣ កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២ ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។ ទី​៤ កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា «​រោងចក្រ​នៃ​អាស៊ី​»​។ សម្ដេច ហ៊ុន សែន ជំរុញ​ឲ្យ​វិនិយោគ​គិ​ន​បរទេស​មក​សិក្សា​ឈ្វេងយល់​ពី​សក្តានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖« ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​នេ​ប៉ាល់ ដែល​មានបំណង​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស​»​។​
 
​រាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥- ២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្នែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ 
 
​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០១៩ នេះ គម្រោង​វិនិយោគ​ដែល​ត្រូវ​បានអនុម័ត​មាន​ចំនួន ១១៥​គម្រោង ដែលមាន​ទុនវិនិយោគ​ប្រមាណ ៤ ប៊ី​លាន​ដុល្លារ​អាមេរិក​។ ហើយ​ចំពោះ​រយៈពេល​៥​ឆ្នាំ​(២០១៤-២០១៨) កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ៩៥៩​គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ ២៣​ប៊ី​លាន​ដុល្លារ​អាមេរិក​ដែល​អាចបង្កើត​ការងារ​ចំនួន ១​លាន​កន្លែង​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
 ​សេដ្ឋកិច្ច​
  នេ​ប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com