សង្គមអន្តរជាតិ​
អន្តរជាតិ
ក្មេងស្រី​ម៉ាឡេស៊ី​ម្នាក់​សម្លាប់ខ្លួន ក្រោយ​ស្ទង់​មតិ​លើ Instagram ថា ខ្លួន​គួរ​ស្លាប់ ឬ​នៅរស់​
17, May 2019 , 9:29 am        
រូបភាព
ដោយ: ធីតា
​ក្នុង​អាយុ​១៦​ឆ្នាំ ក្មេងស្រី​ម៉ាឡេស៊ី ម្នាក់​បាន​សម្រេចចិត្ត​សម្លាប់ខ្លួន ក្រោយ​ស្ទង់​មតិ​តាមរយៈ​គណនី Instagram របស់ខ្លួន​។ នាង​បាន​សួរ​មិត្ត​ភក្ត្រ (Followers) នៅលើ​បណ្តាញ​សង្គម​នេះ​ថា តើ​នាង​គួរ​បន្ត​រស់ ឬ​ស្លាប់​? មតិ​ភាគច្រើន​ជ្រើស​រើសយក​ចម្លើយ «​ស្លាប់​»​។​

 
«​ពិតជា​សំខាន់​ណាស់ សូម​ជ្រើសរើស​ចម្លើយ​ខ្ញុំ​រវាង D/L»​។ ក្មេងស្រី​ដែល​រស់នៅ​ក្រុង Kuching រដ្ឋ Sarawak ប្រទេស​ម៉ាឡេស៊ី បាន​ចោទ​ជា​សំណួរ​យ៉ាង​ដូច្នេះ កាលពីដើម​សប្តាហ៍​កន្លងមក​។ អក្សរ D មានន័យថា Death [​សេចក្តីស្លាប់​] រីឯ​អក្សរ L មានន័យថា Life [​បន្តជីវិត​រស់នៅ​]​។​
 
​លោក Aidil Bolhassan បាន​និយាយប្រាប់ The Borneo Post ថា ក្រោយ​ការស្ទង់មតិ ៦៩​ភាគរយ​បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​យុវតី​វ័យ​១៦​នោះ​ស្លាប់ ខណៈ​មានតែ​៣១​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​បោះ​ឲ្យ​នាង​បន្ត​រស់រៀនមានជីវិត​។​
 
​ករណី​ស្លាប់​នេះ ក្លាយជា​ប្រធានបទ​នៃ​ការពិភាក្សា​ពេញ​ប្រទេស​ម៉ាឡេស៊ី ខណៈ​ក្រុមអ្នកច្បាប់​ទាមទារ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​។ លោក Ramkarpal Singh តំណាងរាស្ត្រ និង​ជា​មេធាវី​ម្នាក់ បាន​លើកឡើងថា​៖ «​តើ​ក្មេងស្រី​ម្នាក់នេះ អាច​រស់​ដែរ​ទេ ប្រសិនបើ​មនុស្ស​ភាគច្រើន​លើ Instagram ឲ្យ​នាង​បោះបង់​គំនិត​សម្លាប់ខ្លួន​? តើ​ពិតជា​ត្រូវការ​ការចូលរួម​យោបល់​បែ​នេះ​មែនឬ​?»​។​
 
​មេធាវី​រូបនោះ បាន​គូសបញ្ជាក់​ផងដែរ​ថា ក្រោម​ច្បាប់​ម៉ាឡេស៊ី អ្នក​ដែល​ជំរុញ​ឲ្យ​អនីតិជន​ឈានដល់​ការសម្លាប់​ខ្លួន ត្រូវ​ប្រឈម​ទោស​ប្រហារជីវិត ឬ​២០​ឆ្នាំ​ក្នុង​គុក​។ រដ្ឋមន្ត្រី​យុវជន និង​កីឡា​ម៉ាឡេស៊ី លោក Syed Saddiq Syed Abdul Rahman ក៏បាន​សម្តែង​ការសោកស្តាយ​ទាក់ទង​នឹង​ការបញ្ចប់​ជីវិត​របស់​កុមារី​រូបនោះ​ផងដែរ ដោយ​លោក​បានលើកឡើង​ពី​កំណើន​នៃ​វិបត្តិ​សុខភាព​ផ្លូវចិត្ត​នៅក្នុង​សង្គម​។​
 
​លោកស្រី Ching Yee Wong អ្នកទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​របស់ Instagram ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​។ លោកស្រី​បាន​លើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ទាក់ទង​ទៅកាន់​សេវា​បន្ទាន់ ក្នុងករណី​ពួកគេ​ឃើញ​ទង្វើ​ដ៏​គ្រោះថ្នាក់​បែបនេះ​។​
 
​ករណី​ដូចគ្នា ក៏​ធ្លាប់បាន​កើតឡើង​ផងដែរ កាលពី​ឆ្នាំ​២០១៧ ដោយ​កុមារី​អង់គ្លេស​វ័យ​១៤​ឆ្នាំ បាន​បង្ហោះ​រូបភាព​ជាច្រើន​ទាក់ទង​នឹង​អត្តឃាត មុននឹង​បញ្ចប់ជីវិត​របស់ខ្លួន​ឯង​៕
 

Tag:
 បណ្តាញ​សង្គម​
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com