អន្តរជាតិ
ប្រមុខ​ការទូត​សិង្ហ​បុរី​៖ អាមេរិក​គួរ​បើក​ចិត្ត​ទទួលយក​ចិន​ជា​មហាអំណាច
16, May 2019 , 8:39 pm        
រូបភាព
​ប្រមុខ​ការទូត​សិង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ នៅ​ថ្ងៃទី​១៥ ខែឧសភា បាន​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​ទទួល​យក​ការ​ងើបឡើង​របស់​ចិន ដើម្បី​បញ្ចៀស​ជម្លោះ​រយៈពេល​វែង​។ សម្រាប់​លោក វី​វៀន ការប្រកួតប្រជែង​រវាង​មហាអំណាច​ទាំងពីរ ធ្វើ​ឲ្យ​ប្រទេស​តូចៗ​ជួប​បញ្ហា ព្រោះ​ត្រូវ​ជ្រើសរើស​មហាអំណាច​មួយ​ក្នុងចំណោម​ចិន និង​អាមេរិក​។ លោក​បានស្នើ​ឲ្យ​មហាអំណាច​ទាំងពីរ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ជាជាង​ពាក់មុខយក្ស​ដាក់គ្នា​។​

 
​ការប្រកួត​រវាង​មហាអំណាច​ធំ​ទាំងពីរ គឺ​អាមេរិក និង​ចិន ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ​។ ការ​ងើបឡើង​យ៉ាង​រហ័ស និង​ពោរពេញ​ដោយ​ឥទ្ធិពល​របស់​ចិន ពិតជា​ធ្វើ​អាមេរិក​ដែល​ឈរ​តំណែង​មហាអំណាច​ពិភពលោក​រាប់សិប​ឆ្នាំ​មកហើយ មិន​ស្រួលខ្លួន​ឡើយ និង​បារម្ភ​ថា កៅអី​របស់ខ្លួន​នឹងត្រូវ​ចិន​ដណ្ដើមយក​មិន​ខាន​។ អាមេរិក បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាច្រើន​ដើម្បី​ទប់ទល់​ចិន​។ ជម្លោះ​ពាណិជ្ជកម្ម​បច្ចុប្បន្ន ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​អាមេរិក​ដើម្បី​សង្កត់​ចិន​ឲ្យ​ចុះ​វិញ​។​
 
​សម្រាប់​សិង្ហ​បុរី​ដែលជា​សម្ព័ន្ធមិត្ត​មួយ​របស់​អាមេរិក ហើយ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ល្អជា​មួយ​ចិន​ទៀត​នោះ ការប្រកួតប្រជែង​រវាង​មហាអំណាច​ជាច្រើន​លំបាក​សម្រាប់​ប្រទេស​តូច​។ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី វី​វៀន បា​ឡា​គ្រី​ស្នាន់ បានស្នើ​ចំៗ​ទៅកាន់​អាមេរិក​ឲ្យ​ទទួលយក​ការ​ងើបឡើង​របស់​ចិន ហើយ​មិនត្រូវ​មើល​ចិន​ក្រោម​ក្រសែភ្នែក​ជាស​ត្រូវ​ដែល​ត្រូវ​ទប់ទល់​ឲ្យ​បាន​ដាច់ខាត​ឡើយ តែ​ត្រូវ​ប្រកួត​គ្នា​ដែល​អាច​ផ្ដល់​ជា​ប្រយោជន៍​វិញ​។​
 
​ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​ថ្ងៃទី​១៥ ខែឧសភា ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​បញ្ជាក់ថា បើ​ពិភពលោក​សព្វថ្ងៃ​បែក​ជា​ប្លុក​ពីរ វា​នឹង​ប៉ះពាល់​ដល់​ការទាញយក​ប្រយោជន៍​ពី​ប្រព័ន្ធ​ដែល​អាមេរិក​ដឹកនាំ​ជាង​៧០​ឆ្នាំ​មកនេះ​។ ចំពោះមុខ​អ្នកចូលរួម​ជាច្រើន លោក​ក៏​ស្នើ​ដោយផ្ទាល់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ថា​៖ «​អាមេរិក​ត្រូវ​បន្ធូរដៃ ហើយ​រីករាយ​នឹង​ការប្រមូល​ប្រយោជន៍​វិញ​។ សិង្ហ​បុរី​ចង់បាន​វត្តមាន​ប្រកបដោយ​ចីរភាព​របស់​អាមេរិក ហើយ​ចង់​ឲ្យ​ចិន​ទទួលបាន​ឋានៈ​ដែល​សម​នឹង​ទទួលបាន​ក្នុងនាម​ជា​មហាអំណាច​។​
 
​បើតាម​ទូរទស្សន៍​អាមេរិក Bloomberg លោក វី​វៀន យល់ថា ចិន​មិនអាច​គំរាមកំហែង​ប្រព័ន្ធ​ពិភពលោក​ដែល​អាមេរិក​ដឹកនាំ​បានឡើយ ដ្បិត​ចិន​ជា​អ្នកទទួលផល​ដ៏​ធំ​ពី​ប្រព័ន្ធ​សណ្ដាប់ធ្នាប់​សព្វថ្ងៃ​។ ចំពោះ​ការ​ងើបឡើង​របស់​ចិន​ដែល​មិនអាច​ទប់​ជាប់​វិញ លោក​ចាត់ទុកជា​ការរំពឹង​ស្របច្បាប់​មួយ​ដែល​ចិន​មាន​សិទ្ធិ​គូសវាស​ប្រព័ន្ធ​ទំនាក់ទំនង​អន្តរជាតិ​បែប​សព្វថ្ងៃ ព្រោះ​កាលពី​ការបង្កើត​ដំបូង​ចិន​មិនបាន​បញ្ចេញយោបល់​អ្វី​សោះឡើយ​។  
 
​ងាក​ទៅ​ជម្លោះ​ពាណិជ្ជកម្ម​វិញ មន្ត្រីការទូត​សិង្ហ​បុរី​រូបនេះ អះអាងថា បរាជ័យ​មិនអាច​សម្រេច​កិច្ចព្រមព្រៀង​បាន ប៉ះពាល់​ដល់​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​ដូចជា​សិង្ហ​បុរី​ជាដើម ខណៈ​ការអូសបន្លាយ​ការចរចា​វិញ ធ្វើ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ក្នុង​ទីផ្សារ​ទៅទៀត​។ ជុំវិញ​រឿងនេះ លោក វី​វៀន ព្រមាន​ថា ប្រទេស​តូចៗ​ដែល​នៅ​ចំ​កណ្ដាល​ល្បែង​របស់​មហាអំណាច មិន​ចង់​បង្ខំចិត្ត​ជ្រើសរើស​មហាអំណាច​មួយ​រួច​បោះបង់​មួយទៀត​ឡើយ​៕ 
 

Tag:
 សិង្ហ​បុរី​
  អាមេរិក​
  ចិន​
  Vivian Balakrishnan
© រក្សាសិទ្ធិដោយ thmeythmey.com