អន្តរជាតិ
ស​.​រ​.​អា​.​បញ្ជា​ឲ្យ​បុគ្គលិក​មិនចាំបាច់​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​នៅពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​
16, May 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឲ្យ​បុគ្គលិក​មិនចាំបាច់​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​នៅ​ថ្ងៃ​ពុធ​នេះ ជា​ចំណាត់ការ​មួយ​ដែល​កើតមានឡើង​នៅពេលដែល​រដ្ឋបាល​រប​ស់​ប្រធានាធិបតី ត្រាំ បាន​ព្រមាន​ពី​ការគំរាមកំហែង​ដ៏​ខ្លាំង​ប្រឆាំងនឹង​កងកម្លាំង​អាមេរិកាំង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ដោយ​ប្រទេស​អ៊ីរ៉ង់ ឬ​កងកម្លាំង​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​

 
​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចុះផ្សាយ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅក្នុង​ទីក្រុង​បា​ដាក​បាន​ប្រាប់​ឲ្យ​ដឹងថា បទបញ្ជា​នេះ​ត្រូវអនុវត្ត​ទាំង​បុគ្គលិក​នៅ​ទីនោះ​និង​នៅឯ​ស្ថាន​កុងស៊ុល​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង Irbil​។​
 
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​បាន​ច្រានចោល​សេចក្តីរាយការណ៍​ថា លោក​កំពុង​ពិចារណា​បញ្ជូន​កងទ័ព​១​សែន​២​ម៉ឺន​នាក់​ទៅ​ទប់ទល់​អ៊ីរ៉ង់ ក៏ប៉ុន្តែ មិនបាន​ច្រានចោល​ពី​ការដាក់​ពង្រាយ​ទាហាន​កាន់តែ​ច្រើនឡើង​នៅ​ថ្ងៃ​អនាគត​ទេ​។​
 
​លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ពី​សេចក្តីរាយការណ៍​របស់​កាសែត New York Times ថា សេត​វិមាន​កំពុង​ពិចារណា​ផែនការ​បញ្ជូន​កងទ័ព​១​សែន​២​ម៉ឺន​នាក់​ទៅកាន់​តំបន់​នោះ​ថា ជា​ព័ត៌មាន​ក្លែងក្លាយ​។​
 
​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ទៅកាន់​តំបន់​នោះ​រួចហើយ​ក្នុង​រយៈពេល​បី​បួន​ថ្ងៃ​កន្លងមកនេះ ដោយមាន​កាំជ្រួច​មី​ស៊ី​ល Patriot ប្រើ​ដោយ​ថ្មពិល​និង​នាវា​ដែល​យន្តហោះ​អាច​ចុះចត​បាន​កំពុងធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​។​
 
​តាម​សេចក្តីរាយការណ៍​របស់​កាសែត New York Times បាន​ឲ្យ​ដឹងថា កងទ័ព​១ សែន​២​ម៉ឺន​នាក់​ស្ថិតនៅក្រោម​ការពិចារណា​ថា នឹងមិន​ត្រូវ​ប្រើប្រាស់​ដើម្បី​ទន្ទ្រាន​ប្រទេស​អ៊ីរ៉ង់ ដែល​ពួក​អ្នករៀបចំ​ផែនការ​និយាយថា តម្រូវ​ឲ្យ​មាន​ចំនួន​ច្រើនជាង​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com