ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រី យាងសួរសុខទុក្ខសម្តេចក្រុមព្រះ នៅវាលស្បូវ
16, May 2019 , 2:20 pm        
រូបភាព
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ទ្រង់យាងសួរសុខទុក្ខនិងចង់ដឹងពីព្រះសុខភាពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ និងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៊ិច នៅព្រះដំណាក់វាលស្បូវ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។



សម្តេចព្រះ​រាជបុត្រី​ព្រះរាម នរោត្តម បុប្ផា​ទេវី សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម អរុណរស្មី និង មន្រ្តីមួយចំនួនទៀត បានយាងនិងអញ្ជើញចូលរួមអមព្រះរាជដំណើរព្រះមហាក្សត្រី ក្នុងការយាងជួបសម្តេចក្រុមព្រះ។



សម្តេចក្រុមព្រះ បានយាងចេញពីមន្ទីរពេទ្យថៃ មកកាន់កម្ពុជាវិញ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩។ ព្រះអង្គ បានយាងទៅសម្រាកព្យាបាលនៅប្រទេសថៃអស់ជាច្រើនខែ បន្ទាប់ពីព្រះអង្គ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ កាលពីអំឡុខែមិថុនា ឆ្នាំ២០១៨។ ហេតុការណ៍អកុសលនេះ បានបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា របស់ព្រះអង្គ សុគត។

កាលពីខែសីហា ឆ្នាំ២០១៨ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាព្រះរាជបុត្រាច្បងរបស់សម្តេចក្រុមព្រះ បានឡើងធ្វើជាប្រធានស្តីទីនៃគណបក្សហ៊្វុនស៊ិនប៊ិច និងបន្តមកដល់បច្ចុប្បន្ន។ ការតែងតាំងបុត្រាច្បងនេះ ធ្វើឲ្យសម្តេចក្រុមព្រះ រងការរិះគន់និងការមិនពេញចិត្តពីមន្រ្តីមួយចំនួន។ ហើយគេ ក៏បានឃើញភាពរង្គោះរង្គើខ្លះ នៅក្នុងផ្ទៃក្នុងគណបក្ស ក្រោយមានការតែងតាំងនេះ៕

Tag:
 ព្រះមហាក្សត្រី
  សម្តេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com