កីឡាអន្តរជាតិ
អន្តរជាតិ
Man City រិះគន់​ប្រធាន​ស៊ើបអង្កេត UEFA ដែល​ចង់​ពិន័យ​ខ្លួន​មិន​ឲ្យ​លេង UCL
17, May 2019 , 7:19 pm        
រូបភាព
​ក្លិប​បាល់ទាត់ Manchester City បង្ហាញ​ជំហរ​ខកចិត្ត​ជុំវិញ​ការស៊ើបអង្កេត​ហិរញ្ញវត្ថុ​ពី​សំណាក់​គណៈកម្មការ​ស៊ើបអង្កេត​ហិរញ្ញវត្ថុ​ឯករាជ្យ (CFCB IC) ដែល​ដឹកនាំ​ដោយ​លោក Yves Leterme ប៉ុន្តែ​ពួកគេ​មិន​ភ្ញាក់ផ្អើល​នឹង​ដំណើរការ​នេះឡើយ​។ ក្លិប​រហស្សនាម​មេឃ​ខៀវ ត្រូវ​ចោទ​ពី​ការបំពានច្បាប់​កំណត់​ហិរញ្ញវត្ថុ​លើ​ការចំណាយ Financial Fair Play (FFP) ចាប់តាំងពី UEFA បញ្ជា​ឲ្យ​ស៊ើប​កាលពី​ខែមីនា​មក​។​


 
​អតីត​នាយករដ្ឋមន្ត្រី​ប៊ែ​ល​ហ្ស៊ិ​កលោក Yves Leterme ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​គណៈកម្មការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឯករាជ្យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ជា​អ្នកពិនិត្យ និង​សម្រេចចិត្ត​ចុងក្រោយ​ថា​តើ​ត្រូវដាក់​ទណ្ឌកម្ម​លើ​ក្រុម Man City ឬក៏​អត់​។​
 
​បច្ចុប្បន្ន​សំណុំរឿង​នេះ​ក៏​ដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ស្របពេល​ក្រុម​ស៊ើបអង្កេត CFCB IC ចង់​ឲ្យ​មានការ​ដាក់ពិន័យ Man City ដោយ​មិន​ឲ្យ​ម្ចាស់​ជើងឯក Premier League នេះ​ចូលរួម​លេង​ក្នុង​ក្របខណ្ឌ Champions League មួយ​រដូវ​កាល​។​
 
​អំឡុង​ការសម្រេចចិត្ត​នេះ ភាគី Man City បានដាក់​ការទុកចិត្ត​ទាំងស្រុង​ទៅលើ​លទ្ធផល​វិជ្ជមាន​នៅពេល​សំណុំ​រឿងនេះ​ត្រូវ​យកទៅ​ពិចារណា​ដោយ​ស្ថាប័ន​តុលាការ​ឯករាជ្យ​។​
​ប៉ុន្តែ​យ៉ាងណា​ក័​ដោយ តាមរយៈ​ការផ្សាយ​លើ​វេ​ប​សាយ​ផ្លូវការ ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង Manchester បាន​សម្តែង​ការខកចិត្ត​យ៉ាងខ្លាំង ដ្បិត ICFCB IC ដែលមាន​លោក Leterme ជា​ប្រធាន​មិន​អើពើ​នឹង​ភស្តុតាង​ដែល​ក្លិប​បញ្ជូន​ទៅកាន់​អង្គជំនុំជម្រះ​នោះទេ​។​
 
​ក្លិប​រហស្សនាម​មេឃ​ខៀវ ថែមទាំង​និយាយ​បែប​រិះគន់​ដោយ​សំដៅទៅ​លោក Leterme ថា​៖ «​ការសម្រេចចិត្ត​នេះ​មាន​កំហុសឆ្គង ការបកស្រាយ​មិន​ត្រឹមត្រូវ និង​ការយល់ច្រឡំ​ជាច្រើន​ដែល​បង្ហាញ​ពី​កង្វះ​នីតិវិធី​ត្រឹមត្រូវ​ហើយ​បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន​»៕

Tag:
 បាល់ទាត់​
  UEFA
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com