អន្តរជាតិ
ហ្វីលីពីន ហៅ​ទូត​ប្រចាំ​កាណាដា​ចូល​ស្រុក ក្រោយ​កាណាដា​មិន​យក​សំរាម​ទៅវិញ
16, May 2019 , 10:54 am        
រូបភាព
​ហ្វីលីពីន បាន​កោះហៅ​អគ្គរដ្ឋទូត និង​មន្ត្រី​កុងស៊ុល​នៅ​កាណាដា​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ បន្ទាប់ពី​កាណាដា​មិនបាន​ប្រមូលយក​សំរាម​ត្រឡប់​ទៅវិញ​នោះ​។ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro L Locsin Jr និយាយថា ការហៅ​តំណាង​ខ្ពស់បំផុត​របស់​ហ្វីលីពីន​ប្រចាំ​កាណាដា​មកវិញ ជា​វិធានការ​មួយ​ដើម្បី​ឆ្លើយតប​ការខកខាន​របស់​កាណាដា​ក្នុង​ការយក​សំរាម​នេះ ទោះជា​បាន​សន្យាថា នឹង​ដឹក​ទៅ​ទឹកដី​ខ្លួន​វិញ​យ៉ាង​ក្ដី​។​

 
​នៅ​ពាក់​កណ្ដា​អា​ធ្រា​ត្រ​យប់មិញ លិខិត​កោះហៅ​អគ្គរដ្ឋទូត និង​កុងស៊ុល​នៅ​កាណាដា បាន​ផ្ញើ​ចេញ​ទោ​ហើយ​។ ពួកគេ​នឹង​មកដល់​ហ្វីលីពីន​នៅថ្ងៃនេះ ឬ​ថ្ងៃក្រោយ​។ នេះ​ជា​សំណេរ​លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​១៦ ខែឧសភា របស់លោក Teodoro L Locsin Jr រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​។ ការកោះហៅ​អគ្គរដ្ឋទូត​ចូល​ស្រុក​វិញ ជា​ចំណាត់ការ​ផ្នែ​ការទូត​សំខាន់​មួយ​ដែល​បង្ហាញ​ពី​បញ្ហា​ល្អក់កករ​ក្នុង​ទំនាក់ទំនង​រវាង​ហ្វីលីពីន និង​កាណាដា​ដែល​ទាស់​គ្នា​លើ​រឿង​សំរាម​។​


រដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro Locsin Jr
 
​តាម​សំណេរ​ដដែល ប្រមុខ​ការទូត​ហ្វីលីពីន​អះអាងថា កាណាដា ខកខាន​យក​សំរាម​ទៅវិញ​នៅត្រឹម​ថ្ងៃទី​១៥ ខែឧសភា ដូចនេះ​ហ្វីលីពីន​គួរ​រក្សា​វត្តមាន​មន្ត្រី​ទូត​តិចតួច​បាន​ហើយ​រហូតដល់​សំរាម​ត្រូវបាន​ជញ្ជូន​ត្រឡប់​ទៅវិញ​។ បើតាម​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ទីក្រុង​ម៉ានីល ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា ទីក្រុង​អូ​តា​វ៉ា យល់ព្រម​ដឹក​សំរាម​ទាំង​៦៩​កុងតឺណ័រ​ដែល​នាំចេញ​ទៅដល់​ហ្វីលីពីន​ដោយ​ច្រឡំ​។​
 
​សំរាម​ជាច្រើន​សិប​តោន​ដែល​នាំចូល​ដោយ​ខុសច្បាប់​ពី​កាណាដា​ចូលទៅ​ហ្វីលីពីន ក្លាយជា​បញ្ហា​ទើសទាល់​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ ដែល​មិនទាន់​រក​ច្រកចេញ​បាន​នៅឡើយ​។ បញ្ហា​បានកើត​ឡើង​តាំងពី​សម័យ​ប្រធានាធិបតី  Benigno Aquino III មកម្ល៉េះ​។ មកដល់​អាណត្តិ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បញ្ហា​នេះ​នៅតែ​ក្លាយជា​ឧបសគ្គ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ខណៈ​នៅក្នុង​ខែមេសា លោក ឌូ​ទើ​តេ បាន​ព្រមាន​ឲ្យ​កាណាដា​ប្រមូល​សំរាម​ទៅវិញ​។​
 
​តាមពិតទៅ បញ្ហា​សំរាម​នេះ កើត​ក្នុង​ឆ្នាំ​២០១៣ ពេលដែល​សំរាម​ចំនួន​១៣០០​តោន ត្រូវបាន​ដឹក​មកដល់​ហ្វីលីពីន​ដោយ​ក្រុមហ៊ុន​ឯកជន​របស់​កាណាដា​ឈ្មោះ Chronic ។ នៅលើ​ទូ​កុងតឺណ័រ មាន​បិទ​សញ្ញា​ថា សំរាម​ខាងក្នុង​ជា​ប្លា​ស្ទិ​ក​សម្រាប់​កែច្នៃ​នៅ​ទីក្រុង​ម៉ានីល ប៉ុន្តែ​ខាងមុខ​ពោរពេញ​ដោយ​ខោ​របស់​កូនក្មេង កាសែត និង​ដប​ទឹក​។ ក្នុង​ឆ្នាំ​២០១៦ តុលាការ​ហ្វីលីពីន​ក៏​ចេញ​សេចក្ដីសម្រេច​មួយ​ឲ្យ​បញ្ជូន​សំរាម​ទាំងនោះ​ទៅ​កន្លែង​ដើម​វិញ​។ 
 
​ទោះ​មាន​ការតវ៉ា​ទាំងពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ម៉ានីល និង​ក្រុម​ការពារ​បរិស្ថាន​ក្ដី ទីក្រុង​អូ​តា​វ៉ា មិនបាន​យក​សំរាម​ទាំងនោះ​ត្រឡប់​ទៅវិញ​ឡើយ​។ នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ធ្លាប់​និយាយថា កាណាដា​មានច្បាប់​ដែល​ហាមឃាត់​ការយក​សំរាម​ចូលក្នុង​ប្រទេស​វិញ ហើយ​ម្យ៉ាង​ជា​រឿង​ឯកជន​ផង មិន​ស្ថិតក្រោម​កិច្ច​ព្រម​ព្រៀរ​ងវាង​រដ្ឋ និង​រដ្ឋ​ឡើយ​៕     

Tag:
 ​ហ្វីលីពីន​
  កាណាដា​
  Teodoro L Locsin Jr
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com