អន្តរជាតិ
ចិន​នាំ​សព្វាវុធ​ចេញ​កាន់តែច្រើន​ទៅ​ទីផ្សារ​អន្តរជាតិ ដូចជា​ប៉ា​គី​ស្ថាន រដ្ឋ​អាហ្វ្រិក និង​វ៉េ​ណេ​ស៊ុយ​អេ​ឡា
16, May 2019 , 8:29 am        
រូបភាព
ដោយ:
​ជាច្រើន​ទសវត្សរ៍​មកនេះ សន្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​ក្លៀវក្លា គួបផ្សំ​នឹង​ការធ្វើ​ទំនើបកម្ម​យោធា​ដែល​កំពុង​បន្ត បានប្រែក្លាយ​យក្ស​ចិន​ឲ្យ​ទៅជា​ប្រទេស​ដ៏​សកម្ម​បំផុត​មួយ ដែល​ចូលប្រឡូក​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​សព្វាវុធ​សកល​។  ដំបូង​ឡើយ ក្រុង​ប៉េកាំង បាន​ទិញ​សព្វាវុធ​លើកលែង​អាវុធ​នុយក្លេអ៊ែរ ក្នុង​បរិមាណ​ច្រើនជាង​អាវុធ​ដែល​ខ្លួន​លក់​ចេញទៅ​ក្រៅប្រទេស​។ យ៉ាងណាមិញ ចាប់តាំងពី​ឆ្នាំ​២០១៣ តម្លៃ​ជារួម​នៃ​ការនាំចេញ​អាវុធ​ចិន បាន​កើនឡើង​លើស​ទំហំ​នៃ​ការ​នាំចូល​អាវុធ​ពី​បរទេស​របស់ខ្លួន​។ 

 
​នៅ​ចន្លោះ​ឆ្នាំ ២០០៨ និង ២០១៧ មហាអំណាច​យោធា​ចិន បាន​នាំចេញ​សព្វាវុធ ក្នុង​ទំហំ​ទឹកប្រាក់  ១៤,៤​ពាន់​លាន​ដុល្លារ​ទៅកាន់​បណ្តា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​។ សម្រាប់​តួលេខ​នេះ ចិន ជាប់​ចំណាត់ថ្នាក់​លេខ​៥ ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​លើ​ពិភពលោក តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ដែល​ឈរ​លេខ​មួយ រុស្ស៊ី បារាំង និង​អាល្លឺម៉ង់​។​
 
​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ Stockholm (SIPRI)​ការលក់​អាវុធ​របស់​ចិន បាន​ហក់​ឡើង​ពី ៦៥០ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៨  ទៅកាន់ ១,១៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។  ក្នុងនោះ ប្រមាណ ៧៤​ភាគរយ​នៃ​ការនាំចេញ​អាវុធ​នេះ បាន​លក់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ចំណែក ២១​ភាគរយ​ផ្សេងទៀត បាន​លក់​ទៅ​ឲ្យ​តំបន់​អាហ្វ្រិក​។​
 
​ទោះបីជា ចិន​ចាត់ទុក​ខ្លួនឯង ជា​ប្រទេស​នាំចេញ​អាវុធ​ដ៏​ធំ​មួយ​លើ​ពិភពលោក​ក៏ដោយ​ក្តី តែបើ​យើង​មើល​ទៅលើ​តួលេខ​នៃ​ការលក់​អាវុធ​របស់​ប្រទេស​នេះ​វិញ គឺ វា​មាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប​នឹង​សហរដ្ឋអាមេរិក​។ ការលក់​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​ជា​មធ្យម​ប្រចាំឆ្នាំ ស្មើនឹង​៩​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ប្រទេសជិតខាង​អាស៊ី គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​សម្រាប់​អាវុធ​ចិន​
 
​ភាគច្រើន​នៃ​ការនាំចេញ​អាវុធ​របស់​ក្រុង​ប៉េកាំង បាន​លក់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ក្បែរ​ខាង​ខ្លួន​។ ទោះបី​ការនាំចេញ​អាវុធ​មាន​កម្រិត​ទាប​នៅឡើយ កាលពី​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដល់ ពាក់កណ្តាល​ទសវត្ស​ន៍​ឆ្នាំ​២០០០  ចិន​បាន​នាំចេញ​អាវុធ ៨២​ភាគរយ​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ទំនោរ​បែបនេះ នៅតែ​បន្តធ្វើ​ដដែល ខណៈ​ចិន បច្ចុប្បន្ននេះ ក្លាយខ្លួនជា​ប្រទេស​ឈានមុខ​គេ​មួយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អាវុធ​សកល​។ 
 
