ជាតិ
បទសម្ភាសន៍
តស៊ូ​ទាំង​ត្រដាបត្រដួស​ជិត​៣០​ឆ្នាំ​តែ​លោក អៀម ថៃ មិនតូច​ចិត្តនឹង​ជីវិត​ឡើយ​
18, May 2019 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ ខំតស៊ូ​ប្រកបមុខរបរ​ខ្លួនឯង​ផង ធ្វើការ​ឱ្យគេ​ផង ធ្វើអំពើរ​ល្អ​ផង ស្រា​ល្បែង និង​គ្រឿងញៀន​ក៏​មិន​ប្រ​ព្រិ​ត្ត តែ​ជីវិត​របស់លោក អៀម ថៃ នៅតែ​ឆ្លង​មិន​ផុតពី​ក្ដី​វេទនា អស់​រយៈពេល​ជិត​៣០​ឆ្នាំ​មកហើយ​។ ទោះជា​ត្រដាបត្រដួស​យ៉ាងណាក្ដី តែ​លោក ថៃ មិនតូច​ចិត្តនឹង​ក្បូនជីវិត​នេះ​ឡើង​។​



​ដើម្បី​ដឹង​ពី​ដំណើរ​ជីវិត​របស់លោក អៀម ថៃ ហើយ​ថា​ហេតុអ្វី​បានជា​លោក​មិនតូច​ចិត្តនឹង​ជីវិត​ដ៏​លំបាក​នេះ សូម​ស្ដាប់​ជីវ​ព័ត៌មាន​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ម៉ោង​ប្រមាណ​ជិត​៨​យប់ ភាពស្រស់ស្អាត​របស់​ប​ន្លែ​ផ្កា​ខាត់ណា ដែល​ដោត​យ៉ាង​មាន​របៀប ពេញ​ចម្រឹង​ដែក​ទាំងសងខាង រែក​ដោយ​ដងរែក​ឫស្សី បាន​លំអរ​បុរស​កំសត់​ក្នុង​សម្លៀកបំពាក់​ទទឹកជោក នាំ​ចិត្ត​អ្នកដំណើរ​ទាំង​ជិះ​កង់​ម៉ូតូ​ឡាន ផ្ដោតអារម្មណ៍​លើ​។​
 
​អង្គុយ​សម្រាក​ក្នុង​សភាព​ហេវ​ហត់​អស់កម្លាំង ក្រោម​ដើមឈើ​ក្បែរ​ភ្លើងស្ដុប​តូច​មួយ តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ ជិត​បណ្ណាគារ​អន្តរជាតិ IBC នោះ​គឺ​លោក អៀម ថៃ​។ 
 
​ទ្រទ្រង់​ជីវភាព​ដោយ​ការលក់​បន្លែ​ផ្កា​ខាត់ណា លោក អៀម ថៃ ត្រូវ​រែក​ផ្កា​នេះ​ដើរ​លក់ ចម្ងាយ​ផ្លូវ​ប្រមាណ​២៥​គីឡូម៉ែត្រ​ជា​រៀងរាល់ថ្ងៃ​។ ព្រោះ​ដើរ​ច្រើនពេក ធ្វើឱ្យ​អ្នក​ប្រកប​របរ​ប្រើ​កម្លាំង​ខ្លាំង​រូបនេះ​ឈឺសន្លាក់​ជើង​ខ្លះ​ដែរ ដូច្នេះហើយ​លោក​ត្រូវ​ទទួលទាន​អាហារ​ណា​ដែលមាន​ត្រី​តូចៗ តាម​ការណែនាំ​រប​ស់បុ​រស​ម្នាក់​។ លោក​បញ្ជាក់​ទាំង​ទឹក​មុន​ស្រពោន​៖«​ពី​ផ្សា​របឹង​កេងកង​ទៅ​ផ្សារ​អូឡាំពិក ជួនកាល​ទៅ​ទួល​ទំពូង ជួន​ទៅ​ផ្សារ​ថ្មី គិត​ទៅមួយថ្ងៃ​ខ្ញុំ​ដើរ​ប្រហែល​២៥​គីឡូម៉ែត្រ​។ ជង្គង់​របស់ខ្ញុំ​ហ្នឹង​ឱន​ងើបៗ​លាន់​ប្រិបៗ  ហើយ​ខ្ញុំ​មិន​ហ៊ាន​ហូប​ចំណី​អ្វីដែល​ខុសពី​គេ​ប្រាប់​ទេ​។ គេ​ឱ្យ​ទំពារ​ឆ្អឹង​ត្រី​តូចៗ​ឱ្យ​ហ្មត់ បាន​ជំនួយ​ឆ្អឹង​។ គាត់​ហ្នឹង​ជា​ពេទ្យ គាត់​ទៅ​ហាត់ប្រាណ គាត់​ទិញ​ខ្ញុំ​ហើយ គាត់​ប្រាប់​ថាឱ្យ​ហូប​តែ​ត្រី​តូចៗ ហើយនឹង​ស្ងោរ​ស៊ុប​ខ្មង​គោ​»​។​


