កីឡាអន្តរជាតិ
អន្តរជាតិ
​កីឡាករ​យូ​ដូ​ម្នាក់​អស់​សិទ្ធិ​ទៅ​វគ្គ​បន្ត ក្រោយ​ធ្លាក់​ទូរ​សព្ទ​ពី​អាវ​អំឡុងពេល​ប្រកួត​
15, May 2019 , 5:51 pm        
រូបភាព
​កីឡាករ​យូ​ដូ Anri Egutidze ត្រូវបាន​អាជ្ញាកណ្តាល​សម្រេច​កាត់សេចក្តី​ឲ្យ​ចាញ់​តែម្តង​ក្រោយ​ធ្លាក់​ទូរ​សព្ទ​ដៃ​ពី​សម្លៀកបំពាក់​អំឡុង​ការប្រកួត​មួយ​ក្នុង​ព្រឹត្តិការណ៍​កីឡា Judo Tour ឆ្នាំ ២០១៩ លំដាប់ Gran Slam នាទី​ក្រុង​បា​គូ ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​។​


 
​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ចុង​សប្តាហ៍​មុន​នា​ការប្រកួត​យូ​ដូ ផ្នែក​បុរស​ប្រភេទ​ទម្ងន់ ៨១ គីឡូក្រាម​រវាង​កីឡាករ​ព័រ​ទុយ​ហ្គា​ល់ Egutidze និង​គូប្រជែង Robin Pacek សញ្ជាតិ​ស៊ុយអែត​។​
 
​ខណៈដែល Pacek ព្យាយាម​យកដៃ​ចាប់​ទៅលើ​គូប្រកួត ភ្លាមនោះ​ទូរ​សព្ទ​ក៏​ធ្លាក់​ចេញពី​អាវ (kimono) របស់​កីឡាករ Egutidze ហើយ​អាជ្ញាកណ្តាល​បាន​បញ្ឈប់​ការប្រកួត​តែម្តង​។​

 
 
កីឡាករ​យូ​ដូ​វ័យ ២៣ ឆ្នាំ​ដែលមាន​ដើមកំណើត​ហ្ស​ក​ហ្ស៊ី​យល់ព្រម​ទទួលខុសត្រូវ​ផ្នែក​បច្ចេកទេស​ចំពោះ​ការនាំយក​វត្ថុ​ដែល​មិនមាន​ការអនុញ្ញាត​ទៅលើ​ក្តា​តា​ពី​ប្រកួត​។ អ្នករៀបចំ​ការប្រកួត​ក៏បាន​ព្រម​ប្រៀង​គ្នា​ឲ្យ Egutidze ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​នោះ​តែម្តង​។​
 
​រឿងរ៉ាវ​ដ៏​កម្រ​នេះ​បានធ្វើអោយ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​សើចចំអក​ទៀតផង​។ អ្នកខ្លះ​លើកឡើងថា Egutidze ច្បាស់​ជា​ភ្លេច​យក​ទូរ​សព្ទ​ចេញពី​ឯកសណ្ឋាន​មុន​ការប្រកួត​។​
​អ្នកខ្លះ​ទៀតថា​«​ប្រហែល​គាត់​ចង់ដឹង​ពី​ចង្វាក់បេះដូង និង​កាឡូរី​របស់គាត់​តាមរយៈ Google Health ឬ Strava »​។​
 
​ហើយក៏​មាន​អ្នក​ចំអក​បែប​លេងសើច​ថា ប្រហែលជា Egutidze ត្រូវការ Update ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​អំឡុង​ការប្រកួត​នោះ​៕



Tag:
 យូ​ដូ​
  Anri Egutidze
© រក្សាសិទ្ធិដោយ thmeythmey.com