ជាតិ
ព្រះមហាក្សត្រ​យាង​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ ក្រោយ​បញ្ចប់​ព្រះរាជកិច្ច​នៅ​ប៉េកាំង​
16, May 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាង​មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែឧសភា នេះ តាម​ព្រះរាជ​ទីនាំង​យន្តហោះ​ពិសេស បន្ទាប់ពី​ព្រះករុណា​ជា​អម្ចាស់ បញ្ចប់​ព្រះរាជកិច្ច​ក្នុង​ការយាង​ចូលរួម​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន​។​

 
​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួមទាំង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត បាន​អ​ញ្ជើញ​ទទួល​ព្រះរាជដំណើរ ព្រះមហាក្សត្រ នៅ​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ដោយផ្ទាល់​។​
 
​នា​វេទិកា​អរិយធម៌​អាស៊ី​ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា បាន​ថ្លែង​ព្រះរាជ​សុន្ទរកថា ដ៏​មាន​អត្ថន័យ​ពាក់ព័ន្ធ​បញ្ហា​សីលធម៌ គុណធម៌​របស់​មនុស្ស​ជាតិ​។​

 
 
​ព្រះករុណា ទ្រង់​បាន​មាន​ព្រះរាជឱង្កា កាលពី​ថ្ងៃទី​១៥ ខែឧសភា ថា ៖«​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយាទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​សីលធម៌ និង​គុណធម៌ នៅក្នុង​តំបន់​នេះ ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ទាំងអស់ ត្រូវមាន​ភាពស្មោះត្រង់ និង​ចូលរួម​ដោះស្រាយ​បញ្ហា​រួមគ្នា​។ ជាពិសេស​ពង្រឹង​ការជឿទុកចិត្ត និង​សហការ​រួមគ្នា លើ​កិច្ចការ​អភិវឌ្ឍ​នៅ​តំបន់​អាស៊ី​នេះ​៕
 

Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com