កីឡាជាតិ
ជាតិ
វាសនា​ត្រឡប់មក​វាយ​នៅ​កម្ពុជា​វិញ​របស់ សុខ ធី គឺ​អាស្រ័យ​លើ​ឪ​ពុក​ម្តាយ​
17, May 2019 , 8:39 pm        
រូបភាព
ដោយ:
​កីឡាករ សុខ ធី ដែល​រង​ពិន័យ​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ក្នុង និង​ក្រៅប្រទេស​រយៈពេល​៦​ខែ ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅតែមាន​បំណង​ចង់​វិលត្រឡប់​មក​វាយ​នៅ​កម្ពុជា ក្រោយ​រួច​ផុតពី​ការពិន័យ​។ ប៉ុន្តែ​វាសនា​វិល​មកកាន់​សង្វៀន​ប្រដាល់​នៅ​កម្ពុជា​របស់គេ គឺ​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​ឪពុកម្តាយ​។ ក្នុងករណី​ឪពុកម្តាយ​មិន​ឲ្យ​វាយ​នៅ​កម្ពុជា សុខ ធី នឹង​ទៅ​វាយ​នៅ​ប្រទេស​ថៃ ក្នុងនាម​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​។ សុខ ធី អះអាងថា ការ​វាយ​នៅ​ថៃ​ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​នៅ​កម្ពុជា​។

 
​នៅ​ដំណាច់​ខែឧសភា​នេះ ដល់ពេល​វេលា​កំណត់ ដែល​កីឡាករ សុខ ធី ហៅ កា​កា ត្រូវ​រួច​ផុតពី​ការពិន័យ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែល​ពិន័យ​មិន​ឲ្យ​រូបគេ​ឡើង​សង្វៀន​ប្រកួត​ទាំង​ក្នុង​និង​ក្រៅប្រទេស​រយៈពេល​៦​ខែ​។ ទោះបី​យ៉ាងនេះ​ក្តី សុខ ធី មិនទាន់​ប្រាកដថា នឹង​មក​ប្រកប​អាជីព​នៅ​កម្ពុជា​នោះទេ​។ ប៉ុន្តែ​រូបគេ​នៅតែមាន​បំណង​ចង់​មក​វាយ​នៅ​កម្ពុជា បើសិន​ទទួលបាន​ការអនុញ្ញាត​ពី​ឪពុកម្តាយ​។ ក្នុងន័យនេះ វាសនា​វិល​ត្រឡប់មក​សង្វៀន​កម្ពុ​ជា​សាជាថ្មី​របស់គេ គឺ​ស្ថិត​លើ​ឪពុកម្តាយ​។ 
 
«​ពាក់ព័ន្ធ​រឿង​វិល​ត្រឡប់មក​ប្រកួត​លើស​ង្វៀន​កម្ពុជា ខ្ញុំ​មិនដឹង​នោះទេ ទាល់តែ​សួរ​ពុក​ម៉ែ​ខ្ញុំ​សិន​។ តែ​ខ្ញុំ​នៅតែ​ស្រលាញ់​ជាតិខ្មែរ ទោះបី​ខ្ញុំ​មិនបាន​វាយ​នៅ​កម្ពុជា ហើយ​ទៅ​វាយ​នៅ​ថៃ តែ​ខ្ញុំ​ជា​កីឡាករ​តំណាង​ឲ្យ​កម្ពុជា​»​។ សុខ ធី លើកឡើង​បែបនេះ​ពេល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌​ថ្មីៗ មុន​រូបគេ​ចេញទៅ​វាយ​ក្នុង​ព្រឹត្តិការណ៍ ONE Championship នៅ​ប្រទេស​ថៃ កាលពីពេល​ថ្មីៗ​។​


