កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈរ​លេខ​២ ខណៈ Real លេខ​១ ក្នុងនាម​ក្លិប​បាល់ទាត់​មាន Brand ថ្លៃ​ជាងគេ​លើ​លោក​
17, May 2019 , 8:59 pm        
រូបភាព
Manchester United ជា​ក្លិប​បាល់ទាត់​មាន​ម៉ាក​យីហោ (Brand) ថ្លៃ​ជាងគេ​លំដាប់​ទី​ពីរ ខណៈ Real Madrid ឈរ​លំដាប់ថ្នាក់​ទី​១​ក្នុងចំណោម​ក្លិប​ថ្លៃ​ជាងគេ​ទាំង​១០​លើ​លោក​។


 
​យោងតាម​របាយការណ៍​របស់ Brand Finance ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ដែលមាន​រហស្សនាម​ស្តេច​ស​បច្ចុប្បន្ន​មានតម្លៃ​ម៉ាក​យីហោ ១,៤៤ ពាន់​លាន​ផោន (១,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក​) ដែល​កើន ២៦,៩​ភាគរយ​គិត​ចាប់ពី​ឆ្នាំ ២០១៨​។ ការកើនឡើង​តម្លៃ​ដ៏​សន្ធឹក​នេះ ដ្បិត​ពួកគេ​បាន​គ្រង​ជើងឯក​ពាន Champions League ដល់​ទៅ​៣​រដូវ​កាល​ជាប់​គ្នា​។​
 
​ត្រឹម​រយៈពេល ១២ ខែ​ចុងក្រោយ​ដូចគ្នា ក្រុម​បិសាច​ក្រហម​បាន​ធ្លាក់​ថ្ងៃ​ចំនួន ៥,៨​ភាគរយ ពោលគឺ​នៅសល់​ត្រឹម​តម្លៃ ១,២៩ ពាន់​លាន​ផោន (១,៦៥​ពាន់​លាន​ដុល្លារ​)​។ ការធ្លាក់​តម្លៃ​នេះ​ស្រប​ពេលដែល Man Utd ធ្លាក់​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចាប់តាំងពី​ការចាកចេញ​របស់លោក Sir Alex Ferguson​។​


 
​ដោយឡែក FC Barcelona បើ​ទោះ​ពួកគេ​ជា​ក្រុម​ដែល​បង្ហាញ​ភាពលេច​ធ្លោ​ក្តី​ប៉ុន្តែ​ស្ថិតនៅ​លេខ​រៀង​ទី​៣​ប៉ុណ្ណោះ ដោយមាន​តម្លៃ ១,២២ ពាន់​លាន​ផោន (១,៥៦​ពាន់​លាន​ដុល្លារ​) ដោយ​កើន ១១,៨​ភាគរយ​។ Bayern Munich នៅ​លេខ​រៀង​ទី​៤ តម្លៃ ១,១៥​ពាន់​លាន​ផោន (១,៤៧​ពាន់​លាន​ដុល្លារ​) ហើយ Manchester City ស្ថិតក្នុង​ចំណោម Top5 ដែលមាន​តម្លៃ ១,១០ ពាន់​លាន​ផោន (១,៤១​ពាន់​លាន​ដុល្លារ​)​។ Paris Saint-Germain ឈរ​ចំណាត់ថ្នាក់​ទី​៨ មានតម្លៃ (១,០២១​ពាន់​លាន​ដុល្លារ​)​។​
 
​ក្នុងចំណោម​ក្លិប​ទាំង​១០​ដែលមាន​ម៉ាក​យីហោ​ថ្លៃ មាន​៦​ក្លិប​ឯណោះ​ដែល​ស្ថិតក្នុង​លី​គ​កំពូល​អង់គ្លេស Premier League ក្នុងនោះ​រួមមាន Manchester City, Liverpool, Cheslsea, Arsenal, Tottenham Hotspur និង Man Utd​។​
 
Liverpool នៅ​ចំណាត់ថ្នាក់​ទី​៦ (១,៣៣​ពាន់​លាន​ដុល្លារ​) តាម​ពីក្រោយ​ដោយ Cheslsea (១,០៨១ ពាន់​លាន​ដុល្លារ​) Arsenal (៩៨៧​លាន​ដុល្លារ​) និង Spurs (៨៤៦​លាន​ដុល្លារ​)​។​
Brand Finance ជា​ក្រុមហ៊ុន​ប្រឹក្សា​វាយតម្លៃ​ម៉ាក​យីហោ​ឯករាជ្យ​ឈានមុខ​គេ​លើ​លោក​ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​អង់គ្លេស​៕
 

Tag:
 បាល់ទាត់​
  Brand
  Manchester United
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com