ជាតិ
សង្គមជាតិ
អាជ្ញាធរ​ពន្យល់ «​ហេតុអ្វី ធ្វើ​ផ្លូវ​រួច ហើយ​កាយ​ផ្លូវ ដាក់លូ​តាម​ក្រោយ​?»
15, May 2019 , 7:59 pm        
រូបភាព
សកម្មភាពដាក់លូក្រោមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ
សកម្មភាពដាក់លូក្រោមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ
ដោយ: ថ្មីៗ
​អាជ្ញាធរ បាន​កាយ​ផ្លូវ​ប្រវែង​៦៥០​ម៉ែត្រ នៅលើ​ផ្លូវជាតិលេខ​២ ក្នុង​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ ដើម្បី​ដាក់លូ​។ ប្រតិបត្តិការ​របស់​អា​ជ្ញា​ធរ នាំ​ឲ្យ​មហាជន ពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម សើចចំអក​និង​រិះគន់​។ ពួកគេ ឆ្ងល់​ថា ហេតុអ្វី បានជា​មិន​ដាក់លូ​ឲ្យ​ហើយ​តែម្តងទៅ ពេល​ចាប់​ផ្តើមធ្វើ​ផ្លូវ ចាំបាច់​ធ្វើ​ផ្លូវ​រួចហើយ បានមក​កាយ​ផ្លូវ​ដាក់លូ​តាម​ក្រោយ​?


 
​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Status) ដើម្បី​បកស្រាយ​ពី​រឿងនេះ​។ បើ​ផ្អែក​តាម​សារ​របស់​មន្ទីរ​សាធារណការ អាជ្ញាធរ ពុំបាន​ដាក់លូ​ក្នុង​ចិញ្ចើមផ្លូវ​ទេ គឺ​ដា​ក់ក្នុង​សាច់​ផ្លូវ (​ទ្រូងផ្លូវ​)​។ វា មានន័យថា ក្នុង​ចិញ្ចើមផ្លូវ​នោះ មាន​លូ​រួច​ស្រាប់​ទៅហើយ ហើយ​អាជ្ញាធរ ដាក់លូ​បន្ថែម​ក្នុង​សាច់​ផ្លូវ​។​
 
​មន្ទីរ​សា​ធារ​ការ ពន្យល់ថា មូលហេតុ​ ដែលអាជ្ញាធរ មិន​រុះរើ​លូ​ក្នុង​ចិញ្ចើមផ្លូវ ដោយ​រក្សាទុក​ដដែល ហើយ​ទៅធ្វើ​លូ​បន្ថែម​នៅក្នុង​សាច់​ផ្លូវ គឺ​ដោយសារតែ​ខ្លាច​ប៉ះពាល់​បណ្តាញ​ខ្សែកាប​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់ ហើយ​ម្យ៉ាងទៀត ចិញ្ចើមផ្លូវ​នោះ មាន​បង្គោល​អគ្គិសនី ដើមឈើ និង​បំពង់​មេ​រដ្ឋករទឹក​។ មន្ទីរ​សាធារណការ បញ្ជាក់​បែបនេះ​ថា «​ការដ្ឋាន​ដាក់​បណ្តាញ​លូ​មេ មិនអាច​ដាក់លូ​ក្រោម​ចិញ្ចើមផ្លូវ​បានទេ ដោយ​ពង្វាង​ការ​ដាក់លូ​ក្នុង​សាច់​ផ្លូវ​វិញ​»​។​
 
​មន្ទីរ​សា​ធារ​ណការ សរសេរ​ទៀតថា «​ដើម្បី​ចៀសវាង​ការ​ដាច់​ចរន្ត​អគ្គស​នី​ក្នុង​រាជធានី​ភ្នំពេញ ដែល​បណ្តាលមកពី​ការរុះរើ​បណ្តាញ​អគ្គិសនី​ក្រោម​ដី​តង់ស្យុង​ខ្ពស់ ការចំណាយ​ថវិកា​អស់​ច្រើន ពេលវេលា​យូរ និង ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ ឲ្យ​ទាន់​ក្នុង​រដូវវស្សា​នេះ ក្រុមហ៊ុន​ម៉ៅការ​សាងសង់ បាន​ស្នើសុំ​ដាក់លូ​ក្នុង​សាច់​ផ្លូវ ដោយ​ធានា​ជួសជុល​ឲ្យ​បាន​ដូចដើម​។ ឯ​ការចំណាយ ជា​បន្ទុក​របស់​ក្រុមហ៊ុន​ផ្ទាល់​»​។​