​តួយ៉ាង ចាប់តាំងពី​ឆ្នាំ​២០០៨​មក ការលក់​អាវុធ​សរុប​របស់​ចិន​ប្រមាណ ៦២​ភាគរយ ត្រូវបាន​រកឃើញថា នាំចេញ​ទៅកាន់​ប្រទេស ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស និង​មី​យ៉ាន់​ម៉ា​។ ចំណែក​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី ផ្សេងទៀត បាន​បញ្ជា​ទិញ​អាវុធ ១១,៨​ភាគរយ​ផ្សេងទៀត​ពី​ចិន​។  
 
​ទន្ទឹមនឹង​គ្នា​នេះដែរ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ ការលក់​អាវុធ​របស់​ចិន​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​ខាងត្បូង បាន​ស្ទុះ​ឡើង​ពី ៣៦៨ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៨ ទៅ ១,៥ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៦ មុននឹង​ធ្លាក់​មកកាន់ ៩៤៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។  ទោះបី​មាន​កំណើន​ក្តី តួលេខ​នេះ នៅមានកម្រិត​ទាប​ខ្លាំងណាស់ បើ​ធៀប​នឹង​ការនាំចេញ​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​។ ចាប់តាំងពី​ឆ្នាំ​២០០៨​មក សហរដ្ឋអាមេរិក  បាន​លក់​អាវុធ​ទៅ​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី (​លើកលែង​តំបន់​មជ្ឈិមបូព៌ា​) ក្នុង​ទំហំ​ទឹកប្រាក់​ដល់​ទៅ ២៧,២​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
​តើ​កត្តា​អ្វីដែល​ជំរុញ​ឲ្យ​ប្រទេស ប៉ា​គី​ស្ថាន​ទិញ​អាវុធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ចិន​?  
 
​ចំណងទាក់ទង​យោធា​ជិតស្និទ្ធ ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​ចិន ក្លាយជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​ប៉ា​គី​ស្ថាន​ច្រើនជាង​បណ្តា​ផ្សេងទៀត​។ ដោយសារ​មានការ​កើនឡើង​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុង​ប៉េកាំង និង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ  ក្នុង​គោលដៅ​ដើម្បី​ទប់ទល់​នឹង​អំពើ​ភេរវកម្ម ការលក់​អាវុធ បាន​ហក់​ឡើង​ពី ២៥០​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០០៨ ទៅ​ជាង ៧៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០០៩​។  
 
​បង់​ក្លា​ដេ​ស ក៏​ជា​អតិថិជន​អាវុធ​របស់​ចិន​ដ៏​ធំ​មួយ​ផងដែរ ។ ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ ចិន បាន​លក់​អាវុធ​ឲ្យ​បង់​ក្លា​ដេ​ស​ប្រមាណ ១,៨៦​ពាន់​លាន​ដុល្លារ ។ តួលេខ​នេះ ស្មើនឹង​៧១,៨​ភាគ​នៃ​អាវុធ​សរុប ដែល​យោធា​បង់​ក្លា​ដែ​ស​កាន់កាប់​។​ ចំណែក​មី​យ៉ាន់​ម៉ា ដែលជា​ទីផ្សារ​ធំ​បំផុត​ទី​បី​របស់​អាវុធ​ចិន​ក្នុង​តំបន់​អាស៊ី បាន​នាំចូល​អាវុធ​ពី​ចិន ក្នុង​ទំហំ​ទឹកប្រាក់ ៩៥៤​លាន​ដុល្លារ ក្នុង​រយៈ​៦​ឆ្នាំ​ចុង​ក្រោយនេះ​។ 
 
​ទីផ្សារ​សម្រាប់​អាវុធ​ចិន​ក្នុង​តំបន់​អាហ្វ្រិក​មាន​ទំហំ​តិចតួច​
 
​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​១៩៩០ ការលក់​អាវុធ​របស់​ចិន​ទៅ​ឲ្យ​តំបន់​អាហ្វ្រិក មាន​ទំហំ​តិចជាង ១៥​ភាគរយ​នៃ​ការនាំចេញ​អាវុធ​សរុប​របស់ខ្លួន​។ យ៉ាងណាមិញ តួលេខ​នេះ ចាប់ផ្តើម​កើនឡើង ខណៈ​ចិន ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​ខ្លួន​ក្នុង​តំបន់​នេះ​។  ជាក់ស្តែង ចាប់តាំងពី​ឆ្នាំ​២០០៨​មក បណ្តា​ប្រទេស​ក្នុង​តំបន់​ជាច្រើន បាន​ទិញ​អាវុធ​ប្រមាណ ២១​ភាគរយ​នៃ​ការនាំចេញ​អាវុធ​ជារួម​របស់​ចិន ដែល​ស្មើនឹង ៣​ពាន់​លាន​ដុល្លារ​។ 
 
