ONE Championship
កីឡាជាតិ
ជាតិ
​គ្រូ​ជី​ជិត​ស៊ូ​ខ្សែក្រវាត់​ខ្មៅ​៣​ដាន់ និយាយ​អំពី​សក្ដានុពល​គុន​ចម្រុះ​នៅ​កម្ពុជា​
15, May 2019 , 9:39 pm        
រូបភាព
លោក Fernando Salvador ខ្សែក្រវាត់ខ្មៅ៣ដាន់ (ខាងស្តាំ)
លោក Fernando Salvador ខ្សែក្រវាត់ខ្មៅ៣ដាន់ (ខាងស្តាំ)
​អត្ថបទ​៖ ស៊ី​ធី  
 
​គ្រូបង្វឹក Fernando Salvador ដែល​គេ​ស្គាល់​ថា​មាន​កម្រិត​ខ្សែក្រវាត់​ខ្មៅ ៣ ដាន់​លើ​ក្បាច់គុន​ជី​ជិត​ស៊ូ បានរួម​ចំណែក​ជួយ​បង្ហាត់បង្ហាញ​គុន​ចម្រុះ​ដល់​ក្រុម​កីឡាករ​កម្ពុ​ជាមួយរ​យៈ​ចុង​ក្រោយនេះ​។ លោក Salvador បង្ហើប​ថា​ពួកគេ​មាន​សក្ដានុពល​ផ្នែក​កីឡាករ​គុន​ចម្រុះ (MMA) ខណៈដែល​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណើរការ​យ៉ាងសកម្ម​លើ​កីឡា​គ្រប់​ប្រភេទ​។

 
​គ្រូបង្វឹក​ដែល​បាន​ហ្វឹកហាត់​ជាមួយ​គ្រូ​គុន​ស្ថាបនិក MMA នៅ​សហរដ្ឋអាមេរិក​រូបនេះ​ថ្លែងថា ៖«​ខ្ញុំ​មាន​កិត្តិយស​ដែល​បានធ្វើការ​ជាមួយ​ក្រុម​កីឡាករ​នៅទីនេះ (​កម្ពុជា​) ជាពិសេស​ជាមួយ​គ្រូបង្វឹក​នៅ​ក្លិប Cambodian Top Team បច្ចុប្បន្ន លោក ហ៊ុន ច័ន្ទ​រាជ្យ​។ ក្នុងនោះ​ខ្ញុំ​បាន​ចូលរួម​បង្ហាត់ ស សី ដែល​ឈ្នះ ២ ដង នៅ​សង្វៀន ONE Championship និង ឈ្នះ​ចុងក្រោយ​លើ​កីឡាករ​ឥណ្ឌូណេស៊ី Victorio Senduk ហើយ រួមចំណែក​ជួយ​បង្ហាត់ ចាន់ សំអាត និង Emmanuel Onyedikachi នៅ ONE : WARROIR SERIES ផងដែរ​។ 


 
​ជាមួយគ្នា​នោះ ខ្ញុំ​បាន​ជួយ​បង្ហាត់ រិ​ន សា​រ័ត្ន ពេល​ឡើង​សង្វៀន​ចំនួន ៣ ប្រកួត និង ឈ្នះ​ការប្រកួត​ចុងក្រោយ​ទល់នឹង Mario Wirawan​។ ជ័យជម្នះ​បានមកពី​ប្រឹងប្រែង​រួមគ្នា និង ការហ្វឹកហាត់​ខ្លាំងក្លា​»​។ គ្រូបង្វឹក​ដែលមាន​បទពិសោធន៍​លើ​ក្បាច់គុន​ជាង ៣០ ឆ្នាំ​មកនេះ​បាន​គូសបញ្ជាក់ថា កីឡាករ​ទាំងអស់​មាន​សក្ដានុពល​នាពេល​បច្ចុប្បន្ន និង អនាគត ពេល​ទទួលបាន​ការហ្វឹកហាត់​ដ៏​ត្រឹមត្រូវ ហើយ​មិនយូរប៉ុន្មាន​គេ​នឹង​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​ជានិច្ច​បើសិន​មិន​បោះបង់​ការខិតខំ​។ 
 
​គ្រូបង្វឹក ជី​ជិត​ស៊ូ និង គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​រូបនេះ បង្ហាត់​នៅ​ក្លិប Prokout ប៉ុន្តែ​នេះ​ត្រូវបាន​បិទទ្វារ​នាពេល​ថ្មីៗ​។ យ៉ាងណាក្ដី លោក​ក៏​បង្ហាត់​កីឡាករ និង កីឡាការិនី​ជា​ហូរហែ​ដើម្បី​សុខភាព​ពេល​ពួក​ទាក់ទង​លោក​រួមទាំង​ជួយ​ប្រឹក្សា​យោបល់​ដើម្បី​ឲ្យ​កីឡាករ​មិន​អាជីព និង ទាំង​អាជីព​សម្រេច​បំណង​របស់​ពួកគេ​។ គ្រូបង្វឹក​វ័យ ៤៩ ឆ្នាំ​បង្ហើប​ថា លោក​កំពុង​ពិភាក្សា និង មាន​គម្រោង​ទាក់ទង​នឹង​ការងារ MMA ជាមួយ​គ្រូបង្វឹក Alan Mccune របស់​ក្លិប Phom Penh MMA ក្នុងពេល​ឆាប់ៗ​នេះ ក្នុង​គោលដៅ​រួមចំណែក​បង្កើន​ភាព​រីក​ចម្រើន​គុន​ចម្រុះ​នៅ​កម្ពុជា​។ 


 
​លើសពីនេះទៅទៀត លោក​បាន​សរសើរ​ដល់ ចាន់ រតនា ជា​អ្នក​ប្រកួត MMA ដ៏​អស្ចារ្យ​ម្នាក់​តំណាង​ឲ្យ​កម្ពុជា​តាមរយៈ​ការទទួល​ជ័យជម្នះ​ថ្មីៗ​នេះ ២​ដង​ជាប់​គ្នា​នៅ ONE Championship​។ រតនា ហ្វឹកហាត់​ល្អ តម​អាហារ និង មានការ​គាំទ្រ​ពី​សំណាក់​អ្នកពាក់ព័ន្ធ​ជាពិសេស​គ្រូបង្វឹក Lorenzo បានរួម​ចំណែក​ធំធេង​ដល់​ភាពជោគជ័យ​នេះ​។ 
 
​លោក Fernando Salvador បាន​បង្ហាត់​ចំបាប់​តាំងពី​ឆ្នាំ ១៩៨៩ ហើយ​បន្ទាប់មកទៀត​បន្តទៅ​បង្ហាត់ ជី​ជិត​ស៊ូ (Jiujitsu) និង គុន​ចម្រុះ​(MMA) ដល់​បច្ចុប្បន្ន​។ គ្រូបង្វឹក​សញ្ជាតិ​អាមេរិក​បានមក​បង្ហាត់​គុន​ចម្រុះ​នៅ​កម្ពុជា​រយៈ ១ ឆ្នាំ និង ៥ ខែ​មកហើយ​៕ 
 

Tag:
 MMA
  Fernando Salvador
© រក្សាសិទ្ធិដោយ thmeythmey.com