 
​ត្រូវ​ដើរ​លក់​ជ្រៀត​ជ្រក​តាមផ្លូវ​តូចធំ​ក្នុង​ក្រុងភ្នំពេញ​ឱ្យតែ​លក់ដាច់ ពេលខ្លះ​បុរស​កម្សត់​ដែល​ទទួលបន្ទុក​ចិញ្ចឹម​ម្ដាយ​ចាស់ ប្រពន្ធ និង​កូនតូច​ផង​នោះ បាន​ក្ដី​អាណិត​ពី​សប្បុរសជន​ជួយ​ទិញ​បន្លែ​យក​ទាំងអស់​ដែរ​។ លោក​និយាយ​ទាំង​សប្បាយចិត្ត ៖«​ជួនកាល​គេ​ឃើញ​ច្រើន គេ​ជួយ​ទិញ​ទាំងអស់​ដែរ ហើយ​មួយថ្ងៃ​ហ្នឹង​បាន​ចំណេញ​១២​ម៉ឺន​។ បែប​ហ្នឹង​២​ឆ្នាំ​ឬ​៣​ឆ្នាំ​ទើប​មាន​ម្ដង​»​។​
 
​ខំ​លក់​ភេសជ្ជៈ​នៅផ្ទះ​បាន​ប្រាក់ចំណេញ​តិចតួច ប្រពន្ធ​របស់លោក ថៃ ក៏បាន​ជួយ​រំលែក​បន្ទុក​នេះ​ខ្លះ​ដែរ​។ មួយ​អំ​រែក​ទម្ងន់​៤០​គីឡូក្រាម​លោក ថៃ ត្រូវ​រែក​លក់​រយៈពេល​៣​ថ្ងៃ​ទើប​អស់ ដោយ​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ​១០​ម៉ឺន​រៀល ៖«​ប្រពន្ធ​របស់ខ្ញុំ​លក់​ភេសជ្ជៈ​នៅផ្ទះ​ជួល មួយ​កែវ​៥០០​ទៅ​១,០០០ មួយថ្ងៃ​ចំណេញ​បាន​៥,០០០​ទៅ​៧,០០០​រៀល​អីហ្នឹង​។ មួយ​អំ​រែក​នេះ​បើ​អស់​ចំណេញ​បាន​១០​ម៉ឺន តែ​លក់​៣​ថ្ងៃ​ឯណោះ​។ ថ្ងៃនេះ​លក់​តាំងពីព្រឹក​ទើប​ដាច់​ម្ខាង​៣​គីឡូក្រាម​»​។  
 