​ក្នុងចំណោម​នោះ បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាងជើង គឺជា​ទីផ្សារ​ទីមួយ​សម្រាប់​អាវុធ​ចិន ដែល​គ្របដណ្តប់ ៤២​ភាគរយ​នៃ​ការនាំចេញ​របស់​ចិន​ទៅកាន់​ទ្វីបអាហ្វ្រិក​ទាំងមូល​។ ប្រមាណ ២៩​ភាគរយ​ផ្សេងទៀត បាន​ហូរ​ចូលទៅ​កាន់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាងកើត និង​២៩​ភាគរយ​ដែល​នៅ​សស់​សល់ ត្រូវបាន​បែងចែក​រវាង​បណ្តា​រដ្ឋ​អាហ្វ្រិក​ផ្សេងៗ​ទៀត​។ 
 
​ក្រៅពី​ចិន អាមេរិក និង​រុស្ស៊ី ក៏បាន​លក់​អាវុធ​ឲ្យ​តំបន់​អាហ្វ្រិក​ផងដែរ​។  ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយនេះ អាមេរិក បាន​លក់​អាវុធ​ឲ្យ​តំបន់​អាហ្វ្រិក​ប្រមាណ ៤,៩​ពាន់​លាន​ដុល្លារ  ក្នុងនោះ ៨៧​ភាគរយ ត្រូវបាន​ទិញ​ដោយ​អេ​ហ្ស៊ី​ប និង​ម៉ា​រ៉ុ​ក ។  ចំណែក​រុស្ស៊ី បាន​លក់​អាវុធ​ឲ្យ​តំបន់​អាហ្វ្រិក​ប្រមាណ ១២,៤​ពាន់​លាន​ដុល្លារ គិត​ចាប់ពី​ឆ្នាំ​២០០៨​មក  ក្នុងនោះ ប្រមាណ ៨៤​ភាគរយ ត្រូវបាន​ទិញ​ដោយ​អាល់​ហ្សេ​រី និង​អេ​ហ្ស៊ី​ប ។ 
 
​វ៉េ​ណេ​ស៊ុយ​អេ​ឡា ជា​គោលដៅ​លក់​អាវុធ​ធំ​បំផុត​របស់​ចិន ប្រចាំ​ទ្វីបអាមេរិក​
 
​ការលក់​អាវុធ​របស់​ចិន​ទៅ​ឲ្យ​ទីផ្សារ​អាមេរិក​ខាងត្បូង និង​អាមេរិក​ខាងជើង មាន​ត្រឹម​៣​ភាគរយ​ប៉ុណ្ណោះ ខណៈ​អាមេរិក មាន​១៩​ភាគរយ រុស្ស៊ី ១៤​ភាគរយ និង​អាល្លឺម៉ង់ ១២​ភាគរយ​។ ទីផ្សារ​ធំ​បំផុត​សម្រាប់​អាវុធ​ចិន​ប្រចាំ​ទ្វីបអាមេរិក គឺជា​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ស្មើនឹង​៨៧,៤​ភាគរយ នៃ​ការនាំចេញ​អាវុធ​ចិន​ជារួម​ក្នុង​តំបន់​។ 
 
​កំណើន​នាំចេញ​អាវុធ​របស់​ចិន​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ស្ទុះ​ឡើង​ខ្លាំង បន្ទាប់ពី​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០០៦ បានដាក់​ទណ្ឌកម្ម​ហាម​ប្រាម​ការលក់ដូរ​អាវុធ​ប្រឆាំង​ក្រុង​កា​រ៉ា​កាស​។ ការដាក់ទណ្ឌកម្ម​នេះហើយ ធ្វើ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​សម្រេច​តោង​ចាប់​ចិន​ឲ្យ​ជាប់​បែបនេះ ដោយ​បង្កើន​ការទិញ​អាវុធ​បន្ថែមទៀត​។ ចំណែក​ហេតុផល​នៃ​ការដាក់ទណ្ឌកម្ម​នេះ​វិញ គឺ​ក៏​ព្រោះតែ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បរាជ័យ​ក្នុង​សហការ​ជាមួយ​កិច្ចប្រឹងប្រែង​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ដែល​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន​។ 
 
