ជាតិ
​​​ន​យោ​បាយ​ជាតិ​
ធនាគារជាតិ​ថ្កោលទោស​ក្រុមហ៊ុន GCG Asia ខណៈ​សមត្ថកិច្ច​កំពុងស៊ើបអង្កេត​ម្ចាស់​ក្រុមហ៊ុន​នេះ​
17, May 2019 , 9:42 am        
រូបភាព
​ភ្នំពេញ​៖ ធនាគារជាតិ បដិសេធថា ធនាគារ​មិនមាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន GCG Asia នោះទេ ដូច្នេះ​រាល់​ការលើកឡើង​របស់​ក្រុមហ៊ុន​មួយ​នេះ គឺមាន​បំណង​ទុច្ចរិត​ប៉ុណ្ណោះ​។ ការច្រានចោល​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​លើ​ម្ចាស់​ក្រុមហ៊ុន GCG Asia ដែល​បាន​យកឈ្មោះ​សម្ដេច និង​ធនាគារជាតិ​ទៅប្រើ​ប្រាស់​ក្នុង​ការធ្វើ​អា​ជីក​ម្ម​។​

 
​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា បានសរសេរថា ធនាគារជាតិ​មិនដែល​ទទួលស្គាល់ ឬ​មានការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន GCG Asia នេះឡើយ​។ ធនាគារជាតិ កំពុង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​បំភ្លៃ និង​បន្លំ​ព័ត៌មាន​របស់​ក្រុមហ៊ុន GCG Asia និង​ថ្កោលទោស​ចំពោះ​ការប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នេះ​។​
 
«​សូម​សាធារណជន​មេត្តា​ប្រុងប្រយ័ត្ន​ចំពោះ ក្រុមហ៊ុន GCG Asia ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​ពី​ឈ្មោះ​និង​ស្លាក​សញ្ញា​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​បំណង​ទុច្ចរិត​»​។ នេះ​ជាការ​បញ្ជាក់​របស់​ធនា​គារ​ជាតិ​។​
 
​ប្រតិកម្ម​របស់​ធនាគា​រ​ជាតិ​នេះ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុន​បរទេសមួយ​នេះ ដែល​យកឈ្មោះ​សម្ដេច ទៅធ្វើ​អា​ជីក​ម្ម​។ ព័ត៌មាន​ដែល​សម្ដេច ហ៊ុន សែន ទទួលបាន​នោះ គឺ​ក្រុមហ៊ុន​បរទេស​ឈ្មោះ​GCG Asia Co., LTD នេះ បាន​យក​រូបថត​សម្ដេច ទៅ​បង្ហោះ​នៅក្នុង Website របស់​ក្រុមហ៊ុន (http://gcgasiacoin.com/) ដែល​សរសេរថា សម្ដេច​គឺជា​អ្នកគាំទ្រ និង​ចូលរួម​សម្ពោធ​កាត់​ខ្សែបូ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ២០ ខែ ឧសភា ២០១៩​។ ប្រមុខ​រដ្ឋាភិបាល ចាត់ទុក​ការលើកឡើង​របស់​ក្រុមហ៊ុន​នេះ គឺជា​រឿងប្រឌិត ដែល​ផ្ទុយ​ពី​ការពិត ។ បើតាម​សម្ដេច ហ៊ុន សែន ក្រុមហ៊ុន​ខាងលើនេះ គឺជា​ក្រុមហ៊ុន​ដែល​រកស៊ី​មិន​ត្រឹមត្រូវ ហើយ​កំពុង​ស្ថិតនៅក្នុង​បញ្ជីខ្មៅ​(Black List)​ផងដែរ​។​
 
​ទាក់ទង​បញ្ហា​នេះ សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ហើយ​។ លោក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច​បានរៀបចំ​នីតិវិធី​ច្បាប់ ដើម្បី​ដំណើរការ​អនុវត្ត​ជា​ជំហាន​ទៅលើ​ម្ចាស់​ក្រុមហ៊ុន​នេះហើយ​។ ប៉ុន្តែ​លោក សុំ​មិន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​កិច្ចការ​របស់​សមត្ថកិច្ច​លើ​ក្រុមហ៊ុន​បរទេស​នេះ​ទេ​។​

អត្ថបទទាក់ទង
 
​តែ​យ៉ាងណា​នៅ​ព្រឹក​ថ្ងៃទី​១៧ ឧសភា​នេះ កម្លាំង​ជំនាញ​របស់​អគ្គស្នងកា​រដ្ឋា​នគរបាលជាតិ នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ដើម្បី​សម្រេច​ចុងក្រោយ មុននឹង​ឈានទៅរក​ការបន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​ចំពោះ​ថៅកែ​ក្រុមហ៊ុន​នោះ​។ ចំណែក​ខាង​ជំនាញ​សន្តិសុខ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​ស្រាវជ្រាវ​មួយ​ជំ​ហាន​មុន ហើយ​បាន​សំណូមពរ​ដាក់​រឿងនេះ ក្នុងការ​ស៊ើបអង្កេត​ប្តឹងទៅ​ព្រះរាជអាជ្ញា ដើម្បី​ដោះស្រាយ​តាមច្បាប់ ចំពោះ​ក្រុមហ៊ុន​ខាងលើ​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Fresh News ដែល​បាន​ស្រង់​សម្តី​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​៕
 

Tag:
 ហ៊ុន សែន​
  ធនាគារជាតិ​
  នគរបាលជាតិ​
  GCG Asia
© រក្សាសិទ្ធិដោយ thmeythmey.com