ជាតិ
ក្រសួង​ការងារ ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ពង្រឹង​ការបណ្ដុះបណ្ដាល​វិស័យ TVET
17, May 2019 , 9:19 pm        
រូបភាព
​សៀមរាប​៖ កំណើន​ឧស្សាហកម្ម​នៅលើ​សាកលលោក បាន​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​ការងារ​កាន់តែខ្លាំង​។ បច្ចុប្បន្ននេះ នៅពេល​មានការ​ប្រកួតប្រជែង​ការងារ​កាន់តែខ្លាំង បាន​ជំរុញឱ្យមាន​ការជ្រើសរើស​អ្នកជំនាញ និង​អ្នកឯកទេស​ត្រឹមត្រូវ ក៏​កាន់តែ​ច្រើនឡើង​ដែរ​។ ក្រសួង​ការងារ និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ តាមរយៈ​វិស័យ TVET (Technical and Vocational Education and Training) បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បីឱ្យ​វិស័យនេះ​មានការ​រីកចម្រើន និង​ស្មើគ្នា​នឹង​ប្រទេស​ដទៃ​។ រដ្ឋលេខាធិការ​ក្រសួង​ការងារ លោក ពេ​ជ សោភ័ន មើលឃើញ​ពី​គុណ​តម្លៃ​ជាច្រើន​លើ​វិស័យនេះ និង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បន្ត​ជួយ​ជ្រោមជ្រែង​លើ​វិស័យនេះ​ឱ្យ​កាន់តែ​រឹងមាំ​។​

 
​បច្ចុប្បន្ន កម្ពុ​ជាមាន​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ​ចំនួន ៣៩​។ គ្រឹះស្ថាន​អប់រំ​នេះ​ដើរតួ​ក្នុងការ​អប់រំ​បណ្ដុះបណ្ដាល បច្ចេកទេស និង​វិជ្ជាជីវៈ​សាធារណៈ​ដល់​យុវជន​ឱ្យមាន​ចំណេះ​ជំនាញ​ត្រឹមត្រូវ​។​


 
​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​ន៍ក​ម្ម​វិធី​បណ្ដុះបណ្ដាល​វិញ្ញាបនបត្រ​វិជ្ជាជីវៈ និង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​វាយតម្លៃ​ផ្អែកលើ​សមត្ថភាព និង​ការផ្តល់​គុណ​វុ​ឌ្ឍ នៅ​ព្រឹក​ថ្ងៃទី​១៧ ឧសភា នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​អង្គរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ពេ​ជ សោភ័ន បាន​អរគុណ​ដល់​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​វិស័យ TVET ចាប់តាំងពី​ឆ្នាំ​១៩៩៦ ដោយ​ចាប់ផ្តើម​ពី​គម្រោង​ជំនាញ​មូលដ្ឋាន រហូតមកដល់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ដែល​កំពុង​ដំណើរ​រហូតដល់​បច្ចុប្បន្ន​។ គម្រោង​ថ្មី​ដែល​ធនាគារអភិវឌ្ឍន៍អាស៊ី​បន្ត​ការគាំទ្រ​ដែរនោះ គឺ​គម្រោង​ជំនាញ​សម្រាប់​ការប្រកួតប្រជែង ដែល​ទើប​នឹងដាក់​អនុវត្តន៍​នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​២០១៩​។​


 
​ក្រៅពី​អរគុណ​ដល់ដៃ​គូ​អភិវឌ្ឍន៍​នានា​ហើយ​នោះ លោក ពេ​ជ សោភ័ន ក៏​សូមឱ្យ​ដៃគូ​ទាំងអស់​បន្ត​គាំទ្រ​ដល់​វិស័យ TVET បន្តទៀត ព្រោះថា​វិស័យនេះ ត្រូវ​ប្រើប្រាស់​ដើមទុន​ខ្ពស់ ដើម្បី​ធ្វើការ​អប់រំ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ថ្មី​និង​ចាស់ សម្ភារ​បច្ចេកទេស​ឧបករណ៍​ថ្មីៗ សាងសង់​គ្រឹះស្ថានសិក្សា និង​រោង​ជាង​ធានា​ដល់​ការបណ្ដុះបណ្ដាល​សិក្ខាកាម​សិស្ស​និស្សិត​មាន​លក្ខណៈ​សមស្រប ប្រកបដោយ​គុណភាព ស្ដង់ដា​សមត្ថភាព ដើម្បី​បំពេញតម្រូវការ​ជំនាញ​ដែល​តែងតែ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​។ 


 
​ជាមួយគ្នានេះដែរ រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​លើ​វិស័យ TVET នេះដែរ ដោយសារ​សង្គម​មិនទាន់​យល់ច្បាស់​ពី​តម្លៃ និង​អត្ថប្រយោជន៍​នៃ​វិស័យនេះ​។ លោក ពេ​ជ សោភ័ន ថា​មនុស្ស​មួយចំនួន​យល់ថា​វិស័យនេះ ជា​ជំនាញ​សម្រាប់​ជនក្រីក្រ និង​អ្នកគ្មានការងារ រៀន​ចប់​ទទួលបាន​ការងារ​ប្រាក់ខែ​ទាប​ជាដើម​។ លោក ពេ​ជ សោភ័ន ចង់ឃើញ​សង្គម​ផ្លាស់ប្ដូរ​ទស្សនៈ​នេះ ដើម្បី​បង្កើន​ការចុះឈ្មោះ​ចូលរៀន​របស់​សិក្ខាកាម សិស្ស​និស្សិត​ឱ្យបាន​ច្រើន ជាពិសេស​ស្ដ្រី​ឱ្យ​ពួកគេ​ចាប់យក​ជំនាញ TVET ជា​ជម្រើស​ដំបូង មិនមែនជា​ជម្រើស​ចុងក្រោយ​។ ផ្ទុយទៅវិញ ជំនាញ​វិជ្ជាជីវៈ ដូចជា​ផ្នែក​គ្រឿង​អេឡិចត្រូនិក អគ្គិសនី ។​ល​។ មាន​ទីផ្សារ​ច្រើន និង​មាន​ប្រាក់ចំណូល​សមរម្យ​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់លោក ពេ​ជ សោភ័ន មុននឹង​លោក​បន្ថែមថា​៖« យើង​ត្រូវតែ​បណ្ដុះបណ្តាល​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ និង​គុណ​វុ​ឌ្ឍ​គ្រប់គ្រាន់​ទាំង​បរិមាណ និង​គុណភាព ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​និង​ភាពឆ្លើយតប​តាម​តម្រូវការ​នៃ​ឧស្សាហកម្ម​បច្ចុប្បន្ន និង​ទៅ​អនាគត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com