​ការលក់ដូរ​អាវុធ​ជាច្រើន បានធ្វើ​ឡើង​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​កា​រ៉ា​កាស រួមមាន យន្តហោះ​ចម្បាំង K-8  ចំនួន​១៨​គ្រឿងក្នុង​ឆ្នាំ​២០១០ រថយន្ត​ពាស​ដែក VN-4 ចំនួន ១២១​គ្រឿងក្នុង​ឆ្នាំ​២០១២ និង​មី​ស៊ី​លបាញ់​កម្ទេច​នាវា C-802 ជាច្រើន​គ្រឿង​ទៀត ក្នុង​ឆ្នាំ​២០១៧​។  បច្ចុប្បន្ននេះ ចិន គឺជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​លំដាប់​លេខ​ពីរ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ស្មើនឹង ១២​ភាគរយ​នៃ​ភាគហ៊ុន​ទីផ្សារ​។ ចំណែក​រុស្ស៊ី ឈរលើ​កំពូល​តារាង ជា​ប្រទេស​លក់​អាវុធ​ធំ​បំផុត​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ស្មើនឹង ៧៤​ភាគរយ​នៃ​អាវុធ​នាំចូល​ជារួម​របស់​ក្រុង​កា​រ៉ា​កាស​។ 
 
​ក្រៅពី​នាំចេញ​អាវុធ ចិន​ក៏​ជា​ប្រទេស​នាំចូល​អាវុធ​ដ៏​ធំ​មួយ​ផងដែរ​
 
​ស្ទើរតែ​ទាំងស្រុង​នៃ​ការ​នាំចូល​អាវុធ​សរុប​របស់​ចិន គឺ​មកពី​តំបន់​អឺរ៉ុប ខណៈ​ក្រុង​ប៉េកាំង នាំចេញ​អាវុធ​របស់ខ្លួន​ត្រឹម ១៦​លាន​ដុល្លារ​ប៉ុណ្ណោះ​ទៅកាន់​តំបន់​ដ៏​ធំ​មួយ​នេះ​។ ទំនោរ​នេះ កើតឡើង​បាន​ដោយ​មួយផ្នែកធំ​ពី​រុស្ស៊ី ដែល​ផ្គត់ផ្គង់​អាវុធ​ចិន​ប្រមាណ ៦៧​ភាគរយ​នៃ​ការ​នាំចូល​អាវុធ​បរទេស​សរុប​។ ចំណែក​បារាំង និង​អ៊ុយ​ក្រែ​ន បូក​បញ្ចូល​គ្នា បាន​លក់​អាវុធ​ឲ្យ​ចិន​ប្រមាណ ២៣​ភាគរយ​នៃ​ការ​នាំចូល​អាវុធ​បរទេស​របស់​ចិន​។ 
 
​ដើមឡើយ ចន្លោះ​ឆ្នាំ ២០០០ ដល់ ២០០៦ ការលក់​អាវុធ​របស់​រុស្ស៊ី​ទៅ​ឲ្យ​ចិន  ជា​មធ្យម មាន​ទំហំ ២,៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ​តួលេខ​នេះ បាន​ធ្លាក់​ចុះមក​ត្រឹម ៩០០​លាន​ដុល្លារ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ការធ្លាក់ចុះ បាន​កាត់បន្ថយ​ភាគហ៊ុន​ទីផ្សារ​នៃ​ការនាំចេញ​អាវុធ​របស់​រុស្ស៊ី​ដែល​ទទួល​ទិញ​ដោយ​ចិន​ពី ៤៧,៧​ភាគរយ នៃ​ការលក់​សរុប ក្នុង​ឆ្នាំ​២០០៦ ដល់ ៨,៧​ភាគរយ​ក្នុង​ឆ្នាំ​២០១២​។ ទំនោរ​នេះ ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​សមត្ថភាព​របស់​យោធា​ចិន ក្នុង​ការផលិត​អាវុធ​ក្នុងស្រុក​ដោយ​ខ្លួនឯង ៕ 

Tag:
 ចិន​
  ពាណិជ្ជកម្ម​សព្វាវុធ​សកល
© រក្សាសិទ្ធិដោយ thmeythmey.com