អន្តរជាតិ
តៃវ៉ាន់ អនុម័ត​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ដោយ​ស្របច្បាប់​
17, May 2019 , 4:11 pm        
រូបភាព
ប្រភពរូប៖​ AFP
ប្រភពរូប៖​ AFP
ដោយ:
​សភា​តៃវ៉ាន់ បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀប​ការស្រឡាញ់​ភេទ​ដូចគ្នា​។ ការសម្រេច​បែបនេះ ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ក្លាយជា​ប្រជាជាតិ​ទីមួយ​ក្នុង​តំបន់​អាស៊ី​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​ដោយ​ស្របច្បាប់​។

 
​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​សំឡេងឆ្នោត ៦៦ ទល់នឹង ២២ ។ ហើយ​វា​គ្រោង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នា​ថ្ងៃទី​២៤ ខែឧសភា​ខាងមុខ ក្រោយពី​លោកស្រី​ប្រ​ធា​នាធ​ប​តី​តៃវ៉ាន់ Tsai Ing-wen ចុះហត្ថលេខា​អនុម័ត​រួច​។ 
 
​តាមពិតទៅ ការបោះឆ្នោត​នេះ បាន​ធ្វើឡើង​ក្រោយពី​តុលាការ​កំពូល​តៃវ៉ាន់ កាលពី​ឆ្នាំ​២០១៧ បានចេញ​សេចក្តីសម្រេច​ថា ដៃគូ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា មាន​សិទ្ធិ​ក្នុងការ​រៀបការ​ដោយ​ស្របច្បាប់ តែ​ចាំបាច់​ត្រូវ​ធ្វើជា​ច្បាប់​សិន​។ ដូច្នេះហើយ​ទើប​តុលាការ​កំពូល​តៃវ៉ាន់ បាន​ទុកពេល​ឲ្យ​សភា ២​ឆ្នាំ ដើម្បី​អនុម័ត​វា​ឲ្យ​ទៅជា​ច្បាប់​បែបនេះ ។ 
 
​ក្រោយ​សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត ក្រុម​អ្នកគាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់រយ​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅក្រៅ​អគារ​សភា​តៃវ៉ាន់ ក្នុង​រដ្ឋធានី​តៃប៉ិ​បានបង្ហាញ​ការពេញចិត្ត​ជាខ្លាំង ហើយ​អ្នកខ្លះ​ហូរ​ទឹកភ្នែក​ទៀតផង​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen តាមរយៈ​បណ្តាញ Twitter បាន​សាទរ​ចំពោះ​សេចក្តីសម្រេច​នេះ ដោយ​លើកឡើងថា​៖ «​នៅ​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ​២០១៩ យើង​បាន​បោះជំហាន​ទៅមុខ​យ៉ាង​ធំ​មួយ​ឆ្ពោះទៅរក ភាពស្មើគ្នា​យ៉ាងពិត​ប្រាកដ​»៕
 

Tag:
 តៃវ៉ាន់​
  ការរៀប​ការ​
  អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com