អន្តរជាតិ
សល់​ដំរី​ច្រើនពេក ស៊ីម​បា​វ៉េ​លក់​១០០​ក្បាល​ឲ្យ​ចិន​និង​ឌូ​បៃ​តម្លៃ​២,៧​លាន​ដុល្លារ
16, May 2019 , 2:54 pm        
រូបភាព
​រដ្ឋ​អាហ្វ្រិក​ស៊ីម​បា​វ៉េ បាន​លក់​ដំរី​របស់ខ្លួន​១០០​ក្បាល​ទៅ​ឲ្យ​ចិន និង​ឌូ​បៃ​ក្នុងតម្លៃ​២,៧​លាន​ដុល្លារ​សម្រាប់​រយៈពេល​៦​ឆ្នាំ​។ ទីភ្នាក់ងារ​សត្វព្រៃ​ស៊ីម​បា​វ៉េ អះអាងថា ការលក់​ដំរី​ច្រើន​បែបនេះ ក៏​ព្រោះតែ​បរិមាណ​ដំរី​ក្នុងប្រទេស មាន​ចំនួន​ច្រើនពេក​លើសពី​សមត្ថភាព​គ្រប់​គ្រង ហើយ​សត្វ​ដំរី​បាន​បង្ក​ផលប៉ះពាល់​ជាច្រើន​ដល់​ការរស់នៅរបស់​មនុស្ស​។​

 
​លោក Tinashe Farawo អ្នកនាំពាក្យ​ទីភ្នាក់ងារ​សត្វព្រៃ និង​ឧទ្យាន​របស់​ស៊ីម​បា​វ៉េ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ចំនួន​ដំរី​បាន​កើនឡើង​ណែនណាន់តាន់តាប់ ​ក្នុង​ឧទ្យាន​ជាតិ ហើយ​បាន​កំពុង​គំរាមកំហែង​ ដល់ការរស់នៅ​របស់​ប្រជាជន ដោយបាន​លុកលុយ​លំនៅដ្ឋាន បំផ្លាញ​ដំណាំ ហើយ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​។ 
 
មន្ត្រី​នាំពាក្យ​រូបនេះ​ បាន​ថ្លែង​​ការពារ ​ការលក់​ដំរី​ដល់​ទៅ​១០០​រយ​ក្បាល​ក្នុងតម្លៃ​២,៧​លាន​ដុល្លារបន្តថា សព្វថ្ងៃ ស៊ីម​បា​វ៉េ​ មាន​ដំរី​ដល់​ទៅ ​៨៤,០០០​ក្បាល​ឯណោះ ខណៈ​សមត្ថភាព​របស់​ឧទ្យាន​អាច​រ៉ាប់រង​ បានតែ​៥​ម៉ឺន​ក្បាល​​​។ ដូចនេះ​ការលក់​ដំរី​ខ្លះ ជា​ផ្នែក​មួយ​នៃ​ការប្រើប្រាស់​ធនធាន​ប្រកបដោយ​ចីរភាព និង​ដើម្បី​ងាយស្រួល​ថែរក្សា​ដំរី​ផ្សេងទៀត​។ លុយ​ដែល​បាន​ពី​ការលក់​នេះ នឹង​ត្រូវបាន​ចាត់ចែង​លើ​គម្រោង​ប្រឆាំង​ការ​ប្រមាញ់​យក​ភ្លុក កិច្ចការ​អភិរក្ស និង​ស្រាវជ្រាវ​ជាដើម​។​
 
​លោក Farawo បានលើកឡើង​ពី​ទិន្នន័យ​នៃ​ការប្រឈមមុខ ​រវាង​មនុស្ ស​និង​សត្វ​នាពេល​កន្លងមក ដែល​ក្នុងនោះមាន​មនុស្ស​ចំនួន​២០០​នាក់​បាន​ស្លាប់ ​ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ហើយ​ដំណាំ​ផ្លែផ្កា​ យ៉ាងហោចណាស់ ​៧​ពាន់​ហិកតា​ ត្រូវបាន​បំផ្លាញ​ដោយ​ដំរី​។ បើតាម​មន្ត្រី​ដដែល​នេះ ទីស្នាក់អាស្រ័យ​ធម្មជាតិ​របស់​សត្វព្រៃ រួម​កាន់តែ​តូច ​ដោយសារ​បម្រែបម្រួល​អាកាស ខណៈដែល​គ្រោះរាំងស្ងួត​ ធ្វើ​ឲ្យ​ឧទ្យាន​ជាតិ​ខ្វះ​អាហារ ហើយ​វា​ក៏​បង្ខំ​ឲ្យ​ដំរី ​ដើររក​អាហារ​ដល់​ភូមិ​ប្រជាជន​តែម្ដង​។​
 
​បើតាម​កាសែត Zimbabwe Chronicle ដំរី​ចំនួន​៩៣​ក្បាល ត្រូវបាន​ដឹក​តាម​អាកាស​ ទៅកាន់​ចិន និង​ឌូ​បៃ ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ ដោយ​មួយ​ក្បាល ​លក់​ក្នុងតម្លៃ​ពី​១៣,៥០០​ដុល្លារ ​ទៅដល់​ ៤១,៥០០​ដុល្លារ​។ 
 
​ខណៈ​ចំនួន​ដំរី​នៅ​តំបន់​ជាច្រើន​ធ្លាក់​ចុះដោយសារ​តម្រូវការ​ភ្លុក​នោះ តំបន់​ខ្លះ​ បែរជា​រង​កំណើន​សត្វ​ដ៏​ធំ​មួយ​នេះ​ទៅវិញ​។ រដ្ឋ​អាហ្វ្រិក​ខ្លះ​ ដូចជា​បុ​ត​ស្វា​ណា ណា​មី​ប៊ី សំ​ប៊ី និង​ស៊ីម​បា​វ៉េ​នេះ​ផង ធ្លាប់បាន​អំពាវនាវ​ ឲ្យ​មានការ​បន្ធូរបន្ថយ​បម្រាម​ លើ​ពាណិជ្ជកម្ម​ភ្លុក​ដំរី​អន្តរជាតិ ព្រោះ​ប្រទេស​ទាំងនោះ​ មាន​ចំនួន​ដំរី​ច្រើនពេក​។ ប៉ុន្តែ​ទិន្នន័យ​របស់​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិ​រក្សា​ធម្មជាតិ បរិមាណ​ដំរី​នៅ​អាហ្វ្រិក ​បាន​ធ្លាក់ចុះ​ខ្លាំង ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​មកនេះ ដោយ​នៅសល់​ប្រមាណ​១១​ម៉ឺន​ក្បាល​៕ 

Tag:
 ស៊ីម​បា​វ៉េ​
  ចិន​
  ឌូ​បៃ​
  ដំរី
© រក្សាសិទ្ធិដោយ thmeythmey.com