អន្តរជាតិ
ឥណ្ឌូណេស៊ី គ្រោង​ចាយ​៤១២​ពាន់​លាន​ដុល្លារ​លើ​គម្រោង​រចនាសម្ព័ន្ធ​ដឹកជញ្ជូន
17, May 2019 , 8:29 am        
រូបភាព
រដ្ឋធានី ហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី (ប្រភពរូប៖ AFP)
រដ្ឋធានី ហ្សាការតា ប្រទេស ឥណ្ឌូណេស៊ី (ប្រភពរូប៖ AFP)
ដោយ:
​ឥណ្ឌូណេស៊ី កំពុង​រៀបចំ​គម្រោង​សាងសង់​ធំៗ​ជាច្រើន ដែល​រាប់​ចាប់ពី​ការកសាង​អាកាសយានដ្ឋាន និង​រោងចក្រ​ផលិត​ថាមពល​ជាដើម​។ សម្រាប់​គម្រោង​សាងសង់​ទាំងនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ត្រៀម​ចាយលុយ​ដល់​ខ្ទង់រយ​ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​ដល់​កំណើនសេដ្ឋកិច្ច​ខ្លួន​។

 
​ថ្លែង​ក្នុង​បទ​សម្ភាស​នៅ​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​ឥណ្ឌូណេស៊ី លោក Bambang Brodjonegoro លើកឡើងថា សម្រាប់​គម្រោង​សាងសង់​ដែល​កំពុង​រៀបចំ​នេះ រដ្ឋាភិបាល ត្រូវការ​លុយ​វិនិយោគ​ប្រមាណ ៤១២​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៤ ។ 
 
​ក្នុងចំណោម​លុយ​ទាំងអស់នោះ ប្រមាណ ៤០​ភាគរយ នឹងត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ដោយផ្ទាល់​ពី​សំណាក់​រដ្ឋាភិបាល​, ២៥​ភាគរយ តាមរយៈ​សហគ្រាស​កាន់​កាប់​ដោយ​រដ្ឋ និង​ទុនវិនិយោគ​ដែល​នៅ​សេសសល់​គឺ​ធ្លាក់​ទៅលើ​វិស័យ​ឯកជន​ជា​អ្នកទទួល​រ៉ាប់រង​។ នេះ​បើតាម​ការបញ្ជាក់​របស់ Brodjonegoro ។ 
 
​យោងតាម​សេចក្តីព្រាង​ស្តីពី​គម្រោង​ទាំងនេះ ដែល​បាន​ចុះផ្សាយ​ដោយ​កាសែត Bloomberg និង​បានបញ្ជាក់​រួចរាល់​ពី​ក្រសួងផែនការ​ឥណ្ឌូណេស៊ី​នោះ ប្រមាណ ៦០​ភាគរយ​នៃ​ទុនវិនិយោគ​ទាំងនេះ នឹង​ចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទង​នឹង​ផ្នែក​ដឹកជញ្ជូន​។ 
 
​មែនទែនទៅ ការចំណាយ​ទាំងនេះ នឹង​អនុវត្តតាម​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី Joko Widodo ដោយ​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ស្នូល ដើម្បី​ផ្តល់​សន្ទុះ​ដល់​កំណើនសេដ្ឋកិច្ច និង​ពង្រីក​វឌ្ឍនភាព​ឲ្យ​លើសពី​កោះ​ជ្វា ដែលជា​រោងចក្រ​នៃ​ឥណ្ឌូណេស៊ី​។ 
 
​តាម Bloomberg លោក​រដ្ឋមន្ត្រី Brodjonegoro គូសបញ្ជាក់ថា មធ្យោបាយ​តែមួយគត់​ដើម្បី​ឲ្យ​ឥណ្ឌូណេស៊ី​មាន​កំណើនសេដ្ឋកិច្ច​ក្លៀវក្លា​គឺជា ការតភ្ជាប់ ។ ត្រង់ចំណុច​នេះ មន្ត្រីជាន់ខ្ពស់​ឥណ្ឌូណេស៊ី​រូបនេះ បន្ថែមថា រដ្ឋាភិបាល គ្រោង​បង្កើត​ផ្លូវ​ល្បឿន​លឿន​សម្រាប់​យន្តហោះ  ដោយ​សាងសង់​អាកាសយា​ន​ដ្ឋា​ន​ទំហំ​តូច​សម្រាប់​ការតភ្ជាប់​ក្នុង​តំបន់​ដាច់​ស្រ​យោល ដូចជា តំបន់ Papua ជាដើម​។​
 
​ទោះបីជា​បែបនេះ​ក្តី ការកសាង​កំពង់ផែ​យុទ្ធសាស្ត្រ និង​រោងចក្រ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី គឺជា​រឿង​ដ៏​ស្មុគស្មាញ និង​ត្រូវ​ចំណាយ​ច្រើន​បំផុត ព្រោះថា​ប្រទេស​នេះ ហ៊ុមព័ទ្ធ​ដោយ​កោះ​ចំនួន ១៧០០០​។ តាម​ការប៉ាន់ស្មាន ផ្ទៃដី​ឥណ្ឌូណេស៊ី លាតសន្ធឹង​ចម្ងាយ​រវាង​ពី​ទីក្រុង​ញូវយ៉ក​ដល់ទី​ក្រុង​ឡុង​ដ៍​ឯណោះ​។​
 
​ក្រៅពី​ឧបសគ្គ​ផ្នែក​ភូមិសាស្ត្រ គម្រោង​ដ៏​ធំ​សម្បើម​ទាំងនេះ ក៏​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ​។ បញ្ហា​ហិរញ្ញវត្ថុ​នេះ កើតឡើង​ដោយសារ​ការយកពន្ធ​ទាប និង​តម្លៃ​ផលិតផល​ចុះខ្សោយ ដែល​ប៉ះពាល់​ដល់​កញ្ចប់​ថវិកា​ជាតិ​។ ជាក់ស្តែង គម្រោង​សាងសង់​មួយចំនួន ត្រូវបាន​ពន្យារ ឬ​លុបចោល​តែម្តង ។​
 
​សូមបញ្ជាក់ថា គម្រោង​ចំណាយ​ថ្មី​នេះ ស្មើនឹង ៥,៦​ភាគរយ​នៃ​ផលទុន​ក្នុងស្រុក​សរុប (GDP) របស់​ឥណ្ឌូណេស៊ី ចាប់ពី​ឆ្នាំ​២០២០ ដល់ ឆ្នាំ​២០២៤ ។ អំឡុង​ពេលនេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានដាក់​គោលដៅ​កំណើនសេដ្ឋកិច្ច ចន្លោះ​ពី ៥,៤​ភាគរយ ទៅ ៦​ភាគរយ ។ ទន្ទឹមនឹង​គ្នា​នេះ រដ្ឋាភិបាល​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការផ្តល់​ហិរញ្ញវត្ថុ​លើ​គម្រោង​ទាំងនេះ​តាមរយៈ​ការខ្ចី​បុល​ផងដែរ​៕

Tag:
 ឥណ្ឌូណេស៊ី​
  គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com