ជាង១០ថ្ងៃទៀតប៉ុណ្ណោះ នាង យិន ម៉ាណា នឹងត្រូវដោះលែង
ជាតិ
សង្គមជាតិ
ជាង១០ថ្ងៃទៀតប៉ុណ្ណោះ នាង យិន ម៉ាណា នឹងត្រូវដោះលែង
17, May 2019 , 3:23 pm        
រូបភាព
នាង យិន ម៉ាណា
នាង យិន ម៉ាណា
ដោយ: ថ្មីៗ
តុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្រេចឲ្យនាង យិន ឃុនម៉ី ហៅ យិន ម៉ាណា ជាប់ពន្ធនាគារ១ឆ្នាំ។ ប៉ុន្តែ តុលាការ ឲ្យនាង អនុវត្តទោសក្នុងពន្ធនាគារតែខែ២ប៉ុណ្ណោះ ឯ១០ខែ ត្រូវព្យួរ។



ការអនុវត្តទោស ត្រូវគិតចាប់តាំងពីនាង ត្រូវបានឃុំខ្លួននៅថ្ងៃទី២៩ ខែមីនាមក។ ដូច្នេះ បើគិតទៅ នាងជាប់ពន្ធនគារជិត២ខែទៅហើយមកពេលនេះ ដោយនៅខ្វះតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ។ គ្រប់រយៈពេល២ខែនេះ នាង នឹងត្រូវដោះលែង (ប្រហែលចុងខែឬដាច់ខែឧសភានេះ)។

លោក សុខ អួង មេធាវីស្ម័គ្រចិត្តរបស់សម្តេច​ ហ៊ុន សែន​ ដែលត្រូវបានបញ្ជូនទៅឲ្យការពារក្តីជូនគ្រួសាររបស់កញ្ញា ឌុំ រីដា ដែលបានបាត់ជីវិត ដោយសារនាង យិន ម៉ាណា បើកឡានបុក បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ ក្រោយការប្រកាសសាលក្រមថា តុលាការ ទុកសិទ្ធិឲ្យខាងនាង យិន ម៉ាណា ប្តឹងទៅសាលាឧទ្ធរណ៍ ប្រសិនបើ មិនសុខចិត្ត។ 

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការអាដហុក ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការប្រកាសសាលក្រមកំណត់ទោសនេះ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។ ប៉ុន្តែ លោក មើលឃើញថា សាលក្រមនេះ រងការរិះគន់ច្រើនពីមហាជន ដោយសារតែមហាជន បានតាមដានរឿងនេះតាំងពីដើមមក។ 

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលរូបនេះ លើកឡើងបែបនេះថា៖ «ជាការកត់សម្គាល់ យើង សង្កេតឃើញថា អ្នកមានលុយ ច្រើនតែបានរួចផុតពីទោសជាប់ពន្ធនាគារ។ យើង ចង់ឲ្យតុលាការ អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ កុំឲ្យអ្នកមានលុយ មានឱកាសប្រើលុយ បានរួចផុតពីទោសជាប់ពន្ធនាគារ  ដើម្បីឲ្យប្រជាពលរដ្ឋ មានជំនឿលើតុលាការ»។ 

នាង យិន ម៉ា​ណា ដែល​គេ​ដឹងថា​ជា​កូនអ្នកមាន បានបើកឡានបុក កញ្ញា ឌុំ រីដា ដោយអចេតនា ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងខែមីនា។ នាង យិន ម៉ាណា បានរងពីបទ «បើកបរធ្វេសប្រហែស បណ្តាលឲ្យអ្នកដទៃស្លាប់»។ 

គ្រួសាររបស់នាង យិន ម៉ាណា បានយកថវិកា៥ពាន់ដុល្លារ ទៅចូលបុណ្យសពកញ្ញា​ ឌុំ រីដា។ បន្ទាប់មក គ្រួសាររបស់នាង បានសងសំណង៧ម៉ឺនដុល្លារ ទៅឲ្យគ្រួសាររបស់កញ្ញា ឌុំ រីដា។ ក្រោយទទួលយកសំណង គ្រួសាររបស់កញ្ញា ឌុំ រីដា ក៏សម្រេចចិត្តដកពាក្យបណ្តឹងរដ្ឋប្បវេណី៕ 


Tag:
 យិន ម៉ាណា
© រក្សាសិទ្ធិដោយ thmeythmey.com