សម្តេច ស ខេង ប្រាប់ស្នងការរាជធានី-ខេត្ត ឲ្យផ្តល់ភាពកក់ក្តៅដល់មន្ត្រីក្រោមឱវាទ
ជាតិ
សង្គមជាតិ
សម្តេច ស ខេង ប្រាប់ស្នងការរាជធានី-ខេត្ត ឲ្យផ្តល់ភាពកក់ក្តៅដល់មន្ត្រីក្រោមឱវាទ
16, May 2019 , 10:15 am        
រូបភាព
សម្តេច ស ខេង ថ្លែងក្នុងពិធីរម្លឹកខួប៧៤ឆ្នាំ នៃការបង្កើតកម្លាំងនគរបាលជាតិ ដែលរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
សម្តេច ស ខេង ថ្លែងក្នុងពិធីរម្លឹកខួប៧៤ឆ្នាំ នៃការបង្កើតកម្លាំងនគរបាលជាតិ ដែលរៀបចំឡើងនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
ដោយ: ថ្មីៗ
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញថ្នាក់ដឹកនាំនៅតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន និង អង្គភាពជំនាញនៃក្រសួងមហាផ្ទៃ ព្រមទាំងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឲ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអង្គភាពរបស់ខ្លួន ដោយត្រូវពង្រឹងការអនុវត្តតួនាទី ដែលមានចែងក្នុងច្បាប់។ ការថ្លែងរបស់សម្តេចរដ្ឋមន្ត្រី គឺធ្វើឡើងក្នុងពិធីរម្លឹកខួប៧៤ឆ្នាំ នៃការបង្កើតកម្លាំងនគរបាលជាតិ ដែលមានការចូលរួមពីស្នងការរាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។



ទន្ទឹមនឹងការគ្រប់គ្រងអង្គភាព សម្តេច ស ខេង ក៏តឿនថ្នាក់ដឹកនាំទាំងនោះ ឲ្យខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង និងផ្តល់ភាពកក់ក្តៅដល់កម្លាំងក្រោមឱវាទ ដោយត្រូវឈ្វេងយល់អំពីសុខទុក្ខ ការលំបាក បញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ក្រោមជាតិ។ សម្តេចរដ្ឋមន្រ្តី សង្កត់ធ្ងន់យ៉ាងដូច្នេះថា «ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយសរសើរ ជូនរង្វាន់លើកទឹកចិត្ត និងអនុវត្តវិន័យតឹងរឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌»។

លើសពីនេះ សម្តេច ស ខេង លើកឡើងថា កម្លាំងអនុវត្តច្បាប់ ត្រូវមានលក្ខណៈសម្បត្តិ និងនីតិសម្បទាគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីអង់អាចក្លាហាន និងមានសមត្ថភាពពេញលេញ។ សម្តេច ស្នើឲ្យគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ រៀបចំវគ្គបណ្តុះបណ្តាលមុខជំនាញ ឯកទេស និងច្បាប់ ដើម្បីកសាងធនធានមន្ត្រីអនុវត្តច្បាប់៕



Tag:
 ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com