 
​កីឡាករ​មាន​ដើមកំណើត​នៅ​ខេត្តបន្ទាយមានជ័យ​រូបនេះ​អះអាងថា ការប្រកួត​លើស​ង្វៀន​ទូរទស្សន៍​របស់​ថៃ គឺ​ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​សង្វៀន​នៅ​កម្ពុ​ជាជាង​ពាក់កណ្តាល​។ ពេល​ឡើង​ប្រកួត​ម្តងៗ សុខ ធី ទទួលបាន​តម្លៃ​ខ្លួន​ពី​៥​ទៅ​៦​ម៉ឺន​បាត​(​ជាង​មួយ​ពាន់​ដុល្លារ​) និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​ទៀត​។ បញ្ហា​នេះ អាចជា​កត្តា​ធ្វើ​ឲ្យ​រូបគេ​មានចិត្ត​រារែក ក្នុង​ការវិល​ត្រឡប់មក​ប្រកប​អាជីព​លើស​ង្វៀន​នៅ​កម្ពុជា​សាជាថ្មី​។​
 
«​វាយ​នៅ​ថៃ​យើង​បាន​លុយ​ច្រើនជាង ពេល​ឡើង​វាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​ម្តងៗ​យើង​បាន​៥​ទៅ​៦​ម៉ឺន​បាត ហើយ​មាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​។ ខ្ញុំ​វាយ​នៅ​កម្ពុជា​កន្លងមក គឺ​ដោយសារ​គ្រូ​គាត់​ឲ្យ​នៅ​វាយ ខ្ញុំ​ក៏​នៅ​វាយ​ទៅ ព្រោះ​មិន​ចង់វាយ​នៅ​ថៃ​។ ទោះបី​វាយ​នៅ​កម្ពុជា​ទទួលបាន​តម្លៃ​ខ្លួន​តិចជាង​នៅ​ថៃ តែ​ពេល​ណោះ​ខ្ញុំ​មិន​សោកស្តាយ​នោះទេ​»​។ នេះ​ជាការ​បង្ហាញ​អារម្មណ៍​របស់ សុខ ធី ពេល​ប្រកួត​នៅ​កម្ពុជា​មួយរយៈ​កន្លងមក​។​
 
​កីឡាករ សុខ ធី ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ពិន័យ​ប​មិន​ឲ្យ​ឡើង​សង្វៀន​ប្រកួត​ក្នុង​និង​ក្រៅប្រទេស​រយៈពេល​៦ ពាក់ព័ន្ធ​រឿង​មិន​ទទួលស្គាល់​លទ្ធផល ដែល​ចៅក្រម​កាត់ក្តី​ឲ្យ​រូបគេ​ចាញ់​កីឡាករ​ថៃ ធ្នូ សឹក​ឡេ​ក ដោយ​ពិន្ទុ​នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែក្រវាត់ ISI Palm របស់​ស្ថានីយទូរទស្សន៍ CNC កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨​។ ចំណែក​លោក សាន សៅ​យ៉ាន់ ដែលជា​គ្រូបង្វឹក​របស់គេ ក៏​ត្រូវបាន​សហព័ន្ធ​ផ្អាក​ការងារ​ពី​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម រយៈពេល​៦​ខែ​ផងដែរ​។ 
 
​ភ្លាមៗ​នោះ ទាំង​កីឡាករ សុខ ធី និង​លោក សាន សៅ​យ៉ាន់ បានប្រកាស​ឈប់​ប្រកួត និង​ធ្វើជា​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល ចៅក្រម​នៅ​កម្ពុជា​។ ទោះបី សុខ ធី ស្ថិតក្នុង​ការពិន័យរ​បស់​សហព័ន្ធ​ក៏ដោយ គេ​សង្កេតឃើញ​កីឡាករ​រូបនេះ​បាន​ឡើង​សង្វៀន​ប្រកួត​ជាច្រើនលើក​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ គេ​ពុំ​ឃើញ​សហព័ន្ធ​ចាត់​វិធាន​លើ​កីឡាករ​រូបនេះ​ឡើយ​៕     

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  សុខ ធី
© រក្សាសិទ្ធិដោយ thmeythmey.com