ជាតិ
សារព័ត៌មាន​ចិន និង​អន្តរជាតិ ចាប់អារម្មណ៍​វត្តមាន​កុមារ​ឆ្លាត ធុច សា​លិ នៅ​សាលា​ចិន​
17, May 2019 , 7:39 pm        
រូបភាព
ដោយ:
​កុមារ​កម្ពុជា ធុច សា​លិ បាន​ទៅដល់​ទឹកដី​ចិន កាលពីដើម​សប្តាហ៍​នេះ និង​បាន​ចុះឈ្មោះ​រួចរាល់​នៅ​សាលា​ឯកជន​បរទេស​មួយកន្លែង ក្រោម​ការ​ទំនុកបម្រុង​របស់​អ្នកជំនួញ​ម្នាក់​ឈ្មោះ ឃិត ឈឿន និង​ភាគី​សាលា​ផ្ទាល់​។ កុមារ​រូបនេះ ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​លើ​បណ្តាញ​សង្គម កាលពី​ខែវិច្ឆិកា​កន្លងទៅ ក្រោយពី​ខ្លួន​បាន​ប្រើប្រាស់​ជំនាញ​ភាសា​ដ៏​ប៉ិនប្រសប់  ដើម្បី​បញ្ចុះបញ្ចូល​ជនបរទេស​ឲ្យ​ទិញ​វត្ថុ​អនុស្សាវរីយ៍​។ វត្តមាន​របស់​សា​លិ នៅ​សាលារៀន​ក្នុងប្រទេស​ចិន ទទួលបាន​នូវ​ការចាប់អារម្មណ៍​ខ្លាំង​ពី​បណ្តាសារ​ព័ត៌មាន​ចិន និង​អន្តរជាតិ​នានា​ផងដែរ​។​

 
​គ្រាន់តែ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ក្នុង​ទីក្រុង​សៀង​ហៃ កាលពី​ថ្ងៃទី​១៣ ខែឧសភា ភ្លាម  ក្មេងប្រុស ធុច សា​លិ ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សិស្ស​មកពី​សាលា​ភាសាបរទេស Hailiang ដោយមាន​ទាំង​ការ​ច្រៀង និង​រាំ​ថែម​ទៀតផង​។ ក្រោយមក ក្មេង​មកពី​កម្ពុជា​រូបនេះ បានធ្វើ​ដំណើរ​ពី​ក្រុង​សៀង​ហៃ តាមរយៈ​រថយន្ត​ទៅកាន់​សាលា​ភាសាបរទេស Hailiang ដែល​ស្ថិតក្នុង​ខេត្ត Zhejiang ភាគ​ខាងកើត​នៃ​ប្រទេស​ចិន ដើម្បី​ចុះឈ្មោះ​ចូលរៀន​នៅ​ទីនោះ​។ 


 
​តាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង  South China Morning Post អ្នកនាំពាក្យ​ក្រុមហ៊ុន Hailiang Group ដែលជា​ក្រុមហ៊ុន​ផលិត​ទង់ដែង និង​ជា​ម្ចាស់​របស់​សាលា​ភាសាបរទេស Hailiang ផង​នោះ បានបញ្ជាក់​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខ្លួន នឹង​ផ្តល់​ជួយឧបត្ថម្ភ​ដល់​ការសិក្សា​របស់​កុមារ សា​លិ ទាំងស្រុង​តែម្តង​។ 
 
 
​សូមបញ្ជាក់ថា ការទទួល​ជំនួយ​ឧបត្ថម្ភ​បែបនេះ បាន​កើតឡើង​ក្រោយពី​ក្មេងប្រុស សា​លិ កាលពី​ថ្មីៗ​កន្លងទៅនេះ បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន​មួយ​ថា រូបគេ​ពេញចិត្ត​នឹងសិក្សា​ភាសា​ចិន និង​សង្ឃឹមថា​អាច​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ក្រុង​ប៉េកាំង ។ ក្រោយ​ឃើញ​វីដេអូ​នេះ ប្រធាន​ក្រុមហ៊ុន Hailiang Group លោក Feng Hailiang រំជួលចិត្ត​ជាខ្លាំង ហើយ​លោក មានបំណង​ជួយ​ក្មេងប្រុស​កម្ពុជា​ម្នាក់នេះ សម្រេច​ក្តី​សុ​បិ​ន្ត​របស់គេ​។ 


 
​បើតាម​អ្នកនាំពាក្យ​ក្រុមហ៊ុន  Hailiang Group ក្រោយមក លោក Feng បាន​ទាក់ទង​ទៅកាន់​ក្រុមគ្រួសារ​ក្មេងប្រុស សា​លិ ហើយ​ថែមទាំង​រៀបចំ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ទោ​កាន់​ប្រទេស​ចិន រយៈពេល​៤​ថ្ងៃ​ទៀតផង​។ ដំបូង​ឡើយ ឪពុកម្តាយ​របស់​ក្មេងប្រុស សា​លិ ហាក់​ស្ទាក់​ស្ទើរនឹង​ការផ្តល់​ឲ្យ​នេះ​។ ចុងក្រោយ ពួកគេ បាន​ផ្លាស់ប្តូរ​គំនិត ទើប​ភ្នាក់ងារ​របស់​ក្រុមហ៊ុន លោក Feng បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដើម្បី​រៀបចំ​ទិដ្ឋាការ​សម្រាប់ សា​លិ​។​


 
​ក្រៅពី South China Morning Post ព័ត៌មាន​របស់​សា​លិ​នៅ​សាលារៀន​ចិន ត្រូវបាន​ចុះផ្សាយ​នៅតាម​សារព័ត៌មាន​ជាច្រើន​ទៀត ដូចជា Sinchew, Mothership, Channel News Asia, AsiaOne, News18, People’s Daily និង​សារព័ត៌មាន​ចិន ជាច្រើន​ទៀត​៕
 

Tag:
 ចិន​
  ធុ​ធ​សា​លិ​
  ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com