ជាតិ
សង្គមជាតិ
អាល្លឺម៉ង់ ផ្តល់ជំនួយ ៥៤ លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ការអភិវឌ្ឍ និង​គាំពារ​សង្គម
16, May 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ប្តេជ្ញា​បន្ត​ចូលរួម​លុបបំបាត់​ភាពក្រីក្រ​ក្នុងប្រទេស​កម្ពុជា តាមរយៈ​ការជួយ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ៤៨.៦ លាន​អឺរ៉ូ (​ប្រមាណ ៥៤ លាន​ដុល្លារ​) សម្រាប់​អនុវត្តន៍​ក្នុង​ឆ្នាំ​២០១៩ និង​២០២០​។ អាល្លឺម៉ង់​សង្ឃឹមថា​គម្រោង​ទាំងនេះ​នឹង​ជួយ​ឲ្យ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​ដល់​ជីវភាព​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​។

 
​ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​រវាង លោក Norbert Barthle សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ និង​លោក ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​រដ្ឋធានី​ប៊ែ​រ​ឡាំង​នោះ រដ្ឋាភិបាល​អាល្លឺម៉ង់​បានសម្រេច​ផ្តល់ជំនួយ​លើ​គម្រោង​វិមជ្ឈការ ដើម្បី​ពង្រឹង​ប្រព័ន្ធ​គណនេយ្យភាព​សង្គម ផ្នែក​សុខភាព​សាធារណៈ និង​ការអភិវឌ្ឍ​ជនបទ ក្នុង​ទំហំ​ទឹកប្រាក់ ៤៨.៦ លាន​អឺរ៉ូ (​ប្រមាណ ៥៤ លាន​ដុល្លារ​) ដែលមាន​រយៈពេល​ពីរ​ឆ្នាំ (​ឆ្នាំ ២០១៩ ដល់​ឆ្នាំ​២០២០)​។ 


 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់ ថវិកា​ទាំងនេះ​នឹង​អនុវត្ត​លើ​គម្រោង​ដូចជា គម្រោង​គណនេយ្យភាព​ស​ង្គ​ម ក្នុង​ទំហំ​ទឹកប្រាក់ ៥ លាន​អឺរ៉ូ (​ជា​ជំនួយឥតសំណង​), គម្រោង​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ មាន​ទំហំ​ទឹកប្រាក់ ១,៣ លាន​អឺរ៉ូ (​ជំនួយ​បច្ចេកទេស​), គម្រោង​គាំពារ​សុខភាព​សាធារណៈ ក្នុង​ទំហំ​ទឹកប្រាក់ ២ លាន​អឺរ៉ូ (​ជំនួយ​បច្ចេកទេស​), គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្នុង​ទំហំ​ទឹកប្រាក់ ០.១ លាន​អឺរ៉ូ (​ជា​ជំនួយឥតសំណង​) និង ៣០ លាន​អឺរ៉ូ ជា​ជំនួយ​ឥណទាន​សម្បទាន​, និង​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្នាក់​តំបន់ មាន​ទំហំ​ទឹកប្រាក់ ៨​លាន​អឺរ៉ូ (​ជំនួយ​បច្ចេកទេស​)​។​
 
​ក្រៅពី​គម្រោង​ខាងលើនេះ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏​គ្រោង​នឹង​ផ្តលជំនួយ​ហិរញ្ញ​វ​ត្តុ ចំនួន ១០ លាន​អឺរ៉ូ (​ប្រមាណ ១១ លាន​ដុល្លារ​) សម្រាប់​គម្រោង​អាហារ​រូប​ត្ថ​ម្ភ​កម្ពុជា ដែលជា​គម្រោង​រួមគ្នា​ជាមួយ​ធនាគារ​ពិ​ផ​ព​លោក ស្ថាប័ន​ហិរញ្ញ​វ​ត្តុ​អន្តរជាតិ អូស្ត្រាលី​។ ហើយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏បាន​គ្រោង​នឹង​ផ្តល់​ឥណទាន​ថ្មី (​កម្ចី​) លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក្នុង​ទំហំ​ទឹកប្រាក់​លើសពី ៨០ លាន​អឺរ៉ូ (​ប្រមាណ ៨៩ លាន​ដុល្លារ​) ដែលជា​គម្រោង​រួមគ្នា​រវាង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហភាព​អឺរ៉ុប​។​


 
​លោក Norbert Barthle បាន​និយាយថា​៖« មិត្តភាព​កម្ពុជា​និង​អាល្លឺម៉ង់​នៅតែ​រឹងមាំ​។ ការលុបបំបាត់​ភាពក្រីក្រ និង​ការកើនឡើង​នៃ​វិបុល​សុខ​សម្រាប់​ទាំងអស់គ្នា គឺជា​គោលដៅ​រួម​របស់​ពួកយើង​»​។​
 
​ជាមួយគ្នា​នោះ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​កម្ពុជា​ក៏បាន​ជជែក​ពិភាក្សា​លើ​បញ្ហា​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ​ផងដែរ​។ អាល្លឺម៉ង់​បាន​ជំរុញ​ឲ្យ​កម្ពុជា​ពង្រឹង​ការអនុវត្ត​ច្បាប់ ឲ្យ​ស្របទៅនឹង​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​គេចផុត​ពី​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​។ 
 
​សមាជិកសភា​សហព័ន្ធ​អាល្លឺម៉ង់ បាន​និយាយថា​៖« ប្រសិនបើ​លំហ​នយោបាយ និង​សង្គម​ពិតជា​ត្រូវបាន​បើកចំហ កម្ពុជា​នឹង​អាច​គេច​ផុតពី​ការបាត់បង់​នូវ​ក្របខ័ណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម (EBA Preferences) ។ ច្បាប់​ជាតិ និង​ការអនុវត្ត​ជាក់ស្ដែង​ត្រូវតែ​ស្របតាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​អន្តរជាតិ ដូចជា​សេរីភាព​នៃ​ការបញ្ចេញមតិ និង​សេរីភាព​ខាង​ការជួបជុំ​និង​ប្រមូលផ្តុំ​។ ខ្ញុំ​ជឿជាក់ថា វា​មិន​ពិបាក​នឹង​សម្រេច​ទេ​»​។ 
 
​គួរ​បញ្ជាក់ថា កម្ពុជា កំពុងស្ថិត​នៅក្រោម​នីតិ​វិធី​តាមដាន និង​ត្រួតពិនិត្យ​របស់​សហភាព​អឺរ៉ុប លើ​ការសម្រេចចិត្ត​បន្ត ឬ​ដក​ការអនុគ្រោះ​ពន្ធ​(Everything But Arms) ពី​កម្ពុជា​វិញ​។ ដំណើការ​នីតិវិធី​របស់​សហភាព​អឺរ៉ុប​នេះ គឺមាន​រយៈ​២០​ខែ មុននឹង​ឈានដល់​ការសម្រេចចិត្ត​ចុងក្រោយ​៕
 

Tag:
 អាល្លឺម៉ង់​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com