លោក ស៊ី ជិន​ភីង ថា អរិយធម៌​គ្មាន​ខ្ពស់​ទាប​ឡើយ​
អន្តរជាតិ
លោក ស៊ី ជិន​ភីង ថា អរិយធម៌​គ្មាន​ខ្ពស់​ទាប​ឡើយ​
15, May 2019 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​១៥ ខែឧសភា បាន​អំពាវនាវ​ដល់​ប្រទេស​នានា​ឲ្យ​គោរព​អរិ​យា​ធម៌​គ្នា​ទៅវិញទៅមក ព្រោះ​អរិយធម៌​លើ​ពិភពលោក គ្មាន​ខ្ពស់​ទាប​អ្វី​ឡើយ​។ សម្រាប់​លោក ស៊ី ប្រទេស​ទាំងឡាយ ចាំបាច់​ផ្លាស់ប្ដូរ បើកចំហ និង​រៀនសូត្រ​ពី​អរិយធម៌​គ្នា​ទៅមក​ដោយ​ស្មើភាព ហើយក៏​មិនត្រូវ​បង្ខំ​ឲ្យ​អ្នកណា​ទទួលយក​តម្លៃរ​បស់​ខ្លួន​ដែរ​។ ទោះ​និយាយ​ជាទូទៅ​ក្ដី ការលើកឡើង​របស់លោក ស៊ី ហាក់​ចង់​សំដៅ​អាមេរិក​ដែល​ចាត់ទុក​ការប្រកួត​ជាមួយ​ចិន ជាការ​ប្រជែង​អរិយធម៌​ពីរ​។​

 
​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​កិច្ចសន្ទនា​អរិយធម៌​អាស៊ី​លើកទីមួយ​នៅ​ថ្ងៃទី​១៥ ខែឧសភា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង​ការ​ឲ្យ​តម្លៃ​ស្មើគ្នា​រវាង​អរិយធម៌​ដ៏​ច្រើន​របស់​ពិភពលោក​។ ទោះ​សម្បូរបែប​យ៉ាងណាក្ដី អរិយធម៌​គ្មាន​ខ្ពស់​ទាប​អ្វី​ឡើយ ព្រោះ​បើ​អរិយធម៌​មនុស្ស​ផ្ដោតលើ​អរិយធម៌​តែមួយ​នោះ ពិភពលោក​នឹង​ក្លាយទៅជា​ទី​គួរ​ឲ្យ​ធុញទ្រាន់ ហើយ​មិន​ទាក់​អារម្មណ៍​ផង​។​
 
​ចំពោះមុខ​មេដឹកនាំ​អន្តរជាតិ​ជាច្រើន និង​ភ្ញៀវ​អន្តរជាតិ​ជាង​ពីរពាន់​នាក់​ទៀត​នោះ លោក ស៊ី ក៏​រំឭក​ពី​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​របស់លោក​ជាច្រើន​នៅពេល​កន្លងមក ហើយ​អ្វីដែល​បាន​ទាក់ភ្នែក​លោក គឺ​ភាពខុសគ្នា​នៃ​អរិយធម៌​ប្រទេស​ទាំងនោះ​។ ប៉ុន្តែ​លោក​បាន​ព្រមាន​ពី​គ្រោះថ្នាក់ បើសិន​ប្រទេស​ខ្លះ​មានគំនិត​ថា អរិយធម៌​មួយ​ខ្ពង់​ខ្ពស់ជាង​អរិយធម៌​មួយទៀត​។​
 
​ការ​គិតថា ពូជសាសន៍​ខ្លួនឯង និង​អរិយធម៌​ខ្លួន​ល្អ​ជាង​គេឯង និង​ការ​មានគំនិត​ចង់​ផ្លាស់ប្ដូរ​អរិយធម៌​មួយ​ជំនួស​ដោយ​អរិយធម៌​ខ្លួនឯង គឺជា​ការគិត​ដ៏​ល្ងង់ខ្លៅ ហើយ​បើ​យកទៅអនុវត្ត​ទៀត នឹង​នាំ​មហន្តរាយ​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ចិន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ លោក ស៊ី មិនបាន​និយាយ​ចំឈ្មោះ​ប្រទេស​ណា​ឡើយ តែ​ពីរ​សប្ដាហ៍​មុននេះ មន្ត្រី​អាមេរិក​រង​ការរិះគន់​ជុំវិញ​ការ​លើកឡើងថា ការប្រកួតប្រជែង​រវាង​អាមេរិក និង​ចិន ជាការ​ប្រកួត​រវាង​អរិយធម៌​ពីរ​ខុសស្រឡះ​។​
 
​លោក Kiron Skinner នាយក​ផ្នែក​រៀបចំ​គោលនយោបាយ​នៃ​ក្រសួងការបរទេស​អាមេរិក ថែមទាំង​មានគំនិត​បែប​ប្រកាន់ពូជសាសន៍​ទៅទៀត នៅពេល​លោក​និយាយ​ក្នុង​វេទិកា​សន្តិសុខ​មួយ​ថា ស្ថានការណ៍​បច្ចុប្បន្ន ជា​លើកដំបូង​ដែល​គូប្រជែង​ដ៏​ធំ​របស់​អាមេរិក​មិនមែន​មកពី​តំបន់​កូ​កាស់​។ ដ្បិត​មិន​ចុច​ចំឈ្មោះ​អាមេរិក ប្រមុខរដ្ឋ​ចិន​អះអាងថា សព្វថ្ងៃ​គ្មាន​ការ​ប្រជែង​អរិយធម៌​អ្វី​ឡើយ ហើយ​រឿង​សំខាន់ គឺ​ការគោរព​គ្នា​ទៅមក​។​
 
​ក្នុង​វេទិកា​ដដែល លោក ស៊ី ក៏​ឆ្លៀត​និយាយ​លើកសរសើរ​អរិយធម៌​ចិន​ដែល​លោក​ជឿថា បាន​ចូលរួម​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​អរិយធម៌​មនុស្សជាតិ​។ លោក​បានលើកឡើង​ពី​របកគំហើញ​សំខាន់ៗ​របស់​ចិន​មានការ​បង្កើត​រំសេវ ត្រីវិស័យ ប្រក្រតីទិន ការបង្កើត​ក្រដាស និង​ទស្សនវិជ្ជា ដែល​បាន​ជះឥទ្ធិពល​លើ​ពិភពលោក ហើយ​តួនាទី​យ៉ាង​ធំធេង​ក្នុង​ដំណើរការ​អភិវឌ្ឍ​អរិយធម៌​នានា​។ លោក​ប្ដេជ្ញា​ថា ចិន​នឹង​បន្ត​បើកចំហ​អរិយធម៌​របស់ខ្លួន និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​របស់​ពិភពលោក​ទៀត​៕  

Tag:
 ចិន​
  អាមេរិក​
  ស៊ី ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com