អន្តរជាតិ
ន័​រ​វ៉េ​ស លូកដៃ​ជួយ​សម្របសម្រួល​វិបត្តិ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
17, May 2019 , 11:19 am        
រូបភាព
​មេដឹកនាំ​ប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហ័ន ក្វៃ​ដូ នៅ​ថ្ងៃទី​១៦ ខែឧសភា បានប្រកាស​ពី​ការបញ្ជូន​បេសកជន​ពិសេស​ទៅកាន់​ន័​រ​វ៉េ​ស ដើម្បី​ចូលរួម​ក្នុង​កិច្ចសម្របសម្រួល​របស់​រដ្ឋ​អឺរ៉ុប​មួយ​នេះ សំដៅ​ដោះស្រាយ​បញ្ហា​ស្រុកទេស​ជាមួយ​រដ្ឋាភិបាល​លោក នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ ប៉ុន្តែ​លោក ក្វៃ​ដូ អះអាងថា តំណាង​ក្រុមប្រឆាំង មិនបាន​ជួបចរចា​ជាមួយ​មន្ត្រី​របស់លោក ម៉ា​ឌុយ​រ៉ូ ដែល​ធ្វើ​ទស្សនកិច្ច​នៅ​នៅ​ទីក្រុង​អូ​ស្លូ​ឡើយ​។

 
​ខណៈ​ស្ថានការណ៍​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុងតែ​ក្ដៅ រឿងរ៉ាវ​ក្រៅ​ឆាក​ឯណោះ​វិញ​កំពុង​កើតឡើង​នៅឯ​ទឹកដី​ន័​រ​វ៉េ​ស​។ រដ្ឋាភិបាល​ន័​រ​វ៉េ​ស កំពុង​ដើរតួ​សម្របសម្រួល​រវាង​ក្រុមប្រឆាំង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​រដ្ឋាភិបាល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។ មេដឹកនាំ​ក្រុមប្រឆាំង ហ័ន ក្វៃ​ដូ ប្រកាស​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​១៦ ខែឧសភា ប៉ុន្តែ​លោក​បាន​បដិសេធថា គ្មាន​ការចរចា​អ្វី​ទាំងអស់​មកទល់ពេលនេះ​។ 
 
​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន លោក ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា និយាយថា លោក​បាន​បញ្ជូន​ប្រេសិត​ទៅកាន់​ន័​រ​វ៉េ​ស ដែល​បាន​ប្រឹងប្រែង​បង្កើត​បរិយាកាស​សមស្រប​សម្រាប់​ភាគី​ទាំងពីរ​ជួបគ្នា តែ​ការជជែក​គ្នា​មិនទាន់មាន​ឡើយ​។ នេះ​ជាការ​ប្រកាស​ផ្លូវការ​លើកដំបូង​ពី​ការប៉ុនប៉ង​ចរចា​រវាង​ក្រុមប្រឆាំង និង​របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស ស្របពេល​ការ​ប្រទាញប្រទង់​អំណាច​នៅតែ​បន្ត​មាន​រហូតដល់​មានការ​បាត់បង់​ជីវិត​ផង​នោះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមប្រឆាំង​ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​អូ​ស្លូ​ដឹកនាំ​ដោយ​អនុ​ប្រ​ធា​រដ្ឋសភា Stalin Gonzalez និង​អតីត​សមាជិកសភា​លោក Gerardo Blyde ។ ពី​រដ្ឋធានី​កា​រ៉ា​កាស លោក ម៉ា​ឌុយ​រ៉ូ មិនបាន​និយាយ​អ្វី​ទាក់ទង​ការចរចា​ជាមួយ​ក្រុមប្រឆាំង​ឡើយ តែ​បង្ហើប​ថា មនុស្ស​ជំនិត និង​ជា​រដ្ឋមន្ត្រី​គមនាគមន៍  Jorge Rodriguez បំពេញ​បេសកម្ម​ដើម្បី​សន្តិភាព​ប្រទេសជាតិ​នៅ​តំបន់​អឺរ៉ុប​។ 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផ្សាយ​ថា លោក Rodriguez និង​អភិបាលរដ្ឋ​ម្នាក់ទៀត បាន​ទៅកាន់​ទឹកដី​ន័​រ​វ៉េ​ស​ក្នុងនាម​ជា​តំណាង​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ។ យ៉ាងណាមិញ គេ​មិនទាន់​ដឹងថា ភាគី​ទាំង​ពីរបាន​ជួបគ្នា​ឬ​អត់​ឡើយ ប៉ុន្តែ​វិទ្យុ​ន័​រ​វ៉េ​ស​មួយ​ផ្សាយ​ថា ការជជែក​គ្នា​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​មកហើយ​នៅ​កន្លែង​សម្ងាត់​មួយ​។ ជុំវិញ​បញ្ហា អ្នកនាំពាក្យ​ក្រសួងការបរទេស​ន័​រ​វ៉េ​ស Ane Haavardsdatter Lunde មិនបាន​បដិសេធ ឬ​ទទួលស្គាល់​ការសម្របសម្រួល​នេះឡើយ​។​
 
​បើ​មាន​ការចរចា​មែន លោក ក្វៃ​ដូ បានដាក់​លក្ខខណ្ឌ​ឲ្យ​មានការ​បញ្ចប់​ការដណ្ដើម​អំណាច​របស់​លោក ម៉ា​ឌុយ​រ៉ូ ហើយ​ត្រៀមខ្លួន​បង្កើត​រដ្ឋាភិបាល​អន្តរកាល​ជំនួស​រដ្ឋាភិបាល​បច្ចុប្បន្ន មុននឹង​ឈានដល់​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​។ លោក ក្វៃ​ដូ ចោទ​លោក ម៉ា​ឌុយ​រ៉ូ ថា កំពុង​កាន់អំណាច​ខុសច្បាប់​ក្រោយ​ការបោះឆ្នោត​ឆ្នាំមុន ដែល​អវត្តមាន​បក្សប្រឆាំង ហើយ​បរទេស​ជាច្រើន​មិន​ទទួលស្គាល់​។ យ៉ាងណា លោក ម៉ា​ឌុយ​រ៉ូ នៅមាន​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​គុយបា​ចាំ​ជួយ និង​មាន​យោធា​ជា​ខ្នងបង្អែក​ទៀត​៕ 
 

Tag:
 ន័​រ​វ៉េ​ស​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ហ័ន ក្វៃ​ដូ​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com