Lampard នាំ Derby ឡើង​ប៉ះ Aston Villa ដើម្បី​ប្រជែង​កៅអី​ទៅលេង Premier League
កីឡាអន្តរជាតិ
អន្តរជាតិ
Lampard នាំ Derby ឡើង​ប៉ះ Aston Villa ដើម្បី​ប្រជែង​កៅអី​ទៅលេង Premier League
16, May 2019 , 12:01 pm        
រូបភាព
​ក្រុម Derby County បាន​ទម្លាក់ Leeds United ក្នុងការ​ប្រកួត​វគ្គ play-off ដោយ​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៤-៣ ឡើងទៅ​ប្រជែង​ជាមួយ Aston Villa នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​កៅអី​ទៅលេង​នៅ Premier League រដូវ​កាល​ក្រោយ​។​


 
​ជំនួប​វគ្គ play-off ជើង​ទី​២​នៅ​ទឹកដី Elland Road ម្ចាស់ផ្ទះ Leeds បាន​រង​បរាជ័យ ៤-២ ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ Derby County ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Frank Lampard​។ ៤​គ្រាប់​របស់ Derby ធ្វើបាន​ដោយ Jack Marriott ២​គ្រាប់ Mason Mount និង Harry Wilson រកបាន​ម្នាក់​មួយគ្រា​ប់ រីឯ​២​គ្រាប់​របស់ Leeds សម្រេច​ទី​បាន​ដោយ​ខ្សែបម្រើ Stuart Dallas​។​


 
Leeds ដែលជា​ក្រុម​មានប្រៀប​នៅ​ជើង​ទី​១​ដោយ​យកឈ្នះ Derby ១-០ បាន​បើក​ការនាំ​មុខមុន​នៅ​ជើង​ទី​២​បន្ទាប់ពី​ខ្សែបម្រើ Stuart Dallas ធ្វើបាន​នៅ​នាទី​២៤ មុន​ខ្សែប្រយុទ្ធ Jack Marriott រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​តង់​ទី​១​។​
 
​ចូលដល់​វគ្គ​ទី​២ ខណៈ​ការប្រកួត​ដំណើរការបាន​១​នាទី​ប៉ុណ្ណោះ ខ្សែបម្រើ Mason Mount អា​ចរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Lampard វិញ មុនពេល Harry Wilson បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៥៨​។ ៤​នាទី​បន្ទាប់ Dallas បានសម្រេច​គ្រាប់​បាល់​ទី​២​របស់ខ្លួន​ឲ្យ Leeds​។ ជិត​បញ្ចប់​តង់​ទី​២​ទៅហើយ​ពោលគឺ​នាទី​៨៥ Marriott បាន​បន្ថែម​គ្រាប់​បាល់​ទី​២​របស់ខ្លួន និង​ជា​គ្រាប់​ទី​៤​សម្រាប់​ក្រុម​។ ដូច្នេះ​សរុប​លទ្ធផល​ទាំងពីរ​ជើង Derby ឈ្នះ Leeds ៤-៣​។​
 
​នេះ​ជាការ​ខកចិត្ត​បំផុត​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Marcelo Bielsa ក្រោយ​បាត់បង់​ក្តីសង្ឃឹម​ឡើងទៅ​ក្របខណ្ឌ​កំពូល​អង់គ្លេស​វិញ​បន្ទាប់ពី​អវត្តមាន​ចំនួន​១៥​រដូវ​កាល​។​



​ដោយឡែក Derby សង្ឃឹមថា ពួកគេ​នឹង​អាច​បង្ហាញខ្លួន​នៅ​លី​គ​កំពូល​រដូវ​កាល​ក្រោយ​វិញ​នៅក្រោម​ការដឹកនាំ​របស់​វីរបុរស Chelsea លោក Lampard ដែល​ក្លាយជា​អ្នកចាត់ការ​រដូវ​កាល​នេះ​។​
 
Derby County ត្រូវ​ប្រជែង​ជាមួយ Aston Villa ដែល​ទម្លាក់ West Bromwich Albion ដោយ​បាល់​កាត់សេចក្តី​១១​ម៉ែត្រ នៅ​ថ្ងៃទី​២៧ ខែឧសភា នា​កីឡដ្ឋាន Wembley ដើម្បី​យក​មួយក្រុម​ទៅលេង Premier League រដូវ​កាល​ក្រោយ​។ Norwich City និង Sheffield United ជា​ក្រុម​ពីរ​ផ្សេងទៀត​ដែល​បាន​លេង​ក្របខណ្ឌ​កំពូល​អង់គ្លេស​៕
 

Tag:
 ​បាល់ទាត់​
  Derby County
  Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com