អតីតមន្ត្រី​បក្សប្រឆាំង​៧០​នាក់ នៅ​បាត់ដំបង​និង​កំពង់ធំ ត្រូវ​កោះហៅ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អតីតមន្ត្រី​បក្សប្រឆាំង​៧០​នាក់ នៅ​បាត់ដំបង​និង​កំពង់ធំ ត្រូវ​កោះហៅ​
16, May 2019 , 5:59 pm        
រូបភាព
កញ្ញា ស៊ិន រ៉ូហ្សេត និង អតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត ស្ថិតនៅមុខតុលាការខេត្តបាត់ដំបង (រូបពីទំព័រហ្វេសប៊ុក Meng Sengbunrong)
កញ្ញា ស៊ិន រ៉ូហ្សេត និង អតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត ស្ថិតនៅមុខតុលាការខេត្តបាត់ដំបង (រូបពីទំព័រហ្វេសប៊ុក Meng Sengbunrong)
ដោយ: ថ្មីៗ
​ប៉ុន្មាន​ថ្ងៃនេះ គេ ឃើញ​អតីតមន្ត្រី​គណបក្សប្រឆាំង​នៅតាម​មូលដ្ឋាន ត្រូវបាន​តុលាការ​និង​សមត្ថកិច្ច ហៅ​ទៅ​សួរ​ជា​បន្តបន្ទាប់ ដោយ​ក្នុងនោះ នៅ​ខេត្តបាត់ដំបង មាន​៣៥​នាក់ និង នៅ​ខេត្តកំពង់ធំ មាន​៣៥​នាក់​ដូចគ្នា​។ 


 
​នៅ​ខេត្តបាត់ដំបង អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​៣៥​នាក់ ត្រូវបាន​កោះហៅ​ដោយ​តុលាការ ហើយ​មកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​១៧​នាក់​ហើយ ដែល​បាន​ចូលទៅ​បំភ្លឺ​។ បើតាម​ដីកា តុលាការខេត្ត​បាត់ដំបង សង្ស័យថា ពួកគេ ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្សប្រឆាំង កាលពី​ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៧​។  
 
​តុលាការ សង្ស័យ​បែបនេះ គឺ​ដោយសារតែ​ពួ​កគេ ជួបជុំគ្នា​និង​ពិសា​នំ​បញ្ចុក​ជាមួយគ្នា​កន្លងមក នៅ​ហាង​របស់​កញ្ញា ស៊ិន រ៉ូ​ហ្សេ​ត អតីត​មេឃុំ​គណបក្សប្រឆាំង​ដ៏​ល្បី​ម្នាក់ នៅ​ខេត្តបាត់ដំបង​។ 
 
​លោក សំ សុ​គង់ មេធាវី​របស់​អ្នក​ទាំងនោះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការ​ជុំគ្នា​និង​ការ​ពិសា​នំ​បញ្ចុក​ជាមួយគ្នា មិនមែនជា​អង្គហេតុ​នៃ​បទល្មើស ឬក៏​ជាការ​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​កំ​ពូ​លនោះទេ​។ លោក បកស្រាយ​ថា ការជួប​ជុំគ្នា​នេះ គឺជា​សិទ្ធិ​របស់​ពួកគេ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​។ លោក បន្តថា ម្យ៉ាងទៀត ពួកគេ​ទាំងនោះ ក៏​មិនមែនជា​មនុស្ស​ដែល​ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទាំង​១១៨​នាក់ ដែល​ត្រូវ​ដកសិទ្ធិ​នយោបាយ​ដែរ​។ 
 
​លោក​មេធាវី យល់ថា ការកោះហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​នេះ គឺជា​ការ​បំភ័យ​ពួកគេ និង​អតីតមន្ត្រី​គណបក្សប្រឆាំង​ផ្សេងទៀត លែង​ឲ្យ​ហ៊ាន​ប្រើ​សិទ្ធិសេរីភាព​របស់ខ្លួន ក្នុងការ​បញ្ចេញមតិ និង​ការជួបជុំ​។ លោក ស្នើ​បែបនេះ​ថា «​ខ្ញុំ ចង់​ឲ្យ​តុលាការ ពិនិត្យ​ពី​ផ្លូវច្បាប់ ហើយ​តម្កល់​រឿង​មិន​ចាត់ការ​»​។ 
 
​ចំណែក​នៅ​ខេត្តកំពង់ធំ អតីតមន្ត្រី​គណបក្សប្រឆាំង​ទាំង​៣៥​នាក់ មិនទាន់​ឡើងដល់​តុលាការ​ទេ ដោយ​កំពុង​ស្ថិតក្នុង​ចំណាត់ការ​របស់​កម្លាំង​នគរបាល​នៅឡើយ​។ ពួកគេ ត្រូវបាន​នគរបាល ហៅ​ទៅ​សួរ ពាក់ព័ន្ធ​នឹង​ការជួប​ជុំគ្នា​និង​និយាយ​ពី​រឿង​នយោបាយ​។ 
 
​ការកោះហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​ជា​ហូរហែ​នេះ គឺ​កើតឡើង​ចំពេល​ដែល​លោក សម រង្ស៊ី ប្រកាស​ជា​ញឹកញាប់​ពី​គម្រោង​នៃ​ការធ្វើ​មាតុភូមិ​និវត្ត​។ លោក អះអាងថា នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​តាម​បណ្តា​ប្រទេស​នានា មក​កម្ពុជា​ជាមួយ​លោក ហើយ​នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងស្រុក ចាំ​ទទួល​លោក​ផងដែរ​។​
 
​ថ្មីៗ​នេះ សម្តេច ហ៊ុន សែន បានចេញ​លិខិត​ពីរ​ប្រភេទ ដោយ​លិខិត​មួយ ចេញ​ក្នុងឋានៈ​ជា​ប្រមុខ​រដ្ឋាភិបាល និង លិខិត​មួយទៀត ចេញ​ក្នុងឋានៈ​ជា​ប្រធាន​គណបក្សកាន់អំណាច ដើម្បី​បង្គាប់​មន្ត្រីក្រោមឱវាទ ឲ្យ​ចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ ពី​ផល​វិ​បាល​នៃ​ការផ្តួលរំលំ​រដ្ឋាភិបាល និង ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី​។ លោក សម រង្ស៊ី ចំអក​ថា សម្តេច ហ៊ុន សែន កំពុង​ភ័យ​ពី​ផែនការ​នៃ​ការវិលត្រឡប់​របស់លោក​៕
 

Tag:
 សំ សុ​គង់​
  សកម្មជន​បក្សប្រឆាំង​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com