អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកនយោបាយម្នាក់ផ្សាយពាណិជ្ជកម្មខ្លួនលើ Pornhub ដើម្បីទាក់ទាញអ្នកគាំទ្រជាយុវជន
× លោក Joachim B. Olsen ជាបេក្ខជនដែលត្រូវប្រជែងកៅអីសភាពីគណបក្សសម្ព័ន្ធសេរី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅដាណឺម៉ាកនាថ្ងៃទី៥ ខែមិថុនា ខាងមុខ។ ដើម្បីទាក់ទាញអ្នកគាំទ្រដែលជាយុវជន អតីតមេដាយប្រាក់អូឡាំពិកផ្នែកកីឡាចោលដុំដែករូបនេះ បានផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើគេហទំព័រអាសអាភាស Pornhub។
«បាទ! ពិតណាស់ គឺខ្ញុំនៅក្នុងវិបសាយ Pornhub»។ លោក Joachim B. Olsen បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយឡូហ្គោគណបក្សដើម្បីទាក់ទាញយុវជនឲ្យបោះឆ្នោតឲ្យខ្លួន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។
វ័យ៤១ឆ្នាំ លោក Olsen ជាអតីតកីឡាករចោលដុំដែកជម្រើសជាតិដាណឺម៉ាក ដែលធ្លាប់ឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិជាច្រើនចន្លោះពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៨ ក្នុងនោះមានមេដាយប្រាក់អូឡាំពិកឆ្នាំ២០០៤។ លោកបានជាប់ឆ្នោតជាសមាជិកសភានៃគណបក្សសម្ព័ន្ធសេរី កាលពីឆ្នាំ២០១១ ក្រោយបញ្ចប់អាជីពកីឡាបាន៣ឆ្នាំ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន DR Nyheder អ្នកនយោបាយរូបនេះ ការផ្សព្វផ្សាយបែបប្រពៃណី ឬដាក់រូបតាមដើមឈើ និងទីសាធារណៈ លែងមានសក្តានុពលទៀតហើយ។ លោកបានបញ្ជាក់ថា៖ «អ្នកត្រូវទៅដល់គ្រប់ទីកន្លែង ដូច្នេះយើងគិតថា ការផ្សព្វផ្សាយនៅលើ Pornub អាចជោគជ័យ។ ពាក់កណ្តាលនៃការប្រើប្រាស់អ៊ីនធ័រណិតផ្តោតលើរឿងអាសអាភាស យើងដឹងពីទីកន្លែងដែលអ្នកបោះឆ្នោតចូលមើល និយាយរួមគឺវ៉ិបសាយអាសអាស៊ី»។
លោក Olsen បានបន្ថែមថា មនុស្សមួយចំនួនពិតជាមិនសប្បាយចិត្ត ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គ្រប់ទង្វើទាំងអស់សុទ្ធតែមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ។ «អ្នកដែលស្គាល់ខ្ញុំ សុទ្ធតែដឹងថា ខ្ញុំជាមនុស្សម៉ត់ចត់ម្នាក់ ប៉ុន្តែខ្ញុំក៏មានរឿងត្រូវលេងសើចផងដែរ។ ខ្ញុំគិតថា នេះនឹងផ្តល់សំណើចជាមិនខាន»។ លោកបានអះអាងយ៉ាងដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com