​ត្រូវ​រែក​ធ្ងន់ លក់​យូរថ្ងៃ​ទើប​អស់ បុរស​សម្បុរ​ខ្មៅ​ស្រអាប់​រូបនេះ ធ្លាប់​ដាក់​បន្លែ​តែ​គ្រប់​លក់​មួយថ្ងៃ​ដែរ តែ​មិនមាន​អ្នកទិញ​ឡើយ​។ និយាយ​ស្រពពេល​ដៃ​ក្ដិច​ស្លឹក​បន្លែ ខណៈពេល​អ្នកដំណើរ​ទាំ​ង​ឡាយ​ផ្ដោតអារម្មណ៍​លើ​លោក​៖«​ខ្ញុំ​ធ្លាប់​យកមក​លក់​គ្រប់​តែមួយ​ថ្ងៃ​ដែរ តែ​គេ​មិន​ទិញ​។ បើ​ខ្ញុំ​លក់​ជិត​អស់​នៅសល់តែ​បន្តិច ខ្ញុំ​រែក​ពី​អូរឫស្សី​ដល់​បឹង​កេងកង​វិញ​មិន​ដាច់​ទេ គេ​ឃើញ​ពេញ​បែបនេះ​បាន​គេ​ទិញ​។ ថ្ងៃមុន​ខ្ញុំ​បណ្ដើរ​កង់ ក៏​គេ​មិន​ទិញ គេ​ឱ្យ​ខ្ញុំ​សាច់​កម្ម ទាល់តែ​វេទនា​ខ្លួន​»​។​
 
​អង្គុយ​ចាក់ទឹក​ចេញពី​ដប​ទឹក​សុទ្ធ​ស្រោច​លើ​ក្បាល នា​ម៉ោង​ប្រមាណ​៨​យប់​ដែលជា​វេលា​គ្មាន​ព្រះអាទិត្យ​តែ​លោក ថៃ នៅតែ​ក្ដៅ ជាពិសេស​គឺ​ក្ដៅ​ក្បាល ហើយ​លោក​តែងតែ​ធ្វើបែបនេះ ៖ ថ្ងៃមិញ​ខ្ញុំ​ក្ដៅ​ក្បាល​ណាស់​ចង់​ដង្ហក់ ទាល់តែ​អ៊ីចឹង​បាន​គេ​ទិញ​។ ទេពតា​ព្រះរាជទាន​ឱ្យ​ខ្ញុំ​រងកម្ម គ្រាន់តែ​ខ្ញុំ​បណ្ដើរ​កង់​ក៏​មិន​ជួយ​ទិញ គ្រាន់តែ​ខ្ញុំ​លក់​រៀង​ស្បើយ​បន្តិច​ក៏​មិន​ជួយ​ទិញ នៅ​រៀង​ស្រាល​ក៏​គេ​មិន​ជួយ​ទិញ​»​។​
 
​ប្រាប់​អ្នកទិញ​ពី​តម្លៃ​របស់​បន្លែ ក្នុង​សម្លៀកបំពាក់​អាវ​រហែក​លាយឡំ​ដោយ​អាចម៍​សង្កើច​យ៉ាង​ក្រាស់ ខោ​ជាប់​ដី​ក្នុង​សភាព​មិនសូវ​គាប់​ភ្នែក ហើយ​ផ្កា​ខាត់ណា​ក៏​ជាំ​ដោយ​អន្លើ​និង​មាន​ដង្កូវ​ខ្លះ​ផង តែ​ភ្ញៀវ​ព្រម​ទិញ​តាម​តម្លៃ​កំណត់ ដោយ​មិន​ត​មួយ​ម៉ាត់​។ លោក​បញ្ជាក់​ស្របពេល​លក់​បន្លែ​ឱ្យ​ភ្ញៀវ​៖«​គេ​មិនដែល​ត​ថ្ងៃ​ទេ​។ សល់​ប្រាក់​អាប់​ឱ្យ​វិញ​ក៏​មិន​យក ឱ្យ​បន្លែ​ថែម​ក៏​មិន​យក​ដែរ​»​។​
 
