អន្តរជាតិ
វិបត្តិ​ជាមួយ​អ៊ីរ៉ង់​៖ ប្រធានរដ្ឋសភា​អាមេរិក​រំឭកថា លោក ត្រាំ គ្មាន​អំណាច​ប្រកាសសង្គ្រាម​ឡើយ​
17, May 2019 , 8:19 pm        
រូបភាព
ប្រធានរដ្ឋសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
ប្រធានរដ្ឋសភាអាមេរិក ណាន់ស៊ី ផេឡូស៊ី ។ រូបភាព AFP
​ប្រធានរដ្ឋសភា​អាមេរិក ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​ព្រមាន​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ជុំវិញ​ការប្រើប្រាស់​កម្លាំង​លើ​អ៊ីរ៉ង់​ដោយ​គ្មាន​ការផ្ដល់​ភ្លើង​ខៀវ​ពីស​ភា​ទាំងពីរ​។ ការព្រមាន​របស់​ប្រធានរដ្ឋសភា​អាមេរិក ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋបាល​លោក ត្រាំ កំពុង​គិតគូរ​ពី​ការឆ្លើយតប​នឹង​សភាពការណ៍​តានតឹង​នៅ​មជ្ឈិមបូព៌ា ក្រោយ​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា បង្ក​ការគំរាមកំហែង​ដាក់​អាមេរិក ឬ​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​។​

 
​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់ នៅ​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​។ អស់​រយៈពេល​១១​ថ្ងៃ​ហើយ​ដែល​អាមេរិក​បង្កើន​កម្លាំងរ​បស់​ខ្លួន​នៅក្បែរ​អ៊ីរ៉ង់​ដើម្បី​ឆ្លើយតប​នូវ​អ្វីដែល​ក្រុមមន្ត្រី​ទីក្រុង​វ៉ាស៊ីនតោន​អះអាងថា ជាការ​គំរាមកំហែង​ដ៏​ខ្លាំង​ពី​សំណាក់​អ៊ីរ៉ង់​។ គេ​បារម្ភ​ថា ជាមួយនឹង​ការបញ្ជូន​សព្វាវុធ​ជា​បន្តបន្ទាប់​ទៅកាន់​មជ្ឈិមបូព៌ា សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ ទំនង​ចៀស​មិន​ផុត​។ ប៉ុន្តែ​ប្រធានរដ្ឋសភា​អាមេរិក​ប្រកាសថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គ្មាន​សិទ្ធិ​ប្រកាសសង្គ្រាម​ជាមួយ​អ៊ីរ៉ង់​ឡើយ​។​
 
​លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាងរាស្ត្រ នៅ​ថ្ងៃទី​១៦ ខែឧសភា និយាយថា តាម​រដ្ឋធម្មនុញ្ញ​អាមេរិក ស្ថាប័ន​នីតិបញ្ញត្តិ​ដែលមាន​សភា​តំណាង និង​ព្រឹទ្ធសភា ទើប​មានអំណាច​ប្រកាសសង្គ្រាម​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ ក៏​សង្ឃឹមថា ទីប្រឹក្សា​របស់លោក ត្រាំ នឹង​យល់​ពី​សិទ្ធិអំណាច​មួយ​នេះ​របស់​សភា​ដែល​ស្ថាប័ន​នីតិប្រតិបត្តិ​គ្មាន​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Bloomberg ។​
 
​ដ្បិត​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅកាន់​មូលដ្ឋាន​នៅ​កាតា​ដើម្បី​កំញើញ​អ៊ីរ៉ង់ សមាជិក​នៃ​រដ្ឋបាល​ប្រធានាធិបតី ត្រាំ នៅ​មិនទាន់​ឯកភាព​ថា ត្រូវ​តទល់​អ៊ីរ៉ង់​តាមផ្លូវ​ណា​ដែល​ប្រសើរ​ស​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​ជា​តុ ច​ន ប៊ូល​តុ​ន នៅតែ​ចង់​ប្រើ​កម្លាំង​ដើម្បី​ដាក់​សម្ពាធ​ទីក្រុង​តេ​ហេ​រ៉ង់ ប៉ុន្តែ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ និង​សូម្បី​លោក ត្រាំ ផ្ទាល់ ចង់​បន្ត​ការចរចា​ជាមួយ​អ៊ីរ៉ង់​ទៀត និង​មិន​ចង់​ធ្វើសង្គ្រាម​ឡើយ​។​
 
​លោកស្រី ផេ​ឡូ​ស៊ី សាទរ​ជំហរ​រក្សា​សន្តិភាព​ជាមួយ​អ៊ីរ៉ង់​របស់​ប្រធានាធិបតី​អាមេរិក ហើយ​លោកស្រី​ពិតជា​ពេញចិត្ត​ដែល​ឮ​បែបនេះ​។ ប្រធានរដ្ឋសភា​អាមេរិក​រូបនេះ ក៏​រំឭក​ទុក​ដែរ​ថា ច្បាប់​ស្ដីពី​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​យោធា​ដែល​សភា​អនុម័ត​ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១១ ខែកញ្ញា ២០០១ នោះ មិនអាច​យកទៅ​ប្រើ​លើ​ករណី​អ៊ីរ៉ង់​ឡើយ​។ លោក ត្រាំ ផ្ទាល់ ក៏​ជា​អ្នកប្រឆាំង​ការប្រើ​ច្បាប់​នេះ​ក្នុង​សង្គ្រាម​អ៊ីរ៉ាក់​ឆ្នាំ​២០០៣ ដែរ​។​
 
​នៅ​ថ្ងៃទី​១៦ ខែឧសភា​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​នៃ​ស្ថាប័ន​សភា​អាមេរិក បានទទួល​ការរាយការណ៍​ពិសេស​ស្ដីពី​ព័ត៌មាន​ចារកម្ម​ទាក់ទង​វិបត្តិ​អ៊ីរ៉ង់ ព្រោះ​សភា​ជា​អ្នកមាន​សិទ្ធិ​ប្រកាសសង្គ្រាម​។ ខណៈដែល​កាលៈទេសៈ​ប្រើ​កម្លាំង​មិនទាន់​ដល់​នោះ ការចរចា​ក៏​ទំនងជា​មិនអាច​ចាប់ផ្ដើម​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ ចា​វ៉ាដ ហ្សា​រី​ហ្វ និយាយថា បច្ចុប្បន្ន គ្មាន​លទ្ធភាព​ចរចា​ជាមួយ​អាមេរិក​ឡើយ ទោះ​លោក ត្រាំ អះអាងថា អ៊ីរ៉ង់​ចង់​ចរចា​ក្ដី​៕  
 

Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ​
  Nancy Pelosi
© រក្សាសិទ្ធិដោយ thmeythmey.com