អន្តរជាតិ
បារម្ភ​ពី​សន្តិសុខ​ជាតិ​លោក ត្រាំ ហាម​ក្រុមហ៊ុន​គមនាគមន៍​អាមេរិក​ប្រើប្រាស់​សម្ភារ​បរទេស
16, May 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ប្រភពរូប៖ AFP)
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (ប្រភពរូប៖ AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​អាសន្ន​ជាតិ​លើ​វិស័យ​គមនាគមន៍ ដោយ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ទាំង​អស់ពី​ការប្រើប្រាស់​សម្ភារ​ទូរគមនាគមន៍​បរទេស​នានា ដែល​រដ្ឋបាល​លោក​ចាត់ទុកថា បង្ក​ជាការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។ ចំណាត់ការ​ថ្មី​នេះ ទំនងជា​សំដៅលើ​ក្រុមហ៊ុន​យក្ស​ចិន ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ជា​ញឹកញាប់​ពាក់ព័ន្ធ​នឹង​ហានិភ័យ​នៃ​ការធ្វើ​ចារកម្ម​។​

 
​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃទី​១៥ ខែឧសភា បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​។ បទបញ្ជា​ដែល​បាន​ចូល​ជា​ធរមាន​ភ្លាមៗ ក្រោយ​ការចុះ​ហត្ថ​លេខ​នេះ គឺ «​ដាក់​បម្រាម​ការបញ្ជាទិញ ឬ​ប្រើប្រាស់​សម្ភារ​ពី​ក្រុមហ៊ុន ដែល​បង្ក​ហានិភ័យ​ពុំ​អាច​ទទួលយកបាន​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក ឬ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​អាមេរិក​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​សេត​វិមាន​អាមេរិក លោកស្រី Sarah Sanders បញ្ជាក់​ឲ្យ​ដឹងថា រដ្ឋបាល​អាមេរិក​នេះ នឹង​ប្តេជ្ញា​រក្សា​សុវត្ថិភាព និង​វឌ្ឍនភាព​អាមេរិក ព្រមទាំង​ការពារ​ខ្លួន​ពី​បច្ចាមិត្ត​បរទេស​។ បន្ថែម​ពីនេះ លោកស្រី អះអាង​ទៀតថា គ្មាន​ប្រទេស​ណា ឬ​ក្រុមហ៊ុន​ណា ត្រូវបាន​ដាក់បញ្ចូល​ជា​គោលដៅ​ក្នុង​បទបញ្ជា​នេះឡើយ​។ 
 
​ទោះបីជា​បែបនេះ​ក្តី វិធានការ​របស់​រដ្ឋ​បាល​លោក​ត្រាំ​ថ្មី​នេះ បាន​ដាក់ចេញ​ខណៈដែល​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន កាន់តែ​ផុង​ជ្រៅ ព្រោះ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ពុំ​អាច​រក​ច្រកចេញ​បាន​ក្នុងជំនួប​ពាណិជ្ជកម្ម និង​ថែមទាំង​បាន​គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​គ្នា​ទៅវិញទៅមក​ទៀតផង​។ ម្យ៉ាងវិញទៀត ចំណាត់ការ​នេះដែរ ត្រូវបាន​មើលឃើញ​យ៉ាងច្បាស់​ពី ក្តីកង្វល់​កាន់តែខ្លាំង​របស់​ក្រុង​វ៉ាស៊ីនតោន​ជុំវិញ​ការគំរាមកំហែង​ចារកម្ម ដែល​ក្រុមហ៊ុន​យក្ស​ចិន​អាច​បង្កឡើង​ទៅលើ​សន្តិសុខ​ជាតិ​ខ្លួន​។​
 
​កន្លងទៅ មន្ត្រី​អាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​ខ្លួន កុំ​អនុញ្ញាត​ឲ្យ​ចិន​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​បណ្តាញ​ទូរ​សព្ទ 5G ដោយ​ព្រមាន​ថា ការធ្វើ​បែបនេះ នឹង​បង្ក​ឲ្យ​ការចែករំលែក​ព័ត៌មាន​រវាង​ពួកគេ​និង​សហរដ្ឋអាមេរិក​ប្រឈមមុខ​ភាព​តឹងតែង​។ ហើយ​កាលពី​ថ្មីៗ​នេះ ក្រុង​វ៉ាស៊ីនតោន បានសម្រេច​ដាក់​បម្រាម​លើ​ភ្នាក់ងារ​រដ្ឋាភិបាល​សហ​ព័ទ្ធ​ទាំងអស់ ពី​ការប្រើប្រាស់​សម្ភារ​របស់​ក្រុមហ៊ុន​ចិន Huawei ដែល​កំពុង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​ខាង​បច្ចេកវិទ្យា 5G ។​
 
 
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ហាក់​ខឹងសម្បារ​ជាខ្លាំង​ចំពោះ​វិធានការ​របស់​អាមេរិក​ថ្មី​នេះ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang ក្រុង​ប៉េកាំង បាន​ចោទប្រកាន់​អាមេរិក​ថា បាន​រំលោភ​អំណាច​ជាតិ​ខ្លួនឯង ដោយហេតុតែ​ចង់​ដាក់​សម្ពាធ និង​បំបាក់មុខ​លើ​ក្រុមហ៊ុន​ចិន​។ ជាមួយគ្នានេះ រដ្ឋាភិបាល​ចិន បានចាត់ទុក​សកម្មភាព​បែបនេះ ជា​រឿង​អយុត្តិធម៌ និង​ទុច្ចរិត​។​
 
​តាម AFP អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ដដែល​នេះ ទទូច​ឲ្យ​ភាគី​អាមេរិក​បញ្ឈប់​ការដាក់​សម្ពាធ​ដែល​គ្មាន​ហេតុផល​លើ​ក្រុមហ៊ុន​ចិន ដោយ​លើកយក​លេស​សន្តិសុខ​ជាតិ ហើយ​បែរមក​ផ្តល់​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដែលមាន​យុត្តិធម៌ និង​គ្មាន​ការរើសអើង​វិញ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ទូរគមនាគមន៍​
  សន្តិសុខ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com