​ថ្វី​ដ្បិត​មើលរូប​រាង​និង​ជីវិត​អ្នកលក់​បន្ថែ​រូបនេះ ហាក់​រខេករខាក​យ៉ាងណាក្ដី តែ​លោក​មិនដែល​ឮ​គេ​ស្ដី​មើលងាយ​លោក​ឡើយ តែ​បែរ​ជាមាន​អ្នក​សរសើរ​ទៅវិញ ៖«​ដូចជា​៧០​ភារ​យ​គេ​សរសើរ​។ អ្នកខ្លះ​ចុះ​ពីលើ​ឡាន​មកឱ្យ​ប្រាក់​៥​ដុល្លារ​ដល់​ខ្ញុំ​។ គាត់​ថា​គាត់​ក៏​ធ្លាប់​ក្រ​ដែរ គាត់​ប្រាប់ថា​មិនឱ្យ​ខ្ញុំ​ឈប់​លក់​ទេ ហ្នឹង​ចិត្ត​គាត់​ថា​កុំឱ្យ​ខ្ញុំ​សុំ​គេ កុំឱ្យ​ខ្ញុំ​លួច​គេ​»​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ឧស្សាហ៍​ទទួលបាន​អាហារ​ពី​សប្បុរសជន​ដែរ ៖«​ជួនកាល​ខ្ញុំ​រៀប​ហូប​ចំណី​ហើយ បងប្អូន​យើង​គាត់​ទៅ​ទិញយក​មកឱ្យ​ខ្ញុំ​ភ្លាម​។ ជួនកាល​មិនបាន​ហូប​របស់​ខ្លួនឯង​ផង​។ តែ​ព្រឹក​មិញ​ខ្ញុំ​ហូប​របស់​ខ្លួនឯង​។ ខ្ញុំ​និយាយ​បែបនេះ​មិនមែន​ខ្ញុំ​ចង់បាន​ទៀត​ទេ​ណា តម្រូវការ​របស់ខ្ញុំ​តែ​ត្រី​តូចៗ​ទេ​»​។ 
 
​ទោះបី​មាន​អ្នក​អាណិត​សណ្ដោស​ប្រណី​លោក​យ៉ាងណាក្ដី តែ​ក៏មាន​ថ្ងៃ​ដែល​លោក​លក់​មិន​ដាច់ រហូត​ខូច​បន្លែ​ខាត​ដែរ ៖«​ខ្ញុំ​លក់​ធ្លាប់​ខាត បានតែ​១០​ម៉ឺន ឬ​១២​ម៉ឺន​រួចខ្លួន​វិញ​។ នៅសល់​ឱ្យ​ប្រពន្ធ​ជ្រក់​លក់​ឱ្យ​អ្នក​រោងចក្រ​មួយថង់​ប្រាំ​រយ ហើយ​ខ្លះ​ខូច​បោះចោល​ទៅ​»​។​
 
​ថា​លក់​បន្លែ​តែមួយ​មុខ​ពិបាក​រក​ចំណូល​ធ្វើឱ្យ​ជីវភាព​ធូ​ធារ លោក​ខំ​ទៅធ្វើ​សំណង់​នៅពេល​ព្រឹក ហើយ​ថ្ងៃ​ឡើង​ដើរ​លក់​បន្លែ​ទៀត នៅតែ​មិន​អាចជួយ​បាន​។ ប្ដូរ​មុខរបរ​ច្រើនលើក ក្រែង​បាន​កាក់កប​នឹង​គេ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ ៖«​លក់​យូរ​ទៅ​អស់​ដើម​អស់​ចុង ក៏​ទៅធ្វើ​សំណង់​វិញ​បាន​ប្រាក់​ប្រហែល​៣០​ម៉ឺន ចង់​មក​លក់​វិញ​ក្រែង​បាន​ប្រសើរ​ជាង​។ ជីវភាព​ខ្សត់​ខ្ញុំ​ចេះតែ​ចង់​ដូរ​មុខរបរ​»​។ 
 
​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀត​ទៅធ្វើ​ការឱ្យ​គេ ក៏​លោក​នៅតែ​មិនអាច​ទ្រាំទ្រ​បាន ៖«​ខ្ញុំ​ធ្វើ​សន្តិសុខ​បាន​ពីរដង​ហើយ តែ​ខ្ញុំ​ទ្រាំ​អត់ធ្មត់​នឹង​គេ​ប្រើ​មិនបាន គ្រាន់តែ​ងក់​បន្តិច​ក៏​មិនបាន សូម្បី​ធ្វើ​សំណង់​លាយ​ស៊ីម៉ង់​ឱ្យគេ​យឺត​ក៏​មិនបាន ដូច្នេះ​ខ្ញុំ​ចេះតែ​ទ្រាំ​មិនបាន ចេះតែ​ចង់​ដូរ​មុខរបរ​»​។​
 
