ដោយៈ យ៉ន សុខន
អាថ៌កំបាំងទាក់ទងទៅនឹងលំហ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មនុស្សជាតិរាប់សិបសតវត្សមកហើយ។ ដូច្នេះបានជាមនុស្សចំណាយ ពេលវេលារបស់ខ្លួនយ៉ាងច្រើនស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ ដើម្បីសិក្សាស្វែងយល់ពីទីអវកាស ក្នុងនោះមានការបង្កើតតេលេទស្សន៍ផងដែរ។
មុននឹងតេលេទស្សន៍ត្រូវបានបង្កើត ការប្រមើលមើលពីចក្រវាលគឺធ្វើឡើងតាមរយៈភ្នែកទទេ ហើយកាលនោះ មនុស្សអាចត្រឹមតែស្រមើស្រមៃ អំពីឋានសួគ៌ ដែលធ្លាប់មាននិយាយនៅក្នុងគម្ពីរសាសនា រឿងបែបទេវកថា និងនៅក្នុងរឿងព្រេងតែប៉ុណ្ណោះ។
នៅឆ្នាំ១៦០៩ លោក ហាន លីបភឺហ្ស៊ី (Han Lippershey) បានបង្កើតតេលេទស្សន៍ឲ្យគេឯងបាន ស្គាល់ដំបូងបំផុត ដើម្បីប្រើប្រាស់សម្រាប់មើលទៅលើលំហ។ ដោយសារថ្មីថ្មោង គុណភាពរបស់តេលេទស្សន៍នៅមានកំណត់ ព្រោះវាមានមេគុណពង្រីកត្រឹមតែ៣ដងប៉ុណ្ណោះនៃរូប ភាពដើមតែប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្កើតថ្មីមួយនេះបានផ្តល់វិភាគទានយ៉ាងធំធេង ទៅដល់គម្រូរបស់តេលេទស្សន៍ ដែលនឹងត្រូវបានបង្កើតឡើងនៅពេលក្រោយៗទៀត។
លុះដល់ឆ្នាំ១៦១១ អ្នកប្រាជ្ញជនជាតិអ៊ីតាលីដ៏ល្បីល្បាញមួយរូប គឺលោកហ្កាលីលេ បានបង្កើត តេលេទស្សន៍ដែលមានគុណភាពខ្ពស់។ ឧបករណ៍ថ្មីនេះ ដំបូងឡើយមានមេគុណពង្រីកស្មើនឹង ៨ដងនៃរូបភាពដើម បន្ទាប់មកទៀតកើនដល់២០ដង។
នៅពេលទើបតែបង្កើតបានមកភ្លាម តេលេទស្សន៍ដំបូងបំផុតរបស់ហ្កាលីលេ ធ្វើឱ្យលោកអាចមើលឃើញស្នាមអុចៗ(Sunspot) នៅលើ ព្រះអាទិត្យ និងភពរណបឬព្រះចន្ទមួយចំនួនរបស់ភពសៅរ៍បាន។ ដោយសារស្នាដៃដ៏ធំធេងរបស់ លោកហ្កាលីលេក្នុងការអភិវឌ្ឍតេលេទស្សន៍នេះហើយ ឧបករណ៍ប្រភេទនេះត្រូវបានគេឱ្យឈ្មោះថា តេលេទស្សន៍ហ្កាលីលេ ដោយយកឈ្មោះតាមលោក ទោះបីជាលីបភឺហ្ស៊ីជាអ្នកបង្កើតវាមុនគេ បង្អស់ក៏ដោយ។
ក្នុងការអភិវឌ្ឍតេលេទស្សន៍ហ្កាលីលេឱ្យកាន់តែទំនើបជាងមុន ក្នុងឆ្នាំ១៦១១ដដែល លោក កេព្លែ ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិអាល្លឺម៉ង់ បានបង្កើតតេលេទស្សន៍មួយប្រភេទទៀតគឺតេលេទស្សន៍ ចំណាំងបែរ។ ជាលទ្ធផល ការអភិវឌ្ឍគម្រូថ្មីនេះធ្វើឱ្យគេអាចកំណត់បាននូវព្រះចន្ទដែលភ្លឺជាងគេ របស់ភពសៅរ៍។
ព្រះចន្ទដែលភពរណបនោះត្រូវបានគេកំណត់អត្តសញ្ញាណបាន ហើយឱ្យឈ្មោះ ទីតាន (Titan)។ បន្ថែមពីនេះ លោកក៏បានបង្កើតតេលេទស្សន៍ប្រភេទមួយទៀត គឺតេលេទស្សន៍ ចំណាំងផ្លាត ដែលប្រើកញ្ចក់កោងក្នុងការបំផ្លាតពន្លឺនិងបង្កើនទំហំរូបភាពដែលមើលឃើញ។ ជាងកន្លះសតវត្សក្រោយមក គឺនៅឆ្នាំ១៦៦៨ លោកអ៊ីសាក់ ញូតុនបានទទួលជោគជ័យក្នុងការ បង្កើតតេលេទស្សន៍ចំណាំងផ្លាត ដែលមានមេគុណពង្រីកធំជាងមុនគួរឱ្យកត់សម្គាល់។
តាមរយៈ ការអភិវឌ្ឍដែលធ្វើឡើងបន្តបន្ទាប់មកទៀត តេលេទស្សន៍ចំណាំងបែរគម្រូថ្មីដែលមានទំហំធំត្រូវ បានបង្កើតឡើង នៅពាក់កណ្តាលសតវត្សទី១៩ វាមានមេគុណពង្រីកធំហើយរូបភាពកាន់តែច្បាស់។ នៅឆ្នាំ១៩១៧ តេលេទស្សន៍ហ៊ូឃឺ(Hooker)ដែលមានប្រវែង ២,៥ម៉ែត្រត្រូវបានបង្កើតឡើង ហើយត្រូវ បានគេយកមកប្រើក្នុងទីសង្កេតតារាសាស្ត្រ ដើម្បីសង្កេតតាមដានចលនារបស់អង្គធាតុនៅលំហ។
ចាប់ពីឆ្នាំ១៩៨០មក បច្ចេកវិទ្យាអុបទិចកាន់តែរីកចម្រើន ដែលនាំឱ្យគេអាចផលិតវ៉ែនតា ទំនើបដើម្បីផ្គត់ផ្គង់តម្រូវការមនុស្សជាតិ និងកំណត់រកលំញ័របាន ដោយប្រើតេលេទស្សន៍ ហើយវិស័យនេះចេះតែវិវត្តឆ្ពោះទៅ មុខរហូតមកដល់សព្វថ្ងៃនេះដែលធ្វើឱ្យលក្ខខណ្ឌនៃការការរស់នៅរបស់មនុស្សកាន់តែមានភាពល្អប្រសើរឡើង៕
ឯកសារពិគ្រោះ៖
១. Telescope history (softschool.com)
២.
Telescope timeline
៣.
The Timeline: Telescopes