កីឡាអន្តរជាតិ
អន្តរជាតិ
វីរបុរសតោខៀវ Lampard-Terry ត្រូវប្រជែងគ្នានាំក្រុមដណ្តើមយកកៅអី Premier League
× អតីតមិត្តរួមក្រុម Chelsea លោក Frank Lampard និង John Terry នឹងប្រឈមមុខគ្នាក្នុងនាមជាគ្រូបង្វឹកក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ play-off រវាង Derby County និង Aston Villa ដើម្បីដណ្តើមកៅអីទៅកាន់ក្របខណ្ឌ Premier League រដូវកាលក្រោយ។ Lampard ជាអ្នកចាត់ការក្រុម Derby រីឯ Terry ជាជំនួយការលោក Dean Smith អ្នកចាត់ការ Aston Villa។
Lampard អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេស វ័យ៤០ឆ្នាំ បានជួយ Derby ទម្លាក់ Leeds United ដោយលទ្ធផលទាំងពីរជើង ៤-៣ ក្នុងការប្រកួត play-off វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Aston Villa ដែលមានគ្រូជំនួយលោក Terry វ័យ៣៨ឆ្នាំដែលជាមិត្តរួមក្រុមជាមួយ Lampard បានឈានដល់វគ្គផ្តាច់ព្រ័ត្រតាមរយៈការឈ្នះ West Bromwich Albion ដោយបាល់កាត់សេចក្តី១១ម៉ែត្រ បន្ទាប់ពីបញ្ចប់ការប្រកួតទាំងពីរជើងក្នុងលទ្ធផល ២-២។ ដូច្នេះ Derby និង Aston Villa ត្រូវតទល់គ្នាវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែឧសភា នាកីឡដ្ឋាន Wembley។
នេះជាការតតាំងគ្នាលើកដំបូងហើយសម្រាប់ Lampard និង Terry ក្នុងនាមជាអ្នកដឹកនាំក្រុមរដូវកាលនេះ បន្ទាប់ពីអ្នកទាំងពីរជាសមាជិកសំខាន់បំផុតក្នុងការនាំ Chelsea ឈ្នះពាន Champions League ឆ្នាំ ២០១២ និង Premier League ៣លើក ពោលនៅរដូវកាល ២០០៥-០៦, ២០០៦-០៧ និង ២០១០-១១។
Aston Villa ដែលធ្លាប់ជាម្ចាស់ពានកំពូលអឺរ៉ុប១លើកកំពុងស្វែងរកការវិលត្រឡប់ទៅកាន់លីគកំពូលអង់គ្លេសវិញក្រោយអវត្តមានរយៈពេល៣ឆ្នាំ។ ដោយឡែក Derby បានអាក់ខានបង្ហាញមុខនៅ Premier League តាំងពីឆ្នាំ ២០០៨ បន្ទាប់ពីពួកគេទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន ដោយរកបានត្រឹមតែ១១ពិន្ទុប៉ុណ្ណោះក្នុងមួយរដូវកាល។
Norwich City ជើងឯក Championship និងក្រុមលេខ២ Sheffield United ឡើងទៅលីគកំពូលដោយស្វ័យប្រវត្តិ ខណៈ Fulham, Cardiff City និង Huddersfield Town ធ្លាក់ទៅលេងលីគទី២វិញនៅរដូវកាលក្រោយ៕
Tag:
បាល់ទាត់
Frank Lampard
John Terry
© រក្សាសិទ្ធិដោយ thmeythmey.com