​រំឭក​ពី​ជីវភាព​កាលសម័យ​រដ្ឋ​កម្ពុ​ជាមុន​ធ្លាក់ខ្លួន​ដូច​សព្វថ្ងៃ កម្មករសំណង់​រូបនេះ ថា​ខ្លួន​ធ្លាប់ជា​ទាហាន​រត់ចោលជួរ ព្រោះ​គោរព​កាតព្វកិច្ច​មិនបាន ៖«​ខ្ញុំបម្រើ​ទ័ព​មិនបាន​ចប់​ចុង​ចប់​ដើម គេ​ហៅថា​ទាហាន​រត់ចោលជួរ ហើយ​ខ្ញុំ​មិន​ហ៊ាន​ចូល​ស្រុក​ដី​ហ្នឹង​ក៏​គេ​ដកយក​វិញ​ទៅ​។ ខ្ញុំ​មិន​ខឹង​គេ​ទេ ព្រោះ​ខ្ញុំ​គោរព​កាតព្វកិច្ច​ហ្នឹង​មិនបាន គេ​មិន​ចាប់​យើង​ហ្នឹង​ល្អ​ពេក​ហើយ​។ បានតែ​សេចក្ដីសុខ​ប៉ុណ្ណឹង​ខ្ញុំ​យក​ពេក​ហើយ​មិនតូច​ចិត្ត​ទេ​»​។​
 
​ក្រោយមក​លោក​រកស៊ី​លក់​អូស​ដឹក​តាម​រត់​ភ្លើង​លក់​ចុះឡើង​ខេត្តបាត់ដំបង​និង​ភ្នំពេញ ទម្រាំ​មានលទ្ធភាព​ខ្លះ​ជួល​ផ្ទះ ៖«​ខ្ញុំ​លក់​ឧស​លើ​ទូ​រទេះភ្លើង​ប្រហែល​១០​ឆ្នាំ​។ ដឹង​ទៅ​លក់​បាត់ដំបង​និង​ភ្នំពេញ​ចុះឡើងៗ​ហ្នឹង​។ កូន​ឈឺពោះ​លើ​រទេះភ្លើង​១ ទៅ​កើត​នៅ​បាត់ដំបង​ឯណោះ​។ ដល់​តែ​ឆ្នាំ​៩០​ជាង​ទើប​បានមក​ជួល​ផ្ទះ​គេ​»​។​
 
​ដាក់ចុះ​តែ​មិន​ដុះ​ឡើង បែរជា​កាន់តែ​ដុនដាប តែ​លោក អៀម ថៃ មិនបាន​តូចចិត្ត​នឹង​ជីវិត​នេះឡើយ ៖«​ខ្ញុំ​មិនតូច​ចិត្តនឹង​ជីវិត​ខ្ញុំ​ទេ​។ ហើយ​ខ្ញុំ​ប៉ុណ្ណឹង​ចាំបាច់​ទៅ​ត្អូញ​អី ខ្ញុំ​ឃើញ​អ្នកដើរ​រើស​សំរាម​គេ​ពិបាក​ជាង​ខ្ញុំ​ទៀត អន់​ជាង​ខ្ញុំ​ទៀត​។ ខ្ញុំ​ថា​ខ្លួនឯង​លក់​ប៉ុណ្ណឹង​គ្រាន់​ចិញ្ចឹមជីវិត​បាន​ទាំង​ត្រដរ​ក៏ដោយ ចុះ​មើលគ្នា​វែក​សំរាម​រើស​អាហារ​មក​ហូប​ម្ដេច​គ្នា​មិន​ថា​អី​»​។​
 
