អន្តរជាតិ
ប្រធានាធិបតីវៀតណាម លេចមុខក្នុងកាសែតរដ្ឋ ក្រោយធ្លាយដំណឹងថាធ្លាក់ខ្លួនឈឺ ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង (ប្រភពរូប៖ AFP)
× ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង បានចេញមុខជាលើកដំបូងក្នុងកាសែតរដ្ឋ កាលពីថ្ងៃអង្គារទី១៤ ខែឧសភា ចាប់តាំងពីធ្លាក់ចុះខ្លួន កាលពីជាងមួយខែមុន។ មេដឹកនាំរូបនេះហើយ គឺជាមេគំនិតពីក្រោយយុទ្ធនាការបង្ក្រាបអំពើពុករលួយនៅវៀតណាម ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង។
ស្ថិតនៅវ័យ ៧៥ឆ្នាំ លោក ង្វៀន ភូជុង ត្រូវបានរាយការណ៍ថា ធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៤ ខែមេសាកន្លងទៅ ពោលគឺអំឡុងពេលលោកបានធ្វើទស្សនកិច្ចទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម។ ក្រោយមក មេដឹកនាំរូបនេះ ត្រូវបានគេបង្ហើបទៀតថា បានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាមួយក្នុងរដ្ឋធានី ហាណូយ ។ នេះបើតាមការបញ្ជាក់របស់ប្រភពការទូតចំនួនបួនទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ។
ទោះបីជាបែបនេះក្តី រូបថតមួយសន្លឹកដែលបានចុះផ្សាយដោយកាសែតរដ្ឋវៀតណាម Vietnam News បង្ហាញថា លោក ភូជុង បានអង្គុយលើកៅអីក្នុងការិយាល័យរដ្ឋមួយកន្លែង ដោយពាក់អាវពណ៌ស។ តាមរយៈសំណេរក្នុងអត្ថបទ លោក កំពុងបើកកិច្ចប្រជុំមួយជាមួយមេដឹកនាំវៀតណាមផ្សេងៗទៀត កាលពីថ្ងៃអង្គារ។
ទាក់ទិននឹងដំណឹងពីស្ថានភាពសុខភាពរបស់លោកភូជុង អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ឲ្យដឹងកាលពីខែមុនថា សុខភាពរបស់លោកប្រធានាធិបតី មានបញ្ហាដោយសារ ទទួលបន្ទុកការងារច្រើនពេក និងលក្ខខណ្ឌធាតុអាកាសផ្លាស់ប្តូរ ។
លោក ង្វៀន ភូជុង ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីលោកបានផ្តើមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងប្រទេសកម្មុយនីស្ត ដែលមានបក្សតែមួយគត់។ ក្រោយពីយុទ្ធនាការនេះចាប់ផ្តើម មនុស្សជាច្រើន ត្រូវបានចាប់ខ្លួន ក្នុងនោះក៏មានមន្ត្រីគ្រាក់ៗរបស់បក្សកម្មុយនីស្តវៀតណាមផងដែរ។
កាន់តំណែងជាអគ្គលេខាធិការបក្សកម្មុយនីស្តយូរហើយ លោក ភូជុង ទទួលតំណែងជាប្រធានាធិបតីមួយបន្ថែមទៀត កាលពីឆ្នាំ២០១៨ ក្រោយពីអតីតប្រមុខរដ្ឋ ទទួលមរណៈភាពដោយសារជំងឺ។ ជាមួយតំណែងជាប្រមុខរដ្ឋផង និងមេបក្សផង លោកបានក្លាយជាមនុស្សមានឥទ្ធិពលជាងគេក្នុងប្រទេសវៀតណាម។ អ្វីគួរឲ្យកត់សម្គាល់នោះ លោក ភូជុង ក៏បានក្លាយជាមេដឹកនាំវៀតណាមដំបូងគេដែលកាន់តំណែងកំពូលទាំងពីរបែបនេះ ចាប់តាំងពីមេបដិវត្តន៍វៀតណាម ហូ ជីមិញ ក្នុងទសវត្សន៍ឆ្នាំ១៩៦០មក៕
Tag:
វៀតណាម
ប្រធានាធិបតី
© រក្សាសិទ្ធិដោយ thmeythmey.com