ប៉ុន្មានថ្ងៃនេះ គេ ឃើញអតីតមន្ត្រីគណបក្សប្រឆាំងនៅតាមមូលដ្ឋាន ត្រូវបានតុលាការនិងសមត្ថកិច្ច ហៅទៅសួរជាបន្តបន្ទាប់ ដោយក្នុងនោះ នៅខេត្តបាត់ដំបង មាន៣៥នាក់ និង នៅខេត្តកំពង់ធំ មាន៣៥នាក់ដូចគ្នា។
នៅខេត្តបាត់ដំបង អតីតមន្ត្រីគណបក្សប្រឆាំងទាំង៣៥នាក់ ត្រូវបានកោះហៅដោយតុលាការ ហើយមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ មាន១៧នាក់ហើយ ដែលបានចូលទៅបំភ្លឺ។ បើតាមដីកា តុលាការខេត្តបាត់ដំបង សង្ស័យថា ពួកគេ ប្រឆាំងនឹងសាលដីការបស់តុលាការកំពូល ពាក់ព័ន្ធនឹងការរំលាយគណបក្សប្រឆាំង កាលពីខែវិច្ឆកា ឆ្នាំ២០១៧។
តុលាការ សង្ស័យបែបនេះ គឺដោយសារតែពួកគេ ជួបជុំគ្នានិងពិសានំបញ្ចុកជាមួយគ្នាកន្លងមក នៅហាងរបស់កញ្ញា ស៊ិន រ៉ូហ្សេត អតីតមេឃុំគណបក្សប្រឆាំងដ៏ល្បីម្នាក់ នៅខេត្តបាត់ដំបង។
លោក សំ សុគង់ មេធាវីរបស់អ្នកទាំងនោះ ប្រាប់សារព័ត៌មានថ្មីៗថា ការជុំគ្នានិងការពិសានំបញ្ចុកជាមួយគ្នា មិនមែនជាអង្គហេតុនៃបទល្មើស ឬក៏ជាការប្រឆាំងនឹងសាលដីការបស់តុលាការកំពូលនោះទេ។ លោក បកស្រាយថា ការជួបជុំគ្នានេះ គឺជាសិទ្ធិរបស់ពួកគេ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិ។ លោក បន្តថា ម្យ៉ាងទៀត ពួកគេទាំងនោះ ក៏មិនមែនជាមនុស្សដែលស្ថិតក្នុងចំណោមថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំង១១៨នាក់ ដែលត្រូវដកសិទ្ធិនយោបាយដែរ។
លោកមេធាវី យល់ថា ការកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាការបំភ័យពួកគេ និងអតីតមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត លែងឲ្យហ៊ានប្រើសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការបញ្ចេញមតិ និងការជួបជុំ។ លោក ស្នើបែបនេះថា «ខ្ញុំ ចង់ឲ្យតុលាការ ពិនិត្យពីផ្លូវច្បាប់ ហើយតម្កល់រឿងមិនចាត់ការ»។
ចំណែកនៅខេត្តកំពង់ធំ អតីតមន្ត្រីគណបក្សប្រឆាំងទាំង៣៥នាក់ មិនទាន់ឡើងដល់តុលាការទេ ដោយកំពុងស្ថិតក្នុងចំណាត់ការរបស់កម្លាំងនគរបាលនៅឡើយ។ ពួកគេ ត្រូវបាននគរបាល ហៅទៅសួរ ពាក់ព័ន្ធនឹងការជួបជុំគ្នានិងនិយាយពីរឿងនយោបាយ។
ការកោះហៅអតីតមន្ត្រីគណបក្សប្រឆាំងជាហូរហែនេះ គឺកើតឡើងចំពេលដែលលោក សម រង្ស៊ី ប្រកាសជាញឹកញាប់ពីគម្រោងនៃការធ្វើមាតុភូមិនិវត្ត។ លោក អះអាងថា នឹងមានប្រជាពលរដ្ឋខ្មែរតាមបណ្តាប្រទេសនានា មកកម្ពុជាជាមួយលោក ហើយនឹងមានប្រជាពលរដ្ឋខ្មែរក្នុងស្រុក ចាំទទួលលោកផងដែរ។
ថ្មីៗនេះ សម្តេច ហ៊ុន សែន បានចេញលិខិតពីរប្រភេទ ដោយលិខិតមួយ ចេញក្នុងឋានៈជាប្រមុខរដ្ឋាភិបាល និង លិខិតមួយទៀត ចេញក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ដើម្បីបង្គាប់មន្ត្រីក្រោមឱវាទ ឲ្យចុះទៅពន្យល់ប្រជាពលរដ្ឋ ពីផលវិបាលនៃការផ្តួលរំលំរដ្ឋាភិបាល និង ផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី ចំអកថា សម្តេច ហ៊ុន សែន កំពុងភ័យពីផែនការនៃការវិលត្រឡប់របស់លោក៕