​ខំ​រក​ណាស់ដែរ តែ​មិន​កប បុរស​ដែល​តែងមាន​ក្ដីសង្ឃឹម​ក្នុង​ជីវិត​រូបនេះ យល់ថា​នេះ​ជា​ផល​អកុសល​ដែល​លោក​បានធ្វើ​ពី​ជាតិ​មុន ៖«​ខ្ញុំ​ពេញ​ចិត្តនឹង​ជីវិត​របស់ខ្ញុំ​។ នេះ​ជា​ទំនាយ​តាំងពី​ជាតិ​មុន ដែល​ខ្ញុំ​សាង​មក​មិនល្អ​ហើយ បានជា​រហូតមកដល់​នេះ​៣០​ឆ្នាំ​ហើយ​នៅតែ​ដដែល​។ ហើយ​បើ​ខ្ញុំ​ខុសឆ្គង​បន្តិច​ប​ន្ទួ​ច ត្រឹម​ពីរ​ឬ​៣​ឆ្នាំ​ខ្ញុំ​ខំ​រក​ណាស់ដែរ សមតែ​មាន​ហើយ​តែ​នៅ​ដដែល​»​។​
 
​ទោះបីជា​មនុស្ស​ក្នុងសម័យ​បច្ចេកវិទ្យា​នេះ មិនសូវ​ជឿ​លើ​បុណ្យ​បាប​ពី​ជាតិ​មុន​ក្ដី តែ​លោក ថៃ​បាន​ពិចារណា​អស់​ជាង​២០​ឆ្នាំ​មកហើយ ក៏បាន​ព្យាយាម​ពុះពារ​ព្យុះភ្លៀង​គ្រប់បែបយ៉ាង​ហើយ ដែរ​នៅតែ​មិន​លូត​។ លោក​អះអាង​ទាំង​ភ្នែក​សំឡឹង​ទៅ​ឡាន​ទំនើបៗ​លើ​ដងផ្លូវ​រង់ចាំ​ភ្លើង​ខៀវ​នៅក្បែរនោះ ៖«​ខ្ញុំ​ខំ​ធ្វើ​សំណង់​ផង មក​លក់​ផង ប្រាប់​កូនចៅ​ឱ្យ​ខំ​រក​ទាំងយប់​ទាំង​ថ្ងៃ ម្ដេច​បាន​ក្រុមគ្រួសារ​ខ្ញុំ​ទាំងអស់​មិនមាន​អ្នកណា​មាន​ម្នាក់​សោះ​អ៊ីចឹង​? យើង​មិនមាន​អ្នកចេះ​ជក់​គ្រឿង​ង​ញៀន​ទៀត​ណា ម្ដេច​បាន​អ៊ីចឹង​? អ្នកខ្លះ​គេ​មិន​ប្រឹង​ផង កើតមករ​កមាន​ស្រួលៗ​ម្ល៉េះ​?
 
​សូម្បីតែ​ស្រា​ល្បែង​បារី​និង​គ្រឿងញៀន​ក៏​លោក​មិន​ប្រព្រឹត្ត​ដែរ ព្រោះ​លោក​គិតថា​នេះ​ជា​អំពើ​ឆោតល្ងង់ ៖​ស្រា បារី កាហ្វេ ខ្ញុំ​មិន​ប្រព្រឹត្ត​ទេ​។ កាលពី​នៅ​កំលោះ​ឆ្នាំ​៧៩ មក​ឆ្នាំ​៨២​ខ្ញុំ​ប្រព្រឹត្ត​។
តែ​ដល់​ឆ្នាំ​៨២​ហ្នឹង​ខ្ញុំ​ឃើញ​គេ​ហូប​ស្រា រករឿង​ប្រពន្ធ​កូន ខាត​ទាំង​សុខភាព​ខាត​ទាំង​ប្រាក់ ខ្ញុំ​ផ្ដាច់​បាន​ទាំងអស់​។ ខ្ញុំ​គិតថា​មនុស្ស​យើង​មិនគួរណា​ល្ងង់​ទៅ​ជក់បារី ផឹកស្រា ផឹក​កាហ្វេ​ធ្វើ​អ្វី​ទៅ​។ របស់​ទាំងនេះ​សុទ្ធតែជា​គ្រឿងញៀន​តើ​៕ 
 
 
 

Tag:
 ជាតិ​
  អៀម ថៃ
  ជីវិត​តស៊ូ​
  បន្លែ​
© រក្សាសិទ្ធិដោយ thmeythmey.com