កីឡាអន្តរជាតិ
អន្តរជាតិ
​ម្ចាស់​ក្លិប Crystal Palace បដិសេធ​ចរចា​លក់​ក្លិប​ឲ្យ​លោក ថាក់ស៊ីន​
16, May 2019 , 9:59 pm        
រូបភាព
​យោងតាម​កាសែត Evening Standard ក្លិប Crystal Palace មិនទាន់បាន​ពិភាក្សា​អ្វីមួយ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ ជុំវិញ​ការចរចា​ទិញយក​ក្លិប​ក្នុង​ក្របខណ្ឌ Premier League នេះ​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា​លោក Steve Parish ម្ចាស់ និង​ប្រធាន​ក្លិប​រហស្សនាម​ឥន្ទ្រី​នៅតែ​បើកទ្វារ​សម្រាប់​ការវិនិយោគ​ពី​ខាងក្រៅ​។​


 
​ប្រធាន​ក្លិប Crystal Palace បាន​ចេញមក​បញ្ជា​ក់នៅ​ថ្ងៃទី​១៥ ខែឧសភា​ថា ខ្លួន​មិន​ធ្លាប់មាន​ការចរចា​ជាមួយ​អតីត​ម្ចាស់​ក្លិប Manchester City ក្នុងតម្លៃ ១៥០ លាន​ផោន (១៩៥​លាន​ដុល្លារ​អាមេរិក​) ដូច​ការចុះផ្សាយ​កន្លង​មក​ឡើយ​។​
 
​កាលពី​ថ្ងៃទី​១៣ ខែឧសភា goal.com បាន​ផ្សាយ​ថា លោក Miti Tiyapairat ដែលជា​មនុស្ស​ជំនិត និង​ជួសមុខ​ឲ្យ​លោក ថាក់ស៊ីន បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ថៃ ONE 31 ថា​លោក​កំពុង​ចរចា​ពី​តម្លៃ រួមជាមួយ​ពត៌មាន​លំអិត​មួយចំនួន​ដើម្បី​ទិញយក​ក្លិប​ក្នុង​លី​គ​កំពូល​អង់គ្លេស​នេះ​មកកាន់​កាប់​។ លោក Tiyapairat ដែលជា​អតីត​ប្រធាន​ក្លិប Chiangrai United ដែរនោះ​ថែមទាំង​អះអាងថា​ប្រសិន​កិច្ច​ព្រម​ប្រៀង​រវាង​ភាគី​ទាំងពីរ​ទទួលជោគជ័យ លោក​នឹង​ក្លាយជា​នាយក​ប្រតិបត្តិ​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ឡុង​ដ៍​នេះ​។​
 
​កាសែត Financial Times និង Bloomberg បាន​រាយការណ៍​ថា​លោក Josh Harris និង David Blitzer ដែលមាន​ភាគហ៊ុន​១៨​ភាគរយ​នៅ Crystal Palace កំពុង​ពិចារណា​លក់​ភាគហ៊ុន​របស់ខ្លួន​។​
 
​លោក​ថាក់ស៊ីន​ដែល​រដ្ឋាភិបាល​លោក​ត្រូវបាន​បណ្តេញចេញ​ក្នុង​រដ្ឋប្រហារ​ថៃ​កាលពី​ឆ្នាំ ២០០៦ ធ្លាប់​ទិញយក​ក្លិប Manchester City ក្នុង​ឆ្នាំ ២០០៧ បានបង្ហាញ​ការចង់​ត្រឡប់​ទៅ​វិនិយោគ​ក្នុង​វិស័យ​បាល់ទាត់​ជាមួយ​ក្លិប​នៅ Premier League វិញ ចាប់តាំងពី​លោក​លក់​ក្លិប​មេឃ​ខៀវ​ឲ្យ​សេដ្ឋី​ប្រេង​សញ្ជាតិ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​លោក Sheikh Mansour កាលពី​១១​ឆ្នាំមុន​។​៕

Tag:
 បាល់ទាត់​
  Crystal Palace
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com