ប្រទេស​ចិន​បាន​ចោទប្រកាន់​ជនជាតិ​កាណាដា​ពីរ​នាក់​ជា​ផ្លូវការ​ពីបទ​លួច​ការសម្ងាត់​របស់រ​ដ្ឋ​
អន្តរជាតិ
ប្រទេស​ចិន​បាន​ចោទប្រកាន់​ជនជាតិ​កាណាដា​ពីរ​នាក់​ជា​ផ្លូវការ​ពីបទ​លួច​ការសម្ងាត់​របស់រ​ដ្ឋ​
18, May 2019 , 8:19 am        
រូបភាព
លោក Michael Kovrig និង​លោក Michael Spavor
លោក Michael Kovrig និង​លោក Michael Spavor
ដោយ: VOA
​ប្រទេស​ចិន​បាន​និយាយថា​ពលរដ្ឋ​កាណាដា​ពីរ​នាក់​ដែល​បាន​ជាប់​ឃុំឃាំង​ចាប់តាំងពី​ចុងឆ្នាំ​ទៅ​មិញ​មក​បាន​ត្រូវ​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​លួច​ការសម្ងាត់​រដ្ឋ​ដែលជា​វិធាន​ការដែល​គេ​រំពឹងថា​នឹង​នាំឱ្យ​ភាព​តានតឹង​ខ្លាំង​ឡើងៗ​រវាង​ប្រទេស​ទាំងពីរ​នេះ​។​

 
​លោក Lu Kang អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន​បានប្រកាស​អំពី​ចាប់ខ្លួន​លោក Michael Kovrig និង​លោក Michael Spavor កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​សន្និសីទកាសែត​ជាធម្មតា​មួយ​នៅក្នុង​ក្រុង​ប៉េកាំង​។ លោក Lu បាន​និយាយថា​ការចាប់ខ្លួន​ជន​ពីរ​នាក់​នេះ​បាន​ធ្វើឡើង​តាមច្បាប់​នៃ​ប្រទេស​ចិន​។ លោក Lu បាន​ថ្លែងថា​ប្រទេស​ចិន​សង្ឃឹមថា​រដ្ឋាភិបាល​ក្រុង Ottawa «​នឹងមិន​ធ្វើ​សេចក្តីថ្លែងការណ៍​គ្មាន​ការទទួលខុសត្រូវ​» អំពី​ប្រព័ន្ធតុលាការ​នៃ​ប្រទេស​ចិន​ទេ​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចេញផ្សាយ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តីប្រកាស​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ក្រសួងការបរទេស​នៃ​ប្រទេស​កាណាដា​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង Ottawa «​ថ្កោលទោស​យ៉ាងខ្លាំង​» ដល់ «​ការចាប់ខ្លួន បុរស​ពីរ​នាក់​នេះ​តាមតែ​អំពើ​ចិត្ត​ហើយ​ទាមទារ​ឱ្យមាន​ការដោះលែង​ពួកគេ​ជាបន្ទាន់​»​។​
 
​លោក Kovrig និង​លោក Spavor បាន​ជាប់​ឃុះ​ឃាំង​ដាច់ដោយឡែក​ពីគ្នា​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំទៅ​មិញ​ដោយ​ត្រូវ​សង្ស័យថា​បាន «​ធ្វើ​សកម្មភាព​ដែលនាំឱ្យ​មាន​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន​។​» ចំណាត់ការ​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​នៅក្រោយ​អ្នកស្រី Meng Wenzhou ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​មហា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei បាន​ត្រូវ​ចាប់ខ្លួន​នៅឯ​ចំណត​យន្តហោះ​ក្រុង Vancouver តាម​ដី​កាស​.​រ​.​អា​.​ពីបទ​ចោទប្រកាន់ថា​បាន​រំលោភ​លើ​ការដាក់ទណ្ឌកម្ម​របស់​ស​.​រ​.​អា​.​លើ​ប្រទេស​អ៊ីរ៉ង់​។​
 
​អ្នកស្រី Meng ដែលជា​កូនស្រី​របស់លោក Ren Zhengfei អ្នកបង្កើត​ក្រុមហ៊ុន Huawei ឋិត​នៅក្នុង​ការឃុំ​ឃាំង​ក្នុងផ្ទះ​ដោយ​រង់ចាំ​ការបញ្ជូន​ខ្លួន​ទៅកាន់​ស​.​រ​.​អា​.​។​
 
​ប្រទេស​កាណាដា​បានប្រកែក​មិន​ព្រម​ដោះលែង​អ្នកស្រី Meng តាម​ការទាមទារ​រប​ស់​ប្រទេស​ចិន​ទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com