ការបកស្រាយ​របស់​ម​ន្ទីរ​សាធារណការ ទំនងជា​ចង់​មានន័យថា ចិញ្ចើមផ្លូវ​នោះ មិនមែន​មិនមាន​លូ​ទេ គឺមាន​រួចហើយ តែដោយសារ​តែ​លូ​នោះ​តូច ទើប​អាជ្ញាធរ សម្រេច​ដាក់លូ​បន្ថែម ដែលមាន​ទំហំ​ធំ​ជាង​មុន នៅក្រោម​សាច់​ផ្លូវ ដើម្បី​ដោះស្រាយ​ប​ញ្ហា​ទឹក​លិច​។  
   
​មន្ទីរ​សារ​ធា​រណការ មាន​សារ (Comment) បន្ថែមទៀត ជុំវិញ​ចម្ងល់​នេះ​។ មន្ទីរ​សាធារណការ ពន្យល់​បែបនេះ​ថា «​ផ្លូវ​នេះ ត្រូវបាន​ស្ថាបនា​គ្រឹះ​ថ្នល់ តាំងពី​២៤​ឆ្នាំមុន ហើយ​ខ្សែ​អគ្គិសនី​តង់ស្យុង​ខ្ពស់ ក្រោម​ចិញ្ចើមផ្លូវ​នោះ មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ​»​។ 
 
​មន្ទីរ​សាធារណការ បន្តថា បណ្តាញ​លូ​ក្នុង​ចិញ្ចើមផ្លូវ គឺ​ចាស់ ពុកផុយ មាន​ទំហំ​តូច (​ទំហំ​តែ ០.៣ ម៉ែត្រ​) ហើយ​អាយុកាល​ជាង​៥០​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ផ្លូវ​នេះ តែងតែ​លិច​ទឹក​នៅ​រដូវវស្សា​។ មន្ទីរ​សាធារណការ បន្ថែមថា បំពង់​លូ​តូច​នេះ ដាក់​ពីលើ​ខ្សែ​អគ្គិសនី​ក្រោម​ដី ដូច្នេះ ពេល​ប្តូរ​ទៅជា​លូ​ធំ​ទំហំ​១​ម៉ែត្រ​វិញ នឹងបណ្តាល​ឲ្យ​ជួប​ផលប៉ះពាល់​ដល់​ខ្សែ​អគ្គិសនី​។​
 
«​បណ្តាញ​លូ​ក្នុង​រាជធានី​ភ្នំពេញ សម័យមុន​មកដល់ពេលនេះ​មាន​អាយុ​កាលពី​៥០​ទៅ​៦០​ឆ្នាំ មាន​សភាព​ចាស់ ទំហំ​តូច សម្រាប់​ប្រជាជន​រស់នៅ ៣០​ម៉ឺន​នាក់​។ ប៉ុន្តែ​បច្ចុប្បន្ន យើង​មាន​ប្រជាជន​៣​លាន​នាក់ ដែល​ធ្វើ​ឲ្យ​បណ្តាញ​លូ​មិនអាច​ទ្រទ្រង់​បរិមាណ​ទឹក​ដ៏​ច្រើន​បាន ដែល​ត្រូវ​ការជីក​ដាក់លូ​ធំថ្មី បណ្តាញ​អគ្គិសនី​ប្រើប្រាស់​កើនឡើង​ខ្ពស់​តាម​ការអភិវឌ្ឍ ដែល​ចាំបាច់​ត្រូវ​ការជីក​ផ្លូវ​កប់​ខ្សែ​អគ្គិសនី​ថ្មី បណ្តាញ​ខ្សែកាប​អុ​ប​ទិ​ក ដំណាក់កាល​អភិវឌ្ឍ​ពិតជា​លំបាក និង​ទទួល​ការរិះគន់​»​។ នេះ​ជា​សារ​របស់​មន្ទីរ​សាធារណការ​ក្នុង Comment ដដែល​។​
 
​មន្ទីរ​សាធារណការ បាន​ឲ្យ​ដឹងថា នៅ​រាជធានី​ភ្នំពេញ មាន​បណ្តាញ​លូ​តែ​ជាង​៧០០​គីឡូម៉ែត្រ ខណៈ​ផ្លូវ​មាន​រហូតដល់ ទៅ​ជិន​២​ពាន់​គីឡូម៉ែត្រ​ឯណោះ​។ មន្ទីរ​សាធារណការ លើកឡើងថា «​ជា​បច្ចេកទេស ​លូ ត្រូវ​ការដាក់​សងខាង​ផ្លូវ​យ៉ាងតិច​ប្រវែង​៣៧៦៦​គីឡូម៉ែត្រ​ដែរ ដូច្នេះ យើង​នៅ​ខ្វះ​បណ្តាញ​លូ​៣០៥១​គីឡូម៉ែត្រ ត្រូវជា​៨១​ភាគរយ​ទៀត ដែល​ត្រូវ​កសាង​»៕ 

Tag:
 ​ផ្លូវ​
  ប្រព័ន្ធ​លូ​
  មន្ទីរ​សាធារណការ​
© រក្សាសិទ្ធិដោយ thmeythmey.com