កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​បញ្ចប់​បេសកកម្ម​នៅ AFC Cup ក្រោយ​ឈ្នះ​១​ប្រកួត និង​ចាញ់​៥​ប្រកួត​
16, May 2019 , 7:19 pm        
រូបភាព
សកម្មភាពប្រកួតជើងទី២រវាងក្រុមណាហ្គាវើលជាមួយ Yangon United នៅមីយ៉ាន់ម៉ា, រូបភាពពី AFC
សកម្មភាពប្រកួតជើងទី២រវាងក្រុមណាហ្គាវើលជាមួយ Yangon United នៅមីយ៉ាន់ម៉ា, រូបភាពពី AFC
ដោយ:
​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍ AFC Cup 2019 ដោយ​ឈរ​បាត​តារាង​ពូ​ល F ក្រោយ​ចាញ់​ក្រុម Yangon United ក្នុង​លទ្ធផល ២-០ នា​ជំនួប​ចុងក្រោយ​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩​។ នា​ជំនួប​ចុងក្រោយ​នៅលើ​ទឹកដី Yangon ខ្សែការពារ Anderson Zogbe របស់​ណាហ្គា​បាន​បង្កកំហុស​ដោយ​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ម្ចាស់ផ្ទះ​ចំនួន​ពីរលើក​។​

 
​បរាជ័យ ២-០ នា​ជំនួប​ចុងក្រោយ​ជាមួយ​ក្រុម Yangon United របស់​មី​យ៉ាន់​ម៉ា ធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ក្រោម​ការដឹកនាំ​របស់លោក មាស ចាន់ណា ឈរ​បាត​តារាង​ពូ​ល F នៃ​ព្រឹត្តិការណ៍ AFC Cup 2019 មាន​៣​ពិន្ទុ​។ លទ្ធផល​ជារួម​ក្នុងចំណោម​៦​ប្រកួត ណាហ្គា​ស្គាល់​ជ័យជម្នះ​តែមួយ​លើក​ប៉ុណ្ណោះ ក្រោយ​យកឈ្នះ Yangon United ២-១ នា​ជំនួប​ជើង​ទី​១​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ប៉ុន្តែ​កាលណោះ Yangon United បាន​បាត់បង់​សមាជិក​១​រូប​តាំងពី​នាទី​ទី​៦​។ 
 
​សម្រាប់​ជំនួប​ចុងក្រោយ​ជាមួយ Yangon កាលពី​ថ្ងៃទី​១៥ ឧសភា ខ្សែការពារ Anderson Zogbe របស់​ណាហ្គា​វើ​ល​បាន​បង្កកំហុស ដោយ​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ពីរលើក​ដល់​ក្រុម​ម្ចាស់ផ្ទះ Yangon United​។ ប៉ុន្តែ​អ្នកចាំទី ស៊ូ យ៉ា​ទី អាច​សង្គ្រោះបាន​១​លើក​ពី​ការ​ស៊ុត​របស់​កីឡាករ Sekou Sylla ខណៈ​កីឡាករ Vinicius Miller ទាត់​បានសម្រេច ដើម្បី​បន្ថែម​លើ​គ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​របស់ Maung Maung Lwin ដើម្បី​នាំ​ជ័យជម្នះ ២-០ សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។​
 
​ជំនួប​រវាង​ក្រុម​ទាំងពីរ គឺជា​ជំនួប​ប្រវត្តិសាស្ត្រ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​។ ព្រោះ​អាជ្ញាកណ្តាល​កាត់សេចក្តី​ក្នុងជំនួប​នេះ​សុទ្ធសឹង​ជា​ស្ត្រី ដែល​ពុំ​ធ្លាប់មាន​ពីមុនមក​។ អាជ្ញាកណ្តាល​ជនជាតិ​ជប៉ុន​ទាំងបី​រួមមាន​អាជ្ញាកណ្តាល​កាត់សេចក្តី​លើ​ទីលាន Yoshimi Yamashita និង​អាជ្ញាកណ្តាល​ខ្សែបន្ទាត់ Makoto Bozono និង Naomi Teshirogi​។ 
 
​ក្រុម Hanoi FC របស់​វៀតណាម​ឈរ​កំពូល​តារាង​ពូ​ល F ក្រោយ​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ខណៈ​ក្រុម Tampines Rovers របស់​សិង្ហ​បុរី ស្ថិតនៅ​លេខ​រៀង​ទី​២ ក្រោយ​ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ដូចគ្នា តែ​ចាញ់​គ្រាប់​បាល់​ចំណេញ Hanoi​។ ចំណែក​ក្រុម Yangon United ឈរ​លេខ​រៀង​ទី​៣​មាន​៦​ពិន្ទុ ក្រោយ​ឈ្នះ​២ ចាញ់​៤៕    

Tag:
 ណាហ្គា​វើ​ល​
  AFC Cup 2019
  Yangon United
© រក្សាសិទ្ធិដោយ